កម្ពុជា-វៀតណាមនឹងបើកផ្លូវហោះហើរថ្មីមួយទៀត «ភ្នំពេញ-ដាណាង» នៅចុងខែ មិថុនានេះ

1457

អន្តរជាតិ៖ ផ្លូវហោះហើរថ្មី រវាងរាជធានីភ្នំពេញ ទៅកាន់ទីក្រុង ដាណាង ប្រទេសវៀតណាម នឹងត្រូវ បើកដាក់ឲ្យដំណើរការហោះហើរនៅចុងខែមិថុនានេះ បន្ទាប់ពី រដ្ឋាភិបាលប្រទេសទាំងពីរ ទើបតែបានចុះកិច្ចព្រមព្រមព្រៀងបើកជើងហោះហើរថ្មីនេះ ដើម្បីជំរុញដល់កំណើនទេសចរ និងសេដ្ឋកិច្ចពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ក្នុងកិច្ចព្រមព្រៀងនោះ ក៏បានអនុញ្ញាតឲ្យក្រុមហ៊ុន កម្ពុជា អង្គរអ៊ែរ ជួលយន្ដហោះជាកញ្ចប់សម្រាប់ប្រតិបត្តិការហោះហើរនេះ ដែលគេហៅថា Wet Lease។

ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា បានឲ្យដឹងថា ផ្លូវហោះហើរ ភ្នំពេញ ដាណាងនេះ គឺជាទិដៅទី៣ហើយសម្រាប់ផ្លូវហោះហើររវាងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទៅកាន់ទិដៅនៃប្រទេសវៀតណាម ខណៈដែល ផ្លូវហោះហើរ ២ទៀតនោះ គឺរវាងភ្នំពេញ ហាណូយ និងភ្នំពេញ ហូជីមិញ។

ក្រៅពីនេះ សម្រាប់ផ្លូវហោះហើររវាងអាកាសយានដ្ឋានអន្តរជាតិ ខេត្តសៀមរាប ទៅកាន់ទិសដៅប្រទេសវៀតណាមវិញ ក៏មាន៣ ទិសដៅផងដែរ គឺសៀមរាប ដាណាង ,សៀមរាប ហូជីមិញ និងសៀមរាប ហាណូយ។ រីឯ ការតភ្ជាប់ផ្លូវហោះហើរ រវាងអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ និងវៀតណាម គឺមានតែ ១ ទិសដៅប៉ុណ្ណោះ គឺខេត្តព្រះសីហនុ ហូជីមិញ។

បើតាមរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បច្ចុប្បន្ន មានក្រុមហ៊ុនអាកាសចរណ៍ចំនួន ៤ហើយ បាននិងកំពុង ប្រតិបត្តិការជើងហោះហើរ រវាងប្រទេសកម្ពុជា និងវៀតណាម ដែលសរុបជើងហោះហើរ គឺមាន ១១២ ជើង ក្នុងមួយសប្ដាហ៍ (សរុបទាំងបីអាកាសយានដ្ឋានរបស់កម្ពុជា)។ នៅឆ្នាំ ២០១៨ អ្នកធ្វើដំណើរតាមផ្លូវអាកាសរវាងប្រទេសកម្ពុជា និងវៀតណាម មាន ជាង ១,៨លាននាក់។

របាយការណ៍ ត្រីមាសទី ១ ឆ្នាំនេះ របស់ក្រសួងទេសចរណ៍ បង្ហាញថា កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ១,៨ លាននាក់ កើនឡើង ជិត ១០% ក្នុងនោះទេសចរវៀតណាម មាន ២៦ ម៉ឺននាក់ កើនឡើងជាង ១% ប៉ុណ្ណោះ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨។

តាមការព្យាករណ៍របស់ក្រសួងទេសចរណ៍ នៅឆ្នាំ ២០២០ កម្ពុជានឹងអាចទទួលភ្ញៀវទេសចរអន្តរជាតិប្រមាណ ៧លាននាក់ ជាមួយនឹងចំណូលសរុបប្រមាណ ៥ពាន់លានដុល្លា និងបង្កើតការងារដោយផ្ទាល់ប្រមាណជិត ១លាននាក់។