តុលាការបន្តកាត់ទោសលោក រ៉ាត់ រ័ត្នមុនី ដែលផលិតភាពយន្តឯកសាររឿង “ម្ដាយខ្ញុំលក់ខ្ញុំ“

0
1546

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ នេះ សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការលើសំណុំរឿងលោក រ៉ាត់ រ័ត្នមុនី ផលិតកវីដេរអូ “ម្ដាយខ្ញុំលក់ខ្ញុំ“ ( My Mather sold me) ដែលកម្មវត្ថុសំខាន់នៅក្នុងសវនាការនាព្រឹកនេះ គឺតុលាការអនុវត្តតាមការស្នើសុំរបស់មេធាវីការពារអោយជនជាប់ចោទ ដែលស្នើអោយតុលាការកោះហៅដើមបណ្ដឹងរដ្ឋប្បវេណីមកឆ្លើយតទល់មុខគ្នាដើម្បីរកយុត្តិធម៌ ហើយសវនាការនាព្រឹកនេះ ធ្វើឡើងបន្តពីរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ ដែលចៅក្រមបានបើកសវនាការកាត់ទោសលោក រ៉ាត់ រ័ត្នមុនី នៅចំពោះមុខជនជាប់ចោទ ។

លោក កូយ សៅ ចៅក្រមសាលាដំបូង និងជាចៅក្រមជំនុំជំរះ និងលោក វង្ស ប៊ុនវិសុទ្ធ ជាតំណាងអយ្យការ បានផ្ដើមចោទប្រកាន់លោក រ៉ាត់រ័ត្នមុនី ពីបទញុះញង់អោយមានការរើសអើង តាមមាត្រា៤៩៦នៃក្រមព្រហ្មទ័ណ្ឌ ប្រព្រឹត្តកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ ។ ដើមបណ្ដឹងក្នុងរឿងក្ដីនេះមានឈ្មោះ កែវ ម៉ាំឡៃ, ឈ្មោះ ទេព សាលីន, ឈ្មោះ នាក់ សោភា, អាម៉ិច។ ចំណែកជនជាប់ចោទឈ្មោះ រ៉ាត់ រ័ត្នមុនី អាយុ៤៧ឆ្នាំ ត្រូវឃុំខ្លួនថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨។

នៅក្នុងសវនាការ ចៅក្រមបានលើកឡើងថា នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ មានវីដេអូរឃ្លីបមួយត្រូវបានបង្ហោះ ជាភាសារអង់គ្លេស មានខ្លឹមសារថា ក្នុងប្រទេសកម្ពជាមានអ្នកខ្លះរស់បានដោយមានប្រាក់ចំណូលតិចជាង១ដុល្លារ ជាហេតុនាំអោយអ្នកខ្លះលក់ព្រហ្មចារីកូន ដើម្បីជីវភាពរស់នៅ។ វីដេអូរនេះត្រូវបានបណ្ដាញសង្គមផ្សព្វផ្សាយតៗគ្នា ធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាថខ្លាំង ប៉ុន្តែនៅក្នុងសវនាការ ជនជាប់ចោទ បានបដិសេធមិនទទួលយកបទចោទប្រកាន់នេះទេ ដោយសារអាខោនហ្វេសបុកដែលបង្ហោះមិនមែនជារបស់ខ្លួន ហើយខ្លួនមានតួនាទីជាអ្នកបកប្រែភាសាប៉ុណ្ណោះ ។ ចំពោះកាតថត ឬសម្ភាសន៏ គឺក្រុមអ្នកាសែតរុស្ស៊ី ជាអ្នករៀបចំ។
ផ្ទុយពីចម្លើយបដិសេធនេះ ចម្លើយជនជាប់ចោទបានសារភាពនៅចំពោះមុខចៅក្រមសើបសួរបានថា ខ្លួនជាអ្នករៀបចំជ្រើដរើសតួសំដែង និងរៀបចំការថតទាំងអស់នៅក្នងសាច់រឿង។

ចំណែកដើមបណ្ដឹងវិញបានឆ្លើយថា ឈ្មោះ រ៉ាត់ រ័ត្នមុនី ជាអ្នកលួងលោមម្ដាយ និងខ្លួនអោយសំដែងជាខ្សែវីដេអូរ ដើម្បីផ្សាយ ដោយពួកគេ នឹងទទួលបានការជួយឧបត្ថមពីបរទេសដើម្បីបើកហាង ឬបានដីនៅបឹងកក់វិញ។

រឿងក្ដីនេះ នៅមិនទាន់បញ្ចប់ទេ ដោយសារមេធាវីជនជាប់ចោទបានទាមទារអោយតុលាការកោះហៅដើមបណ្ដឹងមកតទល់ ដូច្នេះចៅក្រមសម្រេចពន្យាពេលសវនាការទៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩នេះ ដើម្បីកោះហៅដើមបណ្ដឹងមកបំភ្លឺផ្ទាល់ ។

អ្នកស្រី ឡុង គីមហ៊ាង ដែលត្រូវជាភរិយាលោក រ៉ាត់ រ័ត្នមុនី បានប្រាប់អ្នកសារព័ត៌មានថា ស្វាមីរបស់អ្នស្រី ដែលជាប្រធានសហជីពកម្មករសំណង់ និងភ្នាក់ងារសារពតិមានរុស្ស៊ីធូដេ (RT) ត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួននៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ ហើយបញ្ជូនមកឲ្យសមត្ថកិច្ចកម្ពុជាវិញតាមការស្នើសុំ ។ អ្នកស្រី ឡុង គឹមហ៊ាង បានអះអាងថា ការចាប់ខ្លួនស្វាមីគាត់នេះពាក់ព័ន្ធការផលិតវីឌីអូឯកសារមួយមានចំណងជើងថា “ម្តាយខ្ញុំលក់ខ្ញុំ” របស់សារព័ត៌មានរុស្ស៊ីធូដេ (RT)។
កាលពីរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ កន្លងទៅ សមត្ថកិច្ចក្រសួងមហាផ្ទៃបានបញ្ជូនប្រធានសហជីពកម្មករសំណង់ ដែលមានមូលដ្ឋាននៅប្រទេសថៃ លោក រ៉ាត់ រ័ត្នមុនីទៅតុលាការ ដើម្បីសាកសួរ និងសម្រេចតាមច្បាប់ ។ ក្រោយសាកសួរ តុលាការបានសម្រេចឃុំខ្លួនលោក រ៉ាត់ រ័ត្នមុនី ។ ២សប្ដាហ៍ក្រោយមក ជនជាប់ចោទ រ៉ាត់ រ័ត្នមុនី បានដាក់ពាក្យសុំនៅក្រៅឃុំ ប៉ុន្តែតុលាការបានបដិសេធ ទើបជនជាប់ចោទបានបន្តប្ដឹងទៅសាលាឧទ្ធរណ៍ ហើយនៅព្រឹកថ្ងៃទី៣០ ខែមករា សភាសើបសួរបានយកសំណើរនេះមកពិភាក្សា។

សូមបញ្ជាក់ថា វីឌីអូ “ម្តាយខ្ញុំលក់ខ្ញុំ” និយាយពីស្ត្រីខ្មែរលក់កូនស្រីខ្លួនឯងដោយសារតែជីវភាពខ្វះខាត និង រៀបរាប់ពីស្ថានភាពនៃការប្រកបអាជីវកម្មផ្លូវភេទនៅកម្ពុជាបានធ្វើឲ្យរាជរដ្ឋាភិបាលខឹងសម្បាព្រោះថាជាការមួលបង្កាច់កិត្យានុភាព កិតិ្តយស និងសេចក្ដីថ្លៃថ្នូររបស់ស្ត្រីខ្មែរ ។ សមត្ថកិច្ចកម្ពុជាបានបកស្រាយថា វីឌីអូនោះ គឺជាការប្រឌិតឡើង ដើម្បីធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់កម្ពុជាតែប៉ុណ្ណោះ ។ សាច់ញាតិរបស់ជនជាប់ចោទ រួមជាមួយអ្នកតវ៉ាអាជីពជាច្រើន បានព្យាយាមម្ដងហើយម្តងទៀត សុំអោយស្ថានទូតរូស្ស៊ី ជួយអន្តរាគមន៍មករាជរដ្ឋាភិបាលដើម្បីអោយលោក រ៉ាត់ រ័ត្នមុនី នៅក្រៅឃុំ ៕

Facebook Comments