សុខ សាវិន នឹងបន្តឈ្នះ ឯ វៀក ប៊ុនឌឿនអាចលំបាក

926

ភ្នំពេញ: ព្រឹត្តិការណ៍ខ្សែក្រវាត់ខារ៉ាបាវលើសង្វៀនអាស៊ីអាគ្នេយ៍រសៀលថ្ងៃទី១៥មិថុនានេះអ្នកប្រដាល់សុខ
សាវិនក្លិបឆ្មា ស សែនសុខនឹងទទួលបានជ័យជំនះទៀតជាមិនខាន ។

សាវិនត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃដែន សាយ៉ាម(Den Sayam) ។ ដែន សាយ៉ាមក៏ជាអ្នកប្រដាល់ជើងខ្លាំងមួយរូបដែរដែល២ប្រកួតរបស់គេក្នុងព្រឹត្តិការណ៍នេះឈ្នះបានមួយប្រកួត និង ចាញ់មួយប្រកួត ។

ចំពោះសាវិនវិញ២ប្រកួតរបស់គេឈ្នះទាំង២ប្រកួតដែលការប្រកួតដំបូងផ្ដួលគូប្រកួតទឹកទី២ និងមួយប្រកួតទៀតផ្ដួលគូប្រកួតនៅទឹកទី៣ ។

ក្នុងចំណោមអ្នកប្រដាល់ទាំង៨រូបដែលក្នុងនោះកម្ពុជា៤រូប និង ថៃ៤រូបនោះមានតែសុខ សាវិនប៉ុណ្ណោះដែលមិនទាន់ស្គាល់ចាញ់ ។សម្រាប់ការប្រកួតលើកទី៣នេះអ្នកគាំទ្រសាវិនមានជំនឿចិត្តថាអ្នកប្រដាល់កម្ពុជារូបនេះនឹងឈ្នះទៀតជាមិនខានឡើយ ។

សាវិនជាអ្នកប្រដាល់ដែលមានចិត្តស្ងប់ស្ងាត់ល្អណាស់តែផ្លៃរបស់គេមិនស្លូតដូចមុខគេឡើយ ។ អ្នកប្រដាល់កម្ពុជារូបនេះមានប្រវត្តិប្រកួតចំនួន១០៦ដង ឈ្នះ៧៣ដង ចាញ់២៧ដងនិងស្មើពិន្ទុ៦ ដង ។ ចំពោះអ្នកប្រដាល់ថៃដែន សាយ៉ាមវិញគេមានប្រវត្តិប្រកួតចំនួន៨៤ដង ឈ្នះ៦៦ដង ចាញ់១៦ដង និងស្មើពិន្ទុ២ដង ។

ការប្រកួតមួយនេះប្រសិនបើសាវិនឈ្នះទៀតនោះកៅអីសម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដែលមាន៤កៅអីនោះនឹងមានមួយជារបស់គេហើយ ។ ចំពោះដែន សាយ៉ាមវិញអ្វីៗស្ថិតក្នុងសភាពស្រពិចស្រពិលនៅឡើយទេ ។

ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរអ្នកប្រដាល់កម្ពុជាវៀក ប៊ុនឌឿនសមាគមប្រដាល់ក្រសួងការពារជាតិត្រូវជួប
ប្រកួតជាមួយអ្នកប្រដាល់ថៃផេត ង៉ាម(Phat Ngam) ។
អ្នកប្រដាល់ថៃរូបនេះ២ប្រកួតរបស់គេឈ្នះមួយប្រកួតនិងចាញ់មួយប្រកួត ។មួយប្រកួតដែលគេចាញ់គឺដោយសារតែគេរក្សាទម្ងន់មិនបានហើយតម្រូវឲ្យចាញ់ដោយស្វ័យប្រវត្តិ ។ ចំពោះមួយប្រកួតដែលឈ្នះគឺគេឈ្នះអ្នកសូត្រប៊ុនធីក្លិបបក្សីស្លាបដែកនៅទឹកទី៤ ។

ចំពោះប៊ុនឌឿនវិញ២ប្រកួតរបស់គេក៏ឈ្នះមួយប្រកួត និង ចាញ់មួយប្រកួតដែរ ។ មួយប្រកួតដែលប៊ុនឌឿន
ឈ្នះគឺឈ្នះដោយពិន្ទុ ឯ មួយប្រកួតដែលចាញ់គឺចាញ់ដោយសន្លប់ទឹកទី៣ ។

ប៊ុនឌឿនមានប្រវត្តិប្រកួតចំនួន៨១ដង ឈ្នះ៦៤ដង ចាញ់១៥ដង និងស្មើពិន្ទុ២ដង ។ ចំពោះផេត ង៉ាមវិញគេមានប្រវត្តិប្រកួតចំនួន៨៦ដង ឈ្នះ៦៩ដង ចាញ់១៥ដង និងស្មើពិន្ទុ២ដង ។ ជំនួបមួយនេះនរណាបន្ថែមស្ថិតិឈ្នះនៅក្នុងកំណត់ត្រាប្រកួតរបស់ខ្លួន ។