អត្ថាធិប្បាយ ៖ រង់ចាំស៊ីឡាក ពេលឃើញខ្យល់ចង់ប្តូរទិស

606

ភ្នំពេញ៖ កាលពីថ្ងៃទី៩ ខែមិថុនា កន្លងទៅនេះ ក្រុម សម រង្ស៊ី បានចេញសេចក្តីថ្លែងការណ៍ក្នុងនាមខ្មោច គណបក្សសង្គ្រោះជាតិ ដោយប្រកាសថា ពួកខ្លួននឹងវិលត្រឡប់មកកម្ពុជាវិញ ក្នុងពេលដ៏ខ្លីខាងមុខ ។ ពួកគេថា មកធ្វើការតស៊ូនយោបាយ ដើម្បីឲ្យមានការដោះលែង កឹម សុខា ទាមទារឲ្យ CNRP ដំណើរការឡើង វិញតាមលក្ខខណ្ឌរបស់សហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក ដើម្បីបញ្ចៀសការផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធ EBA និង GSP ។ ពួកគេអំពាវនាវឲ្យគ្រប់គ្នារួមកម្លាំងរក្សាកម្មវិធី EBA និង GSP ដើម្បីបញ្ចៀសនូវការឈឺ ចាប់ និងសេចក្តីទុក្ខលំបាករបស់ប្រជាពលរដ្ឋខ្មែរ ។

ពាក្យថា «គ្រប់គ្នារួមកម្លាំងរក្សាកម្មវិធី EBA និង GSP ដើម្បីបញ្ចៀសនូវការឈឺចាប់ និងសេចក្តីទុក្ខលំបាករបស់ប្រជាពលរដ្ឋខ្មែរ» ស្តាប់មួយភ្លែតទៅពិរោះម៉្យាងដែរ ។ ពួកប្រឆាំង ដែលធ្លាប់តែធ្វើព្យុះ ធ្វើភ្លៀងអំពីបញ្ហា EBA ហេតុអ្វីពេលនេះ ហាក់ដូចជាដកថយជំហររបស់ខ្លួន? បើពិនិត្យឲ្យជ្រៅទៅក្នុងសេចក្តីប្រកាសនេះ ឃើញថា ពួកជនក្បត់ជាតិទាំងនេះ កំពុងប្រឈមនឹងស្ថានភាពមិនច្បាស់លាស់ ក្នុងការទាមទារឲ្យសហគមន៍អឺរ៉ុបដក EBA និងទាមទារឲ្យសហរដ្ឋអាមេរិកដក GSP ពីកម្ពុជា ។ យើងពិនិត្យមើលអំពីដំណើររឿងរបស់វា ដើម្បីរកឲ្យឃើញថា ហេតុអ្វីបានជាពួកក្បត់ជាតិ​ ដកថយជំហបែបនេះ បើទោះបីជាដឹងថាពួកគេមិនហ៊ានចូលស្រុក៖

១-សហភាពអឺរ៉ុបបានប្រកាសជាផ្លូវការ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងការចាប់ផ្តើមដំណើរ ការនីតិវិធីព្យួរជាបណ្តោះអាសន្ននូវប្រព័ន្ធអនុគ្រោះពន្ធ ក្រោមកម្មវិធី «គ្រប់មុខទំនិញ លើកលែងតែសព្វា​វុធ = EBA» ។ ពេលនោះ សម រង្ស៊ី និងបក្សពួកសប្បាយចិត្តខ្លាំងណាស់ ហើយអះអាងទទួលស្គាល់ថា គឺរូប ខ្លួនតែម្នាក់គត់ ជាអ្នកអំពាវនាវឲ្យ EU ដក EBA ពីកម្ពុជា ។

២-សម រង្ស៊ី និងបក្សពួក បានដើរធ្វើការឃោសនាឲ្យអង្គការអន្តរជាតិមួយចំនួនដែលជឿ និងចាញ់បោកពួកខ្លួនឲ្យជួយជំរុញសហគមន៍អឺរ៉ុបធ្លាក់ចូលទៅក្នុងគន្លងនៃឧបាយកលរបស់ពួកខ្លួន ។ ហេតុនេះ ហើយទើបនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ក្រុមសមាជិកសភាអាស៊ាន ដើម្បីសិទ្ធមនុស្សបានជំរុញឲ្យ EU ដកហូតប្រព័ន្ធអនុគ្រោះពន្ធ EBA ដើម្បីដាក់សម្ពាធលើរាជរដ្ឋាភិបាលកម្ពុជា ដោយបានទាមទារយ៉ាងងងើលឲ្យ CNRP ដំណើរការឡើងវិញ ទាមទារឲ្យដោះលែង កឹម សុខា និងការផ្តល់សិទ្ធដល់មន្ត្រីអតីត CNRP ទាំង ១១៨រូប ទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ ដែលទាំងអស់នេះ គឺជាការជ្រៀតជ្រែកទៅលើអធិបតេយ្យនៃរដ្ឋមួយ និងជាការរំលោភទៅលើដែនសមត្ថកិច្ចរបស់តុលាការកម្ពុជា ។

៣-ដោយនៅតែមិនទាន់អស់ចិត្ត និងមិនទាន់ស្កប់ចិត្តក្នុងការអូសទាញអ្នកដទៃឲ្យមកបំផ្លាញកម្ពុជា នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ សម រង្ស៊ី បានសរសេរលិខិតទៅកាន់លោកស្រី Federica Mogherini តំណាងជាន់ខ្ពស់ នៃសហភាពអឺរ៉ុបសម្រាប់កិច្ចការបរទេស និងគោលនយោបាយសន្តិសុខ ដោយធ្វើការរុកគួនឲ្យ EU ត្រូវតែប្រកាន់ខ្ជាប់ម៉ឺងម៉ាត់នូវផែនការ របស់ខ្លួន គឺការដក EBA ពីកម្ពុជាឲ្យខាងតែបាន ។ ៥ថ្ងៃក្រោយមកទៀត ពួកដែលតាំងខ្លួនជាតំណាងឲ្យខ្មោចគណបក្សសង្គ្រោះជាតិ បានចេញសេចក្តីថ្លែងការណ៍ថ្មីមួយទៀតអំពាវនាវដល់សហគមន៍អន្តរជាតិ ពិសេសសហភាពអឺរ៉ុប អាមេរិក និងបណ្តាប្រទេសប្រជាធិបតេយ្យ ដែលជាម្ចាស់ជំនួយ និងកម្ចីដ៏សំខាន់របស់កម្ពុជា ត្រូវតែដាក់សម្ពាធលើរាជរដ្ឋាភិបាលកម្ពុជា ។

៤-នៅពេលដែលក្រុមបេសកកម្មស្វែងរកកាពិត របស់គណៈកម្មការអឺរ៉ុប និងតំណាងសហភាពអឺរ៉ុបទទួលបន្ទុកគោលនយោបាយការបរទេស និងសន្តិសុខ បានមកកម្ពុជាពីថ្ងៃទី៣-១០ មិថុនា អ្នកស្រី មួរ សុខហួរ អតីតអនុប្រធាន អតីត CNRP បានសរសេរលិខិតរំឭកទៅលោកស្រី Cecilla Malmstrom ស្នងការសហភាពអឺរ៉ុបផ្នែកពាណិជ្ជកម្ម ចំពោះលិខិត ២ច្បាប់ ដែល មួរ សុខហួរ បានផ្ញើក្នុងពេលកន្លងទៅ ទទូចសុំឲ្យ EU ដក EBA ពីកម្ពុជា ។ ដោយមិនឃើញសហគមន៍អឺរ៉ុបឆ្លើយតប ទើប មួរ សុខហួរ ឆោឡោសួររកសំបុត្រនេះ?

៥-យើងពិនិត្យឡើងវិញថា ក្រោយពេលសហភាពអឺរ៉ុបប្រកាសជាផ្លូវការនូវការចាប់ផ្តើមដំណើរការ នីតិវិធីព្យួរ EBA រាជរដ្ឋាភិបាលកម្ពុជា បានសម្តែងការសោកស្តាយយ៉ាងខ្លាំង ព្រោះវាជារឿងអយុត្តិធម៌ណាស់ ។ ហេតុអ្វី EU មិនអើពើចំពោះវិធានការជាក់ស្តែង ដែលរាជរដ្ឋាភិបាលបានធ្វើដូចជា ការអនុវត្តអនុ សញ្ញាស្នូលទាំង ១៥ របស់ អ.ស.ប និងអង្គការពលកម្មអន្តរជាតិ, ការពង្រឹងលំហរនយោបាយ និងសង្គមស៊ីវិល, សិទ្ធិការងារ, ការដោះស្រាយបញ្ហាដីធ្លី និងការបដិសេធចោលនូវតម្លៃនៃសមិទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងអនុវត្តក្នុងរយៈពេល ២០ឆ្នាំ កន្លងទៅ ដែលកម្ពុជា និងសហគមន៍អឺរ៉ុបបានធ្វើជាមួយគ្នា ។

៦-GMAC បានចេញសេចក្តីថ្លែងការណ៍សម្តែងការសោកស្តាយចំពោះវិធានការនេះ ដោយបានអះ អាងថា ប្រទេសកម្ពុជាទទួលបានការអនុគ្រោះពន្ធ EBA ដោយពន្ធដោយអត្រា សូន្យភាគរយ លើទំនិញនាំចេញទៅសហភាពអឺរ៉ុបចាប់តាំងពីឆ្នាំ២០០១ ។ ចាប់តាំងពីពេលនោះ មកអាចបង្កើនការនាំចេញទ្វេរដង ទៅសហភាពអឺរ៉ុប កសាងឲ្យមានវិស័យសេដ្ឋកិច្ចរឹងមាំ និងរស់រវើក ដែលផ្តល់ការងារដល់កម្មករចំនួន ៧០០.០០០នាក់ ភាគច្រើនបំផុតនៃពួកគេមកពីតំបន់ជនបទ ហើយ ៨០% ជាស្ត្រី ។ មេដឹកនាំសហជីពមួយចំនួនខឹង សម រង្ស៊ី យ៉ាងខ្លាំង ចំពោះសម្តី និងទង្វើដ៏ថោកទាបនេះ និងបានធ្វើការព្រមាន សម រង្ស៊ី ដោយប្រើពាក្យសម្តីធ្ងន់ៗទៀតផង ។ ដោយឡែក នៅថ្ងៃទី១៣ ខែមីនា ទាក់ទិនទៅនឹងការស្នើរបស់ពួកក្បត់ជាតិឲ្យរដ្ឋាភិបាលអាមេរិកដក GSP ពីកម្ពុជា ក្រុមពាណិជ្ជករអាមេរិកនៅកម្ពុជា ដែលជាជាតិសាសន៍ដទៃសោះ បានសរសេរលិខិតផ្ញើទៅសភាអាមេរិកឲ្យពិចារណា ឡើងវិញអំពីការស្នើដកប្រព័ន្ធអនុគ្រោះពន្ធទូទៅ GSP ពីកម្ពុជា ព្រោះវាធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ប៉ះពាល់ដល់ជនជាតិអាមេរិកដែលរកស៊ីនៅកម្ពុជា និងប៉ះពាល់ដល់ប្រជាជនខ្មែររាប់លាននាក់ទៀត ដែលទទួលផលពីប្រព័ន្ធអនុ គ្រោះពន្ធនេះ ។

៧-នៅពេលដែលក្រុមបេសកកម្មស្វែងរកកាពិតបញ្ចប់ការងារនៅប្រទេសកម្ពុជា ថ្ងៃទី៣-១០ ខែមិថុនា ឆ្នាំ២០១៩ លោកស្រី Alina BOICUS អនុប្រធានផ្នែកពាណិជ្ជកម្ម និងការអភិវឌ្ឍ ប្រកបដោយចីរភាព នៃអគ្គនាយកដ្ឋានពាណិជ្ជកម្មសហភាពអឺរ៉ុប បានទទួលស្គាល់ថា សម្តីរបស់លោក សម រង្ស៊ី គឺពិតជាមានភាពក្រេវក្រោធ និងអាចនាំគ្រោះថ្នាក់ទៅដល់កម្ពុជា ។ តំណាង EU បានសុំឲ្យកម្ពុជាធ្វើការកែលម្អច្បាប់មួយចំនួន ពិសេសច្បាប់អង្គការមិនមែនរដ្ឋាភិបាល និងច្បាប់ស្តីពីគណបក្សនយោបាយ ។ ភាគីកម្ពុជាប្តេជ្ញានៅក្នុងការបើកលំហសេរីភាពនយោបាយ សិទ្ធិបញ្ចេញមតិ ប៉ុន្តែរាល់ការបញ្ចេញមតិ គឺត្រូវតែមានការទទួលខុសត្រូវ ។

ពិនិត្យមើលសារបានទាំងនេះឡើងវិញ ទើបយើងដឹងថា ពួកក្បត់ជាតិ សម រង្ស៊ី គេហ៊ានធ្វើសព្វបែបសព្វយ៉ាង ដើម្បីបំផ្លាញផលប្រយោជន៍របស់ប្រជាជនកម្ពុជា ។ គេទាមទារឲ្យបរទេសដាក់សម្ពាធលើរាជរដ្ឋាភិបាលកម្ពុជា ផ្កាប់ចោលឆ្នាំងបាយរបស់កម្មករកម្ពុជា និងផ្តាច់ដង្ហើមសេដ្ឋកិច្ចកម្ពុជាយ៉ាងថោកទាបបំផុត ។ ប៉ុន្តែពេលនេះ ពួកក្រុមក្បត់ជាតិ ទំនងជាបានមើលឃើញខ្យល់ចង់ប្តូរទិស ទើបពួកនេះបញ្ចេញឥរិយាបថ និងជំហរដកថយរង់ចាំស៊ីឡាក ។ គ្មានអ្នកណាម្នាក់អាចបំភ្លេចបាននូវទង្វើដ៏ថោកទាបរបស់ក្រុមក្បត់ជាតិនេះទេ ។ ប្រសិនបើ EBA នៅតែមានបន្ត កម្ពុជានៅតែស្វាគមន៍, បើបាត់ EBA ក៏កម្ពុជា មិនក្រ ផ្ទុយទៅវិញបើមានមុខពួកក្បត់ជាតិជាតិ សម រង្ស៊ី នៅលើទឹកដីកម្ពុជា ត្រូវតែវាយខ្នោះបញ្ចូលគុក តាមសាលដីការបស់តុលាការ ៕

ដោយ៖ លី ទួង