អឺរ៉ុប ប្រឈមនឹងការខាតបង់ច្រើន ក្នុងករណីមិនរកស៊ីជាមួយ Huawei

0
70

អឺរ៉ុប ពេលនេះកំពុងតែស្ថិតនៅក្នុងការពិចារណា ថាតើគួរឈប់ ឬ បន្តការរកស៊ីជាមួយក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំរបស់ចិន គឺក្រុមហ៊ុន Huawei ។

ប្រសិនបើអឺរ៉ុប ហាមឃាត់បច្ចេកវិទ្យារបស់ Huawei និង ហាមប្រាមការផ្គត់ផ្គង់គ្រឿងបរិក្ខាររបស់ក្រុមហ៊ុនចិន ZTE ក្នុងគម្រោងរាយបណ្តាញ 5G នោះ ក្រុមហ៊ុនប្រតិបត្តិករទូរស័ព្ទចល័តរបស់អឺរ៉ុប មិនត្រឹមប្រឈមនឹងការខាត់បង់ទឹកប្រាក់ប្រមាណ ៦២ ពាន់លានដុល្លារទេ ក៏ប៉ុន្តែក្រុមហ៊ុនក៏នឹងត្រូវប្រឈមនឹងភាពយឺតយ៉ាវ ក្នុងការទទួលបានប្រព័ន្ធ 5G ជំនាន់ចុងក្រោយគេ សម្រាប់អតិថិជនរបស់ខ្លួន រហូតដល់រយៈពេលរាប់ខែ ។ នេះបើយោងតាម ការសិក្សាវាយតម្លៃថ្មីមួយ ដែលមើលឃើញដោយទីភ្នាក់ងារព័ត៌មានបារាំង AFP ។

យោងតាមការវាយតម្លៃរបស់ GSM ដែលជាសមាគមតំណាងឱ្យប្រតិបត្តិករ បណ្តាញទូរស័ព្ទចល័តនៅជុំវិញពិភពលោក ក្រុមហ៊ុនចិនទាំងពីរ គឺក្រុមហ៊ុន Huawei និង ZTE តំណាងឲ្យ ៤០ ភាគរយ នៃទីផ្សារផ្គត់ផ្គង់បរិក្ខារទូរស័ព្ទនៅអឺរ៉ុប ។

មួយវិញទៀត Huawei គឺជាក្រុមហ៊ុនដែលឈានមុខគេ លើវិស័យបច្ចេកវិទ្យា 5G ប្រសិនបើកាត់ផ្តាច់ កិច្ចសហប្រតិបត្តិការ ជាមួយក្រុមហ៊ុនចិន នោះទីផ្សារអឺរ៉ុបនឹងក្រឡាប់ចាក់ តាមរយៈការឡើងថ្លៃគ្រឿងបរិក្ខារទូរស័ព្ទ និង សេវាក្នុងការដាក់ដំណើរការប្រព័ន្ធ 5G ។ រហូតមកទល់នឹងពេលនេះ សហភាពអឺរ៉ុប ព្រមទាំងបណ្តាប្រទេសជាសមាជិក នៅមិនទាន់សម្រេចហាមប្រាមការរកស៊ីរបស់ Huawei នៅក្នុងទឹកដីរបស់ខ្លួន ទៅតាមការស្នើសុំរបស់សហរដ្ឋអាមេរិកនៅឡើយទេ ។

ទោះជាបែបនេះក្តី មានក្រុមហ៊ុនប្រតិបត្តិករមួយចំនួន នៅក្នុងប្រទេសអង់គ្លេស បានប្រកាសដកខ្លួន លែងរកស៊ីជាមួយក្រុមហ៊ុន Huawei ទៀតហើយ ដោយសារព្រួយបារម្ភខ្លាចពីកត្តាសុវត្តិភាព ។ គួររំឭកជូនដែរថា នៅមួយរយៈពេលចុងក្រោយនេះ រដ្ឋបាលអាមេរិកដឹកនាំដោយលោក ត្រាំ បានដាក់ចេញនូវទណ្ឌកម្មជាច្រើន ប្រឆាំងទៅនឹងក្រុមហ៊ុន Huawei របស់ចិន ដែលក្នុងនោះក៏មានផងដែរនូវសេចក្តីហាមប្រាម មិនឲ្យក្រុមហ៊ុនទូរគមនាគមន៍របស់អាមេរិក លក់បច្ចេកវិទ្យាទៅឲ្យ Huawei ។

មិនតែប៉ុណ្ណោះ អាមេរិកថែមទាំងបានទាមទារឲ្យអឺរ៉ុប និងបណ្តាប្រទេសសម្ព័ន្ធមិត្តទាំងអស់របស់ខ្លួន ឈប់ប្រើប្រាស់បច្ចេកវិទ្យា 5G របស់ក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនឈ្លបយកការណ៍ និង បម្រើផលប្រយោជន៍ឲ្យរដ្ឋាភិបាលទីក្រុងប៉េកាំង ។ (Reuters ថ្ងៃទី១០ ខែមិថុនា)

Facebook Comments