ទិវាសមុទ្រពិភពលោកឆ្នាំ ២០១៩ ផ្តោតលើយុទ្ធនាការ ប្រឆាំងនឹងសំរាមប្លាស្ទិក

2360

អន្តរជាតិ៖ កាលពីថ្ងៃសៅរ៍ ទី៨ ខែមិថុនា ជាទិវាសមុទ្រពិភពលោក ដែលប្រធានបទឆ្នាំ២០១៩ ផ្តោតសំខាន់លើយុទ្ធនាការប្រឆាំងនឹងការកំពុលដោយសំរាមប្លាស្ទិក ។ តាមតួលេខផ្តល់ដោយអង្គការសហប្រជាជាតិ មានសំរាមប្លាស្ទិកជាង ៣០០លានតោនត្រូវបានគេបោះចោល ជារៀងរាល់ឆ្នាំនៅទូទាំងពិភពលោក ហើយបរិមាណដ៏ច្រើនសម្បើមនេះ កំពុងបង្កឲ្យមានមហន្តរាយបរិស្ថានយ៉ាងធ្ងន់ធ្ងរ ។

បច្ចុប្បន្ននេះ មានសំរាមប្លាស្ទិកប្រមាណ ១៥០ លានតោន កំពុងស្ថិតក្នុងសមុទ្រ ហើយបើគ្មានវិធានការទប់ស្កាត់ទេ នោះចំនួនសំរាមប្លាស្ទិក ក្នុងសមុទ្រនឹងមានច្រើនជាងចំនួនត្រីនៅឆ្នាំ២០៥០ ។ ចូរកុំភ្លេចថា សំរាមប្លាស្ទិកក្នុងសមុទ្រ អាចធ្វើឲ្យប៉ះពាល់ខ្លាំងដល់សុខភាពមនុស្ស ព្រោះមនុស្សបរិភោគត្រីសមុទ្រ ដែលបានស្រូបយកកម្ទេចជាធូលីប្លាស្ទិក ។

លោក ប៊្រុយណូ ដាវីដ ប្រធានសារមន្ទីរជាតិនៃប្រវត្តិសាស្រ្តធម្មជាតិ ក្នុងទីក្រុងប៉ារីស បានចាប់អារម្មណ៍ពីទំនាក់ទំនងរវាងមនុស្សលោក និង សមុទ្រ ។ តាមលោក ដាវីដ ទោះបីជាសមុទ្រមានផ្ទៃធំល្វឹងល្វើយ ជាងផ្ទៃដីគោក មានត្រីច្រើន និង មានការបង្កាត់ពូជត្រីគ្មានទីបញ្ចប់ក៏ដោយ ក៏សមុទ្រមានកម្រិតរបស់វាដែរ ។

បន្តិចម្តងៗនារយៈពេលប៉ុន្មានទសវត្សចុងក្រោយនេះ ស្រាប់តែគេផ្តើមភ្ញាក់ខ្លួន និង បានយល់ដឹងអំពីសំរាម ដែលបានបញ្ជូនទៅកាន់សមុទ្រតាមរយៈទន្លេ និង ស្ទឹងកំពុងកើនឡើងកាន់តែច្រើន និង បានឃើញមាននៅគ្រប់កន្លែងទាំងអស់ ។

ឥឡូវនេះ សមុទ្រហាក់កំពុងក្លាយជាទ្វីបសំរាមប្លាស្ទិក ដែលមនុស្សលោកមិនបាននឹកស្មានដល់សោះឡើយកាលពី ១៥ឆ្នាំមុន ។ (CNA ថ្ងៃទី១០ ខែមិថុនា)