អ្នកឈ្នះចុងក្រោយក្នុងជុំទី៣

126

ភ្នំពេញ: ព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cement នាយប់ថ្ងៃទី៨មិថុនាបានបញ្ចប់វគ្គជម្រុះនៃជុំទី៣ហើយ ។

ការប្រកួតក្នុងជុំទី៣នេះអ្នកប្រដាល់សូត្រ វាសនាក្លិបបក្សីស្លាបដែកជួបជាមួយជី ឆៃលីសមាគមប្រដាល់ក្រសួងការពារជាតិ ។ស្ថានភាពនៃការប្រកួតឆៃលីមានប្រៀបជាងបន្តិចបន្តួចប៉ុណ្ណោះតែការប្រកួតនេះគ្រាន់ជាការប្រកួតបង្គ្រប់កិច្ចប៉ុណ្ណោះព្រោះវាសនារក្សាទម្ងន់ខ្លួនឯងមិនបាន ។

ការប្រកួតនេះទោះបីឆៃលីចាញ់ ឬ ឈ្នះក៏គេក្លាយជាម្ចាស់កៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដោយស្វ័យប្រវត្តិដែរព្រោះគូប្រកួតរបស់គេគឺសូត្រ វាសនារូបនេះខ្វះការទទួលខុសត្រុវក្នុងការថែរក្សានូវទម្ងន់របស់ខ្លួនដែលត្រូវប្រកួតក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម ។

សូមបញ្ជាក់ថា វាសនាលៃសទម្ងន់ដល់ទៅកន្លះគីឡូក្រាមឯណោះ ។ ប្រសិនបើនេះជាការប្រកួតមិត្តភាពនោះមិនជាមញ្ហាទេតែនេះជាការប្រកួតដណ្ដើមពានរង្វាន់ដែលមានទឹកប្រាក់អមពានចំនួន៤.០០០ដុល្លារ ។ វាសនាហាលអាវត្រឹមនេះឯឆៃលីត្រៀមខ្លួនឡើងប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។

ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរអ្នកប្រដាល់លី តក់ក្លិបតាព្រហ្មមានជ័យបានយកឈ្នះអ្នកប្រដាល់កណ្ដាប់ដៃធ្ងន់ផាន់ សុផាតក្លិបពុទ្ធសេរីវង្សដោយពិន្ទុ ។

សុផាតវ៉ៃល្អតែពេលមកជួបជាមួយលី តក់គេហាក់ដូចជាវ៉ៃចេញមិនរួចទៅវិញ ។ពេលនេះសុផាតខ្ទាតចេញពីការប្រកួតដោយបាត់បង់កៅអីឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រទាំងសោកស្ដាយក្នុងខណៈដែលលី តក់ត្រៀមខ្លួនប្រកួតបន្តទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។

ការប្រកួតជាមិត្តភាពជាមួយអ្នកប្រដាល់ថៃវិញនោះអ្នកប្រដាល់កម្ពុជាឈាន ហុងសមាគមប្រដាល់ក្រសួងការពារជាតិប្រកួតចាញ់អ្នកប្រដាល់ថៃឈោក ឆៃ(Chhuok Chhai)ដោយពិន្ទុដាច់តែម្ដង ។

ឈាន ហុងត្រូវអាជ្ញាកណ្ដាលរាប់៨ហើយស្ថានភាពនៃការប្រកួតគេចាញ់ប្រៀបឈោក ឆៃស្ទើរតែគ្រប់ទឹក
តែម្ដង ។

ការប្រកួតរវាងអ្នកប្រដាល់រួមជាតិក្រៅព្រឹត្តិការណ៍ខ្សែក្រវាត់វិញនោះលីន វីរៈក្លិបបូរីរាជសីហ៍មានរិទ្ធត្រូវ លោកអាជ្ញាកណ្ដាលព្រមាននឹងកំណត់ឲ្យចាញ់អ្នកប្រដាល់ភួង ពិសិដ្ឋក្លិបខេត្តរតនគីរីនៅទឹកទី៤ដោយសារតែអ្នកប្រដាល់រូបនេះបំពានគូប្រកួតដោយវាយបន្ថែមមួយកែងពីក្រោយបន្ទាប់ពីអាជ្ញាកណ្ដាលឃាត់ទៅហើយនោះ ។