អត្ថាធិប្បាយ៖ ជាប់គុក រត់ចោលស្រុក ចាញ់ផ្កាប់មុខ គឺជារបស់សមរង្ស៊ី

609

ភ្នំពេញ៖ បើតាមការបង្ហើបរបស់សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩ សម្តេច រួមជាមួយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃកំពុងរៀបចំឯកសារប្តឹងលោកសម រង្ស៊ី ទៅកាន់តុលាការប្រទេសបារាំង ចំពោះសំណុំរឿងពីរដាច់ដោយឡែកពីគ្នា គឺទី១- លោក សម រង្ស៊ី បានចោទសម្តេចតេជោ ហ៊ុន សែន ថាបានដាក់គ្រាប់បែកលើឧទ្ទម្ភាគចក្រដើម្បីសម្លាប់លោក ហុក ឡង់ឌី កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០០៨ និងទី២- លោក សម រង្ស៊ី បានអំពាវនាវឲ្យសម្តេចក្រឡាហោម ស ខេង ធ្វើរដ្ឋប្រហារទម្លាក់សម្តេចតេជោចេញពីអំណាច។

បុរសកំសាកសមរង្ស៊ី ដែលពន្ធនាគារនៅកម្ពុជាស្វែងរកមុខដូច ”បូស” នោះ បានធ្វើជាក្លាហានប្រកាសត្រៀមតតាំងក្តីជាមួយសម្តេចតេជោ ហ៊ុន សែន និងសម្តេចក្រឡាហោម ស ខេង នៅប្រទេសបារាំង ។ លោក សម រង្ស៊ី ជាមនុស្សដែលមានមាត់អត់គម្រប ជាមនុស្សដែលគុកនៅតោងជាប់តែនឹងកែងជើង ជាអ្នកនយោបាយត្បាញអាយ ប្រហែលជាគិតមិនដល់ថា សម្តេចតេជោ ហ៊ុន សែន និងសម្តេច ស ខេង ប្តឹងរូបគាត់ទៅតុលាការបារាំងបែបនេះទេ។ សម រង្ស៊ី ជាមនុស្សដែលមានសញ្ជាតិពីរ គឺបារំាងផង និងខ្មែរផង ប្រហែលជាគេចមិនរួចពីការចាញ់ក្តីនៅក្នុងតុលាការនេះទេ ពីព្រោះលោកសមរង្ស៊ីធ្លាប់ចាញ់ក្តី ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រួចមកហើយ នៅក្នុងតុលាការប្រទេសបារាំង ដោយសារតែការចោទប្រកាន់ថា ឯកឧត្តម ហោ ណាំហុង ជាខ្មែរក្រហម និងជាអ្នកទទួលខុសត្រូវការស្លាប់អ្នកទោសនៅមណ្ឌលឃុំឃាំងបឹងត្របែងកាលពីក្នុងអំឡុងរបបកម្ពុជាប្រជាធិបតេយ្យ ។

នៅកម្ពុជាឯណេះវិញ សាលក្រមកាត់ទោសសម រង្ស៊ីឲ្យជាប់ពន្ធនាគារផង ឲ្យសង់លុយទៅដើមបណ្តឹងផង មិនក្រោមពី១០សំណុំរឿងទេ។ នៅមានសំណុំជាច្រើនទៀតដែលតុលាការកំពុងកោះហៅយកមកសាកសួរ ប៉ុន្តែសម រង្ស៊ី អត់ដែលហ៊ានចូលមកបំភ្លឺទេ។ យើងគ្រាន់តែលើកយកឧទាហរណ៍ត្រួសៗទាក់ទិននឹងផ្លូវច្បាប់ គឺ សម រង្ស៊ី ជាប់ក្នុងសំណុំរឿងបរិហាកេរិ៍្ត ឯកឧត្តម ហោ ណាំហុង ត្រូវជាប់គុកពីរឆ្នាំ សងប្រាក់២០០០ដុល្លារ , សំណុំរឿងបរិហាកេរិ៍្ត សម្តេចចក្រី ហេង សំរិន បង្គាប់ឲ្យសងប្រាក់៥០លានរៀលទៅដើមបណ្តឹង និង១០លានរៀលបង់ចូលរដ្ឋ, សំណុំរឿងសមគំនិតបង្ហោះផែនទីក្លែងក្លាយជាមួយលោក ហុង សុខហួរ ត្រូវជាប់ពន្ធនាគារ៥ឆ្នាំ , សំណុំរឿងចោទរាជរដ្ឋាភិបាលនៅពីក្រោយខ្នងនៃអំពើឃាតកម្មលោកកែម ឡី ត្រូវជាប់ពន្ធនាគារ១ឆ្នាំ និង៨ខែ ពិន័យជាប្រាក់១០លានរៀល និងសងសំណងជំងឺចិត្តទៅដើមបណ្តឹង១០០លានរៀល។ ថ្មីៗនេះទៀត គឺនៅថ្ងៃទី២ ខែឧសភា តុលាការរាជធានីភ្នំពេញបានប្រកាសសាលក្រមលើសំណុំរឿងមាន២ ដោយសម្រេចផ្តន្ទាទោសសម រង្ស៊ី ដាក់ពន្ធនាគារ៤ឆ្នាំសម្រាប់បទល្មើសនីមួយៗ គឺទី១- សម រង្ស៊ី ត្រូវទទួលទោសពីបទ”ញុះញង់មិនឲ្យយោធិនស្តាប់បង្គាប់ការដឹកនាំរបស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកងទ័ព” ធ្វើឲ្យ”ខូចទឹកចិត្តយោធិនយ៉ាងធ្ងន់ធ្ងរ” ដែលការអត្ថាធិប្បាយបានបង្ហោះលើហ្វេសប៊ុករបស់សម រង្ស៊ី ផ្ទាល់ កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៧ និងសំណុំរឿងទី២- សម រង្ស៊ីត្រូវទទួលទោសពីបទ”ប្រមាថព្រះមហាក្សត្រ” ដែលបុគ្គលនេះ បានបង្ហោះលើហ្វេសប៊ុក កាលពីខែមិថុនា ឆ្នាំ២០១៧ ដោយចាត់ទុកព្រះរាជសារព្រះមហាក្សត្រ ដែលបានអំពាវនាវឲ្យប្រជាជនទៅបោះឆ្នោតថាជាព្រះរាជសារក្លែងក្លាយ និងធ្វើឡើងក្រោមការបង្ខិតបង្ខំ។ សរុបទាំងពីរសំណុំរឿងនេះ សម រង្ស៊ី ត្រូវជាប់ពន្ធនាគារ៨ឆ្នាំទៀត ។ សម រង្ស៊ី និងគុកគឺតែមួយ។

អ្នកវិភាគនយោបាយម្នាក់បាននិយាយថា ប្រសិនបើសម្តេចតេជោ ហ៊ុន សែន និងសម្តេចក្រឡាហោម ប្តឹងទៅតុលាការប្រទេសបារាំងមែន ហើយបើតុលាការរកឃើញថា សម រង្ស៊ីពិតជាបានប្រព្រឹត្តកំហុសមែននោះសម រង្ស៊ី ប្រាកដជាអស់កន្លែងជ្រកហើយ។ គ្មានអ្នកណាដុតផ្ទះសម រង្ស៊ី ទេ គឺ សម រង្ស៊ី ដុតផ្ទះខ្លួនដោយខ្លួនឯង។ បើវិលមកកម្ពុជាវិញមិនត្រឹមតែជាប់គុកទេ ប៉ុន្តែបុគ្គលនេះ ប្រាកដជាត្រូវបានទទួលការស្វាគមន៍ដោយព្រនង់ជាមិនខាន ព្រោះមេដឹកនាំសហជីពច្រើនណាស់ សម្តែងការសោកស្តាយ និងចងកំហឹងយ៉ាងពុះពោរចំពោះទង្វើ សម រង្ស៊ី នៅពេលដែលសម រង្ស៊ី ដ៏ល្ងង់ខ្លៅមួយនេះបានសារភាពជាសាធារណៈថា ខ្លួនគឺជាមនុស្សតែម្នាក់គត់ដែលបញ្ចុះបញ្ចូលឲ្យសហគមន៍អឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា។ មេដឹកនាំសហជីពទាំងនោះ បានសម្តែងការសោកស្តាយខ្លាំងណាស់ចំពោះទង្វើ និងសម្តីដ៏ថោកទាបរបស់សម រង្ស៊ី ហើយគេបានទាំងព្រមានធ្វើសកម្មភាពតបទៅសម រង្ស៊ីវិញ ពីព្រោះថាអ្នកនយោបាយមិនត្រូវយកផលប្រយោជន៍សេដ្ឋកិច្ចរបស់ប្រទេសជាតិ និងប្រជាជនទៅធ្វើជាល្បែងនយោបាយរបស់ខ្លួននោះទេ។

នៅកម្ពុជា, ពន្ធនាគារ និងព្រនង់របស់កម្មករកំពុងត្រៀមស្វាគមន៍ការវិលត្រឡប់របស់សម រង្ស៊ី ។ ប្រសិនបើក្លាហានសូមសាកល្បងមកចុះ។ នៅពេលខាងមុខ ប្រសិនបើសម រង្ស៊ីចាញ់ក្តី សម្តេចតេជោ ហ៊ុន សែន និងសម្តេចក្រឡាហោម ស ខេង ទៀតនោះ តើសម រង្ស៊ីចេញទៅច្រកណាទៀត? នេះគឺជាផលដែលបានមកពីភាពល្ងង់ខ្លៅរបស់ខ្លួន៕

ដោយ៖​ លី ទួង