ព្រឹទ្ធសភាអាមេរិក រិះរកវិធីទប់ស្កាត់លោក ត្រាំ កុំឲ្យលក់អាវុធទៅ អារ៉ាប៊ីសាអូឌីត

0
80

អន្តរជាតិ៖ សមាជិកព្រឹទ្ធសភាអាមេរិកជាច្រើននាក់ កាលពីថ្ងៃពុធ ទី៥ ខែមិថុនា បានបង្ហាញពីចេតនា ចង់រារាំងផែនការរបស់លោកដូណាល់ ត្រាំ ក្នុងការលក់អាវុធ ដែលមានតម្លៃទឹកប្រាក់រហូតដល់ចំនួន ៨,១ ពាន់លានដុល្លារ ទៅឱ្យអារ៉ាប់ប៊ីសាអូឌីត និង សម្ព័ន្ធមិត្តអារ៉ាប់ដទៃទៀត ។ និន្នាការប្រឆាំងនេះ បានចាប់ផ្ទុះឡើង ដោយសារតែសមាជិកព្រឹទ្ធសភាអាមេរិក មិនពេញចិត្តចំពោះទង្វើឡើងចាង ក្អេងក្អាងរបស់អារ៉ាប់ប៊ីសាអូឌីត ព្រមទាំងប្រទេសសម្ព័ន្ធមិត្តអារ៉ាប់ដទៃទៀត ។

សមាជិកព្រឹទ្ធសភាអាមេរិក បាននាំគ្នាប្រឆាំងជំទាស់នឹងការលក់អាវុធ ទៅឲ្យសម្ព័ន្ធមិត្តជាយុទ្ធសាស្ត្ររបស់អាមេរិក គឺអារ៉ាប់ប៊ីសាអូឌីត ដោយសារពួកគេបារម្ភខ្លាចថា អាវុធទាំងនោះ អាចត្រូវបានយកទៅប្រើប្រាស់ បង្កគ្រោះថ្នាក់ដល់អាយុជីវិតជនស៊ីវិល នៅក្នុងប្រទេសយេម៉ែន ។ ប្រទេសយេម៉ែន កំពុងត្រូវបានបំផ្លិចបំផ្លាញដោយសារសង្រ្គាម និងកំពុងស្ថិតក្នុងស្ថានការណ៍មិនល្អទាល់តែសោះ ។ សមាជិកព្រឹទ្ធសភាអាមេរិកម្នាក់ មកពីគណបក្សសាធារណរដ្ឋ គឺលោក Lindsey Graham មានសង្ឃឹមថា ផែនការលក់អាវុធទៅឲ្យអារ៉ាប់ប៊ីសាអូឌីត នឹងត្រូវលុបចោល ។

លោកបានបញ្ជាក់បន្ថែមថា លោកយល់ និង ដឹងច្បាស់ថា អារ៉ាប៊ីសាអ៊ូឌីត គឺជាសម្ព័ន្ធមិត្តយុទ្ធសាស្រ្តរបស់អាមេរិក ក៏ប៉ុន្តែ ទង្វើ ឬ ក៏ឥរិយាបថអាងយ៉ាងរបស់ព្រះអង្គម្ចាស់រាជទាយាទអារ៉ាប៊ីសាអូឌីត ម៉ូហាមេដ បេនសលម៉ាន មិនគួរត្រូវបានគេមើលរំលងនោះទេ ។

គួរជម្រាបថា សមាជិកព្រឹទ្ធសភាអាមេរិក អាចនឹងបង្ហាញពីសំណើប្រឆាំងជំទាស់ជាផ្លូវការ ចំពោះការលក់អាវុធទៅឲ្យអារ៉ាប់ប៊ីសាអូឌីត ក្នុងពេលឆាប់ៗខាងមុខនេះ។ តែទោះជាយ៉ាងណាក្តី ឱកាសក្នុងការទប់ស្កាត់មិនឲ្យរដ្ឋបាលលោក ត្រាំ លក់អាវុធទៅឲ្យអារ៉ាប់ប៊ីសាអូឌីត មិនមែនជារឿងងាយស្រួលនោះទេ ពីព្រោះថាលោក ត្រាំ មានសិទ្ធិបោះឆ្នោត វ៉េតូ ចំពោះសំណើមួយនេះ ។ វិធីតែមួយគត់ ដែលអាចរារាំងប្រធានាធិបតីអាមេរិកលោក ត្រាំ បាន នោះទាល់តែ សភា និង ព្រឹទ្ធសភាអាមេរិក ទទួលបានសំឡេងគាំទ្រ ២ ភាគ ៣ ។

ពាក់ព័ន្ធរឿងនេះដែរ ប្រមុខការបរទេសអាមេរិកលោក Mike Pompeo បាននិយាយហើយថា រដ្ឋាភិបាលនឹងមិនធ្វើតាមដំណើររបស់សមាជិកព្រឹទ្ធសភាឡើយ ដោយសារតែព្រួយបារម្ភពីគ្រោះថ្នាក់ ដែលអាចបង្កឡើងដោយប្រទេសអ៊ីរ៉ង់ ជាគូប្រជែងស្លាប់រស់ក្នុងតំបន់ ជាមួយនឹងអារ៉ាប់ប៊ីសាអ៊ូឌីត ៕

Facebook Comments