វិភាគ: ព្រែកជីកក្រាប្រវែងជាង១២០Kmរបស់ថៃរំពឹងរកចំណូលបានជាង៤លានដុល្លារក្នុងថ្ងៃ

1280

ថៃ ៖ បន្ទាប់ពីមានការប្រជុំពិភាក្សាសម្រេចជាច្រើនលើកនិងអស់រយៈពេលជាច្រើនឆ្នាំមកហើយម្យ៉ាងដោយមានការគាំទ្រមតិពីប្រជាជនថៃភាគច្រើន ជាលទ្ធផលព្រែកជីកសិប្បនិមិត្តឬដែលគេហៅថាព្រែកជីកក្រាជាផ្លូវទឹកសិប្បនិមិត្តសម្រាប់ឲ្យនាវាដឹកទំនិញធំៗអាចធ្វើចរាចរណ៍ឆ្លងកាត់បានអាចនឹងត្រូវកសាងក្នុងពេលឆាប់ៗដោយមានការគាំទ្រពីគោលនយោបាយអន្តរជាតិរបស់មហាយក្សចិនហៅថា One Belt, One Road។

គេរំពឹងថា ព្រែកជីមួយនេះនឹងរំពឹងរកចំណូលប្រចាំថ្ងៃបានមិនតិចជាង ៤លានដុល្លារទ្បើយក្នុងមួយថ្ងៃ។ តាមប្រសាសន៍របស់លោក ឧត្តមសេនីយ Pongthep Thesprateep ដែលលោកជាអគ្គនាយកនៃព្រែកជីកក្រា បានឲ្យដឹងថា ព្រែកជីកមួយនេះនឹងធ្វើឲ្យការដឹកជញ្ជូនតាមកប៉ាល់របស់ពិភពលោកមានការផ្លាស់ប្តូរច្រើន ហើយ ប្រទេសជាច្រើនរួមទាំងកម្ពុជាផងនឹងចំណេញដោយសារព្រែកជីកក្រានេះ។

លោកPongthep ដដែលបានរំពឹងថា គំនិតធ្វើព្រែកជីកដែលបានគិតចង់ធ្វើតាំងពីជិត៣៥០ឆ្នាំមកហើយនេះ នឹងចេញជាផ្លូវការនាពេលខាងមុខ។ តាមរបាយការណ៍បន្ថែមចេញផ្សាយពីព័ត៌មាននានាបានឲ្យដឹងថា ព្រែកជីកក្រានេះអាចនឹងត្រូវចំណាយថវិកាក្នុងការសាងសង់ប្រមាណ២៨ពាន់លានដុល្លារអាមេរិក និងត្រូវចំណាយពេល១០ឆ្នាំដើម្បីធ្វើការសាងសង់។ចំណែកទំហំនៃព្រែកជីកនេះ ត្រូវបានគេបង្ហើបថាមានជម្រៅ២៥ម៉ែត្រទទឹង៤០០ម៉ែត្រនិងមានចំងាយ១២០គីឡូម៉ែត្រដែលត្រូវបានគេចាត់ទុកថាជាសំណង់ដ៏មហិមារបស់ពិភពលោក។

ប្រសិនបើគម្រោងផ្លូវទឹកសិប្បនិមិត្តរបស់ថៃមួយនេះអាចលេចចេញជារូបរាងឡើងមែននោះ ព្រែកជីក្រានឹងក្លាយជាព្រែកជីកធំបំផុតលើសព្រែកជីកប៉ាណាម៉ាព្រែកជីកស៊ុយអេ និងព្រែកជីកនានានៅលើសកលលោក។លើសពីនេះទៅទៀតបន្ទាប់ពីព្រែកជីកក្រាត្រូវបានសាងសង់រួចរាល់នោះការធ្វើដំណើរតាមផ្លូវទឹកការដឹកទំនិញនិងការធ្វើដំណើរតាមផ្លូវទឹកនឹងកាន់តែមានភាពងាយស្រួលនិងចំណេញពេលវេលាជាច្រើនពីប្រព័ន្ធផ្លូវទឹកពង្វាងមួយនេះ។ម្យ៉ាងវិញទៀតការដឹកទំនិញផ្សេងៗមកពីប៉ែកអឺរ៉ុបនិងអាហ្វ្រីកមកតំបន់អាស៊ីនិងគោលដៅផ្សេងទៀតក៏នឹងអាចកាត់បន្ថយការចំណាយផ្សេងៗបានមួយកម្រិតថែមទៀតដែលអាចធ្វើឲ្យតម្លៃទំនិញមានតម្លៃថោកទៅតាមនោះដែរ។

គួរជម្រាបជូនថា ប្រព័ន្ធផ្លូវទឹកដែលប្រទេសថៃកំពុងធ្វើការសិក្សានេះគឺឆ្លងកាត់ពីសមុទ្រថៃទៅសមុទ្រអាន់ដាម៉ាន់មានចម្ងាយប្រមាណជាង១២០គីឡូម៉ែត្រដោយឆ្លងកាត់ខេត្តស៉ូរ៉ាត់ថានី។បើគម្រោងមួយនេះត្រូវចេញជារូបរាងឡើងមែនប្រទេសថៃនឹងទទួលបានអត្ថប្រយោជន៍យ៉ាងមហាសាលពីបណ្តាញផ្លូវទឹកមួយនេះជាពិសេសថៃនឹងអាចទាក់ទាញការដឹកជញ្ជូនតាមផ្លូវទឹកពីប្រទេសសឹង្ហបុរីបានយ៉ាងច្រើន។មិនតែប៉ុណ្ណោះគម្រោងផ្លូវទឹកសម្រាប់ឲ្យនាវាដឹកទំនិញធំៗឆ្លងកាត់មួយនេះមានការគាំទ្រយ៉ាងពេញទំហឹងពីមហាយក្សចិនព្រោះគម្រោងនេះស្ថិតនៅក្នុងកម្មវិធីអភិវឌ្ឍ One Belt, One Road ហើយនិងផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់សេដ្ឋកិច្ចប្រទេសចិនផងដែរ។

គួរបញ្ជាក់ផងដែរថាសព្វថ្ងៃការធ្វើដំណើរតាមផ្លូវទឹកនិងការដឹកទំនិញតាមកប៉ាល់ធំៗត្រូវឆ្លងកាត់តាមកំពង់ផែរបស់ប្រទេសឹង្ហបុរីដែលជាផ្លូវទឹកនិងកំពង់ផែមានភាពមមាញឹកខ្លាំងហើយត្រូវចំណាយពេលយូរក្នុងការធ្វើដំណើរនិងថវិកាច្រើនជាង៕