គុយបា ថា នៅតែគាំទ្រលោក ម៉ាឌូរ៉ូ ឥតងាករេ ទោះបីរងសម្ពាធទណ្ឌកម្មពីអាមេរិក

0
55

អន្តរជាតិ៖ កាលពីថ្ងៃព្រហស្បតិ៍ ទី៦ ខែមិថុនា ប្រទេសគុយបា បានចេញមុខប្រឆាំងជំទាស់ ទៅនឹងការរឹតបន្តឹងរបស់សហរដ្ឋអាមេរិក លើការធ្វើដំណើរចេញចូលក្នុងប្រទេសខ្លួន ។ បន្ថែមលើនេះ គុយបា បានអះអាងទៀតថា នឹងនៅតែបន្តគាំទ្រប្រធានាធិបតី វ៉េណេហ្ស៊ុយអេឡា លោក ម៉ា ឌូរ៉ូ ដោយឥតងាករេ និងគ្មានលក្ខខណ្ឌ ទោះបីជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ។

សេចក្តីថ្លែងការណ៍ ប្រឆាំងជំទាស់ជាផ្លូវការរបស់គុយបា ធ្វើឡើងត្រឹមតែរយៈពេល ២ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋាភិបាលអាមេរិក ដាក់ចេញនូវការហាមប្រាម មិនឲ្យពលរដ្ឋរបស់ខ្លួន ធ្វើដំណើរទៅកាន់ប្រទេសគុយបា បូករួមទាំងការធ្វើដំណើរកំសាន្តផ្សេងៗ។ មួយរយៈពេលចុងក្រោយនេះ រដ្ឋាភិបាលអាមេរិកលោក ត្រាំ បានដាក់ចេញនូវទណ្ឌកម្មបន្ថែម ទៅលើរដ្ឋាភិបាលគុយបា ក្រោមហេតុផលថា ប្រទេសគុយបា បានជួយជ្រោមជ្រែង និង បន្តគាំទ្រលោក ម៉ា ឌូរ៉ូ ។ លោក ម៉ា ឌូរ៉ូ ដែលលោក ត្រាំ ចង់ឲ្យចុះចេញពីតំណែងប្រធានាធិបតី វ៉េណេហ្ស៊ុយអេឡា និង ជំនួសមកវិញដោយលោក ជូអ៊ែន ហ្កៃដូ ដែលជាមេបក្សប្រឆាំង ។

ទោះបីជាត្រូវរងសំពាធ ទណ្ឌកម្មសេដ្ឋកិច្ចជាបន្តបន្ទាប់ ពីសហរដ្ឋអាមេរិកយ៉ាងណាក្តី ក៏រដ្ឋាភិបាលទីក្រុង ឡាហាវ៉ាន នៅតែមិនញញើតកោតខ្លាច ហើយថែមទាំងបានអះអាងថា នៅតែបន្តធ្វើជាសម្ព័ន្ធមិត្តដ៏ល្អ និង គាំទ្រលោក ម៉ា ឌូរ៉ូ ជារៀងដរាប ។ បន្ថែមលើនេះ រដ្ឋអំណាចគុយបា បានលើកឡើងថា អាមេរិកបានបង្កើតជាព័ត៌មានកាឡៃ បំភ្លៃ បំផ្លើសការពិត ដើម្បីមានលេសចោទប្រកាន់ និង ដាក់ទណ្ឌកម្មបន្ថែមមកលើប្រទេសគុយបា ក្នុងគោលបំណងបំផ្លាញគុយបា ឲ្យរលត់រលាយ ។

គួរបញ្ជាក់ថា ទំនាក់ទំនងអាមេរិក-គុយបា ហាក់មានភាពល្អប្រសើរខ្លះ កាលក្នុងសម័យដឹកនាំរបស់អតីតប្រធានាធិបតី អូប៉ាម៉ា ។ ក៏ប៉ុន្តែទំនាក់ទំនងរវាងប្រទេសទាំងពីរ បានវិលមករកភាពតានតឹងឡើងវិញ បន្ទាប់ពីលោក ដូណាល់ ត្រាំ ឡើងកាន់តំណែងជាប្រធានាធិបតីតាំងពីឆ្នាំ២០១៧ មក ។ រដ្ឋបាលរបស់លោក ត្រាំ ថា ប្រទេសគុយបា បានជ្រៀតជ្រែកចូលក្នុងកិច្ចការកងទ័ពរបស់ប្រទេសវ៉េណេហ្ស៊ុយអេឡា និង មានចំណែកក្នុងការធ្វើឲ្យប្រទេសអាមេរិកឡាទីនមួយនេះ ធ្លាក់ក្នុងភាពវឹកវរ ។

កន្លងមក ទីក្រុងវ៉ាស៊ីតោន ធ្លាប់បានទាមទារឲ្យទីក្រុង ឡាហាវ៉ាន ដកចេញកងទ័ពរបស់ខ្លួន ដែលឈរជើងចាំជួយលោក ម៉ា ឌូរ៉ូ ។ ប្រទេសគុយបា បានបញ្ជាក់ថា ប្រជាជនរបស់ខ្លួនដែលកំពុងរស់នៅ ក្នុងប្រទេសវ៉េណេហ្ស៊ុយអេឡា នាពេលបច្ចុប្បន្ន មានចំនួនប្រមាណ ២០ ០០០ នាក់ ដែលភាគច្រើន គឺជាក្រុមគ្រូពេទ្យ និង មិនមែនជាកងទ័ពដូចពាក្យចោទប្រកាន់របស់អាមេរិកនោះឡើយ ៕ (AFP ថ្ងៃទី៧ ខែមិថុនា)

Facebook Comments