0
66

អន្តរជាតិ៖ តៃវ៉ាន់បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ ទី៦ ខែមិថុនាថា ខ្លួនពិតជាកំពុងរៀបចំ បញ្ជាទិញគ្រឿងសព្វាវុធ ក្នុងបរិមាណដ៏ច្រើនពីអាមេរិក ដើម្បីយកមកជំនួសគ្រឿងសព្វាវុធចាស់ទ្រុឌទ្រោមផង និង ដើម្បីការពារខ្លួន ទល់នឹងការគំរាមកំហែងពីចិនផង។ នៅក្នុងគម្រោងបញ្ជាទិញដ៏ធំនេះ គេរាប់ឃើញមានជាអាទិ៍ រថពាសដែក និង ប្រព័ន្ធមីស៊ីល ។ គ្រាន់តែទទួលដំណឹងនេះភ្លាម ចិនបានបញ្ចេញប្រតិកម្មខឹងសម្បាយ៉ាងខ្លាំង ។

ក្រសួងការពារជាតិតៃវ៉ាន់ បានបញ្ជាក់ជាផ្លូវការ អំពីការបញ្ជាទិញ រថក្រោះ ប្រភេទ M១ A២ Abrams ចំនួន ១០៨ គ្រឿង មីស៊ីលប្រឆាំងរថពាសដែក Javelin និង Tow ចំនួនជាង ១៥០០គ្រឿង ព្រមទាំងកាំភ្លើងបាញ់មីស៊ីលពីដី ទៅអាកាសរយៈចម្ងាយខ្លី ចំនួន ២៥០ គ្រឿង ។ ការបញ្ជាទិញកំពុងចាប់ដំណើរការតាមសំណុំបែបបទហើយ នេះបើតាមសេចក្តីថ្លែងការណ៍ របស់ក្រសួងការពារជាតិតៃវ៉ាន់ ។

ពេលបានឮសេចក្តីប្រកាសរបស់តៃវ៉ាន់ភ្លាម ចិនបានបញ្ចេញប្រតិកម្ម តាមរយៈសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសភ្លាមដែរ ។ “យើងបានប្រាប់អាមេរិកជាច្រើនដងមកហើយ ឱ្យគោរពគោលការណ៍ចិនតែមួយ និង ថាការលក់អាវុធឱ្យតៃវ៉ាន់ ជាប្រធានបទដ៏រសើប និងជាសេចក្តីសម្រេចដ៏គ្រោះថ្នាក់បំផុត” នេះជាសំដីក្រើនរំលឹករបស់អ្នកនាំពាក្យ ក្រសួងការបរទេសចិន ។

តាំងពីឆ្នាំ១៩៤៩ ដែលបក្សកុម្មុយនិស្តឡើងកាន់អំណាចនៅប៉េកាំង និង ក្រោយសង្គ្រាមស៊ីវិលបង្ហូរឈាមមក តៃវ៉ាន់ ស្ថិតក្រោមការដឹកនាំដាច់ដោយឡែក និង មានរបបដឹកនាំផ្ទុយពីចិនដីគោក ក៏ប៉ុន្តែក្រុងប៉េកាំងតែងចាត់ទុកតៃវ៉ាន់ ជាផ្នែកមួយនៃដែនដីទាំងមូលរបស់ចិន ។ ចិនមិនដែលបោះបង់គំនិត ប្រើកម្លាំងបាយទៅក្រសោបយកតៃវ៉ាន់ មកច្របាច់បញ្ចូលជាចិនតែមួយឡើងវិញឡើយ ។

ចំណែកខាងក្រុងវ៉ាស៊ីនតោនវិញ ដែលបានកាត់ផ្តាច់ទំនាក់ទំនងជាមួយកោះតៃវ៉ាន់តាំងពី១៩៧៩ ដើម្បីភ្ជាប់ទំនាក់ទំនងការទូត និង ទទួលស្គាល់ប៉េកាំងជាតំណាងចិនតែមួយនោះ នៅតែរក្សាខ្លួនជាសម្ព័ន្ធមិត្តដ៏មានឥទ្ធិពល និង ជាអ្នកផ្គត់ផ្គង់អាវុធដ៏ចំបងឲ្យតៃវ៉ាន់ដដែល ។ ទំនាក់ទំនងអាមេរិកតៃវ៉ាន់ កាន់តែត្រូវបានពង្រឹងបន្ថែមទៀត ដោយប្រធានាធិបតី លោក ដូណាល់ ត្រាំ តាមរយៈចេតនា ចង់លក់សព្វាវុធទំនើបទៅឱ្យទីក្រុង តៃប៉ិ ។

បើតាម Bloomberg News រដ្ឋបាលអាមេរិក បានដាក់សំណើនេះទៅសភារួចហើយ អំពីគម្រោងចង់លក់សម្ភារៈបរិក្ខាយោធាទៅតៃវ៉ាន់ ក្នុងតម្លៃប្រមាណ២ ពាន់លានដុល្លារសហរដ្ឋអាមេរិក ៕ (ស៊ីនហួរ ថ្ងៃទី៧ ខែមិថុនា)

Facebook Comments