អត្ថាធិប្បាយ៖ កម្ពុជាប្រកាន់ជំហរឹងមាំ ចំពោះគោលការណ៍ការពារអធិបតេយ្យ និងឯករាជ្យជាតិ

0
66

ភ្នំពេញ៖ ក្នុងរយៈពេលពេញ ១សប្តាហ៍ បេសកកម្មស្វែងរកការពិតរបស់គណៈកម្មការអឺរ៉ុប និងតំណាងសហភាពអឺរ៉ុប ទទួលបន្ទុកគោលនយោបាយការបរទេស និងសន្តិសុខ បានស្ថិតនៅក្នុងប្រទេសកម្ពុជា ដើម្បីធ្វើការងារជាមួយភាគីកម្ពុជា ពាក់ព័ន្ធនឹងប្រព័ន្ធអនុគ្រោះពន្ធ «មុខទំនិញគ្រប់យ៉ាង លើកលែងតែ អាវុធ» ហៅកាត់ថា EBA ។ មន្ត្រីជាន់ខ្ពស់កម្ពុជាមួយចំនួនត្រូវជួបពិភាក្សាការងារជាមួយក្រុមបេសកកម្ម នេះ ដើម្បីធ្វើការពន្យល់បកស្រាយអំពីអ្វី ដែលគេហៅថា ជាក្តីព្រួយបារម្ភយ៉ាងក្រៃលែងអំពីលំហប្រជាធិប តេយ្យ និងបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ។ នេះជាលើកទី២ហើយ ដែលក្រុមបេសកកម្មស្វែងរកការពិតរបស់ សហភាពអឺរ៉ុបបានមកកម្ពុជា ដើម្បីពិភាក្សាអំពីរឿងដដែលជាដដែលនេះ ។

ប៉ុន្តែអ្វីដែលគួរកត់សម្គាល់គឺ មុនពេល និងក្នុងពេលដែលក្រុមបេសកកម្មស្វែងរកការពិត បំពេញ ការងារនៅកម្ពុជា គេឃើញមានការលេចចេញនូវការឃោសនាជាច្រើន ដើម្បីមួលបង្កាច់អំពីសភាពការណ៍ពិតនៅកម្ពុជា ។ អ្នកស្រី មួរ សុខហួរ មនុស្សម្នាក់ក្នុងចំណោមមនុស្សមួយក្តាប់តូច ដែលធ្លាប់ដឹកនាំអតីត ខ្មោចអសុរកាយ គណបក្សសង្គ្រោះជាតិ ដែលតែងតែរត់ទៅជ្រកក្នុងជើងខោពួកបរទេស បានសរសេរលិខិតដល់ទៅពីរ ផ្ញើទៅអ្នកស្រី Cecilla Malm Strom ស្នងការសហភាពអឺរ៉ុបផ្នែកពាណិជ្ជកម្ម ដោយទាម ទារឲ្យសហគមន៍អឺរ៉ុបត្រូវតែដាក់សម្ពាធលើរាជរដ្ឋាភិបាលកម្ពុជា ។ ជារឿយៗ ពពួកជនក្បត់ជាតិ នៃអតីត CNRP តែងតែជំរុញពួកបរទេសឲ្យធ្វើបែបនេះ ហើយក៏ជាញយដងដែរ ដែលពួកគេតែងតែទៅលន់តួសុំយោបល់ ហើយពេលខ្លះទទួលយកដំបូន្មានពីពួកបរទេស ដើម្បីបំផ្លាញកម្ពុជាដោយអត់អៀនខ្មាស់ ។ ជាថ្មីម្តងទៀតនេះ សួរថា តើមនុស្សម្នាក់ ដែលនិយាយក្នុងនាមថា ខ្លួនជាតំណាងសហភាពអឺរ៉ុប ឆ្លើយតបទៅនឹងសំណូមពររបស់ មួរ សុខហួរ យ៉ាងដូចម្តេច? លោក Peter Berz ប្រធានផ្នែកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្ម របស់គណៈកម្មការអឺរ៉ុប បានប្រាប់ទៅ មួរ សុខហួរ វិញថា៖ «សូមលោកស្រី ជឿជាក់ចុះថា សហភាពអឺរ៉ុបនៅតែប្តេជ្ញាចិត្ត ធ្វើការឃ្លាំមើលយ៉ាងដិតដល់ លើស្ថានការណ៍នៅក្នុងប្រទេសកម្ពុជា» ។

ឃ្លាំមើលឬ? យើងសូមស្វាគមន៍រាល់ការឃ្លាំមើលដោយយកចិត្តទុកដាក់ ពីសំណាក់សហភាពអឺរ៉ុប ប៉ុន្តែសូមធ្វើការឃ្លាំមើលដោយប្រកាន់យកនូវភាពសុច្ចរឹតខាងនយោបាយ និងភាពយុត្តិធម៌ ហើយធ្វើការវាយតម្លៃដោយភាពត្រឹមត្រូវ ។ ប៉ុន្តែយើងអត់ជឿទេ ។ ប្រទេសមួយចំនួននៅក្នុងសហគមន៍អឺរ៉ុបបានប្រកាន់យកនូវជំហនយោបាយត្រឹមត្រូវចំពោះកម្ពុជា ប៉ុន្តែមួយចំនួនទៀត មានភាពពាក់ព័ន្ធជាមួយពួកក្បត់ជាតិនៅកម្ពុជា ហើយពួកនេះមិនដែលផ្តល់យុត្តិធម៌ដល់យើងទេ ។ លំហប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស តាមកតិការសញ្ញារបស់អង្គការសហប្រជាជាតិ និងអង្គការពលកម្មពិភពលោកត្រូវបាន កម្ពុជាអនុវត្តយ៉ាងម៉ត់ចត់ ។ ការបោះឆ្នោតទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយមានគណបក្សជាច្រើន ចូលរួម ប្រជាជនមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់ មានសិទ្ធិចូលរួមដោយសេរី ជាមួយគណបក្សនយោបាយ មានសិទ្ធិបង្កើតអង្គការ និងសមាគម ដែលបច្ចុប្បន្នមានទៅដល់រាប់ពាន់ហើយ ការពង្រឹងនីតិរដ្ឋក៏កំពុងតែត្រូវបានអនុវត្តយ៉ាងពេញលេញស្របតាមនិយាមអន្តរជាតិ ។ តើវានៅខ្វះអីទៀត? វានៅខ្វះតែគណបក្ស សង្គ្រោះជាតិដែលជាកម្លាំងចលករនៃបដិវត្តន៍ពណ៌ ហើយដែលត្រូវបានតុលាការកំពូលចេញសាលក្រមរំលាយចោលនោះឬ? តើវានៅខ្វះតែជនក្បត់ជាតិ ដែលមួយចំនួនកំពុងជាប់គុក មួយចំនួនកំពុងរត់ប្រាស់ស្រុក សម្រាប់យកមកប្រើឲ្យធ្វើសកម្មភាពបង្កើតចលនាបដិវត្តន៍ពណ៌ជាថ្មីនោះឬ? ចម្លើយចំពោះសំណួរ នេះមានគ្រប់គ្រាន់ ហើយលើសពីគ្រប់គ្រាន់ទៀតផង ។

ពេលណាក៏ដូចជាពេលណា ពួកគេទាមទារឲ្យមានការដោះលែង កឹម សុខា និងសកម្មជនអតីត CNRP ។ ពួកគេនៅតែចោទថា រាជរដ្ឋាភិបាលកម្ពុជាប្រើប្រាស់ប្រព័ន្ធតុលាការធ្វើបាបមន្ត្រីបក្សប្រឆាំង ហើយធ្វើជាសម្តែងការភ័យព្រួយយ៉ាងអនេក ចំពោះមន្ត្រីអតីត CNRP ១៤០នាក់ ដែលត្រូវបានតុលាការ កោះហៅ ។ ពួកគេនៅតែនិយាយថា លំហប្រជាធិបតេយ្យនៅកម្ពុជាកាន់តែរួមតូច, កម្ពុជាជារដ្ឋផ្តាច់ការ ។ ប៉ុន្តែពួកគេសម្ងំស្ងាត់ឈឹង នៅពេលដែល សម រង្ស៊ី បំផុសកងកម្លាំងប្រដាប់អាវុធ និងប្រជាជនឲ្យងើបបះ បោរផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ។ ពួកគេកាន់តែស្ងាត់ស្ងៀមណាស់ទៅទៀត នៅពេលដែលគេដឹង ថា ពួកប្រឆាំងផ្កាប់មុខនៃអតីតខ្មោច CNRP ដោយមានការគូសវាសរៀបចំផែនការពីខាងក្រៅ សាកល្បង ប្រមូលកម្លាំងឡើងវិញនៅតាមមូលដ្ឋាន ដើម្បីធ្វើសកម្មភាព បំផ្លាញស្ថិរភាពក្នុងសង្គម ។

ក្រោយពីបញ្ចប់បេសកកម្មរបស់គណៈកម្មការអឺរ៉ុប និងតំណាងសហភាពអឺរ៉ុប ទទួលបន្ទុកគោលនយោបាយការបរទេស និងសន្តិសុខនៅកម្ពុជា យើងមិនសង្ឃឹមថា កម្ពុជានឹងទទួលបាននូវការវាយតម្លៃមួយ ប្រកបដោយភាពយុត្តិធម៌ទេ ពីព្រោះថា ពួកនេះធ្វើសកម្មភាព ដោយមិនស្មោះត្រង់ ហើយមានចរិក នយោបាយយ៉ាងពិតប្រាកដ ។ យើងអាចសិក្សាទៅលើការទាមទាររបស់គេ ក៏បានឃើញច្បាស់ថា គណៈកម្មការអឺរ៉ុប ធ្លាប់បាន និងបានធ្វើការសម្រេចដោយបំពានជាចំហទៅលើអធិបតេយ្យ នៃរដ្ឋមួយ ជាការលូក ជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងនៃប្រទេសមួយ ដែលមានឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីពេញលេញ ។

យើងដឹងច្បាស់យ៉ាងប្រាកដថា ក្រោយពេលដែលក្រុមបេសកកម្មស្វែងរកការពិតនេះត្រឡប់ទៅវិញ យុទ្ធនាការឃោសនាខាងនយោបាយមួយនឹងត្រូវបានពួកប្រឆាំងទាំងខាងក្នុង និងខាងក្រៅធ្វើឡើង ដើម្បីបង្ហាញឲ្យឃើញរូបភាពមិនល្អរបស់កម្ពុជា និងថាការដក EBA គឺជារឿងដែលសមហេតុសមផល រួចទម្លាក់បញ្ហាមកឲ្យរាជរដ្ឋាភិបាលកម្ពុជាជាអ្នកទទួល ។

សូមចងចាំឲ្យច្បាស់ថា កម្ពុជាមិនដែលចុះញ៉មចំពោះការគម្រាមណាមួយ ដែលធ្វើឲ្យប៉ះពាល់ទៅដល់អធិបតេយ្យភាព និងឯករាជ្យជាតិរបស់ខ្លួននោះទេ ។ ចំពោះគោលការណ៍នេះ កម្ពុជាប្រកាន់ជំហរឹងមាំដាច់ខាត និងម៉ឺងម៉ាត់បំផុត ៕

ដោយ៖ លី ទួង

Facebook Comments