លោក ត្រាំ ជួបពិភាក្សា ជាមួយលោកស្រី ធៀរីហ្សា មេ អំពីពាណិជ្ជកម្ម

0
66

អន្តរជាតិ៖ កាលពីថ្ងៃអង្គារ ទី៤ ខែមិថុនា នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស លោកស្រី ធៀរីហ្សា មេ និងប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានបង្ហាញពីបំណងនៅក្នុងការពង្រីក ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នៅពេលដែលមេដឹកនាំទាំងពីរ បានចាប់ផ្ដើមជួបប្រជុំគ្នា នៅក្នុងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ។ ថ្លែងនៅឯព្រឹត្តិការណ៍តុមូល ស្ដីពីអាជីវកម្ម លោក ត្រាំ បាននិយាយថា លោកគិតថាប្រទេសទាំងពីរនឹងសម្រេចបាននូវ «កិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏សំខាន់ និងមានយុត្តិធម៌បំផុត‍» មួយ ។

លោកស្រី មេ បានបញ្ជាក់ថា ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក អាចពង្រីកភាពជាដៃគូសេដ្ឋកិច្ច ដោយមានកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី ហើយរដ្ឋាភិបាលអង់គ្លេសជឿជាក់លើ «ការធ្វើឲ្យទីផ្សារមានភាពសេរី យុត្តិធម៌ និងបើកចំហ»។ លោក ត្រាំ បានបន្តកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី ជាមួយនឹងដៃគូពាណិជ្ជកម្មសំខាន់ៗមួយចំនួន របស់សហរដ្ឋអាមេរិក ដែលក្នុងនោះមានទាំងប្រទេសចិនផងដែរ ដោយមានបញ្ជាក់អំពីគោលបំណង នៅក្នុងការធ្វើឲ្យលក្ខខណ្ឌ នៃកិច្ចព្រមព្រៀងមានទំនោរមករកសហរដ្ឋអាមេរិកវិញ ។

បន្ថែមទៅលើការពិភាក្សា ជាមួយក្រុមមេដឹកនាំអាជីវកម្មនានា លោក ត្រាំ និងលោកស្រី មេ បានពិភាក្សាទ្វេភាគី និងពិសាអាហារថ្ងៃត្រង់បែបការងារ ជាមួយគ្នាកាលពីថ្ងៃអង្គារ មុនពេលបង្ហាញខ្លួននៅឯសន្និសីទកាសែតរួមគ្នា ។

បន្ទាប់មក លោក ត្រាំ និងភរិយា គឺលោកស្រី Melania បានពិសាអាហារពេលល្ងាចជាមួយព្រះអង្គម្ចាស់ Charles និងមហេសីព្រះអង្គ គឺព្រះអង្គម្ចាស់ក្សត្រិយ៍ Camilla ៕ (Reuters ថ្ងៃទី៥ ខែមិថុនា)

Facebook Comments