ជំងឺប៉េស្តនឹងវាយប្រហារ ទីផ្សារសាច់ជ្រូកច្រើនឆ្នាំទៅមុខទៀត

0
61

អន្តរជាតិ៖ ខ្សែសង្វាក់ផ្គត់ផ្គង់អាហារ និងសាច់ជ្រូកនៅលើសកលលោកនឹងមានការធ្លាក់ចុះ ហើយតម្លៃនឹងកើនឡើងខ្ពស់ចាប់ពីទីផ្សារអាហារ នៅទីក្រុងហុងកុង រហូតដល់សហរដ្ឋអាមេរិក ។ បញ្ហានេះកើតឡើង ក្រោយពីសត្វជ្រូករាប់លានក្បាលត្រូវបានគេប្រមូលយកទៅកម្ទេចចោល ក្រោយផ្ទុះជំងឺប៉េស្តអាហ្វ្រិកនៅប្រទេសចិន និងប្រទេសដទៃទៀត ។

ការផ្ទុះឡើងនៃជំងឺប៉េស្តអាហ្វ្រិក បានកើតឡើងនៅវៀតណាម ម៉ុងហ្គោលី កម្ពុជា ហុងកុង និងចិន ដែលសុទ្ធតែជាប្រទេសផលិតសាច់ជ្រូក និងទទួលទានសាច់ជ្រូកច្រើនជាងគេនៅលើពិភពលោក ។ AFP បានដកស្រង់សម្ដីក្រុមអ្នកជំនាញ ចុះផ្សាយថា បញ្ហានេះត្រូវការពេលរាប់ឆ្នាំ ដើម្បីទប់ស្កាត់ជំងឺប្រភេទនេះ កុំឲ្យកើតឡើងលើកសិដ្ឋានចិញ្ចឹមជ្រូក នៅទូទាំងតំបន់អាស៊ី ។

ការត្រួតពិនិត្យតឹងរ៉ឹង និងការហាមឃាត់លើការនាំចូល ត្រូវបានអនុវត្ត ដើម្បីគ្រប់គ្រងការរីករាលដាលនៃជំងឺសត្វជ្រូកនេះ ប៉ុន្តែជម្ងឺប៉េស្តជ្រូកនេះ បានវាយប្រហារទៅលើខេត្តជាច្រើន នៅក្នុងប្រទេសចិន ធ្វើឲ្យផលិតកម្មសាច់ជ្រូក មានការធ្លាក់ចុះដល់ទៅ ៣០ ភាគរយឯណោះ រីឯតម្លៃសាច់ជ្រូកវិញ បានកើនឡើងដល់ទៅប្រហែល ៤០ភាគរយ ឯណោះ នៅក្នុងប្រទេសចិនក្នុងឆ្នាំ២០១៩នេះ ហើយការនាំចូលជ្រូកពីអឺរ៉ុប កាណាដា និងប្រេស៊ីល កំពុងកើនឡើងខ្ពស់៕ (AFP ថ្ងៃទី៥ ខែមិថុនា)

Facebook Comments