ធនាគារពិភពលោក ទម្លាក់ចុះអត្រាកំណើនសេដ្ឋកិច្ចពិភពលោក ឆ្នាំ២០១៩

119
Loading...

អន្តរជាតិ៖ ធនាគារពិភពលោក បានទម្លាក់ការព្យាករណ៍កំណើនសេដ្ឋកិច្ចពិភពលោក សម្រាប់ឆ្នាំ២០១៩នេះ នៅក្នុងរបាយការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ ទី៤ ខែមិថុនា ដែលបង្ហាញថា ពិភពលោកមួយពោរពេញទៅដោយ ការប៉ះទង្គិចពាណិជ្ជកម្មកាន់តែយ៉ាប់យ៉ឺន ការធ្លាក់ចុះទំនុកចិត្ត និងការវិនិយោគកាន់តែច្រើនឡើងៗ ។ គ្រោះមហន្តរាយដ៏ធំកើតចេញពីការប៉ះទង្គិចគ្នាផ្នែកពាណិជ្ជកម្ម រវាងប្រទេសមហាអំណាចធំៗ ដែលបានកើនឡើងជាថ្មីម្តងទៀតកាលពីសប្តាហ៍មុននៅពេលដែលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសពន្ធគយលើទំនិញប្រទេសម៉ិកស៊ិក នៅក្នុងជម្លោះលើគោលនយោបាយអន្តោប្រវេសន៍ ។

សេដ្ឋកិច្ចពិភពលោក ត្រូវបានគេរំពឹងថានឹងកើនឡើង 2,6 ភាគរយនៅឆ្នាំ២០១៩នេះ ទាបជាងការព្យាករណ៍កាលពីខែមករា ហើយទាបជាងកំណើន 3 ភាគរយនៃកំណើនឆ្នាំ 2018 នេះ បើយោងតាមរបាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចពិភពលោក ។

ធនាគារពិភពលោក ក៏បានបញ្ចេញការព្រួយបារម្ភ អំពីការកើនឡើងកម្រិតបំណុល និងបានព្រមានដល់ប្រទេសកំពុងអភិវឌ្ឍន៍ ចំពោះការសម្រេចចិត្តខ្ចីប្រាក់ ដើម្បីស្វែងរកកំណើនសេដ្ឋកិច្ច ។ លោក David Malpass ជាប្រធានធនាគារពិភពលោកថ្មី ដែលពីមុនជារដ្ឋមន្រ្តីក្រសួងរតនាគារសហរដ្ឋអាមេរិក បានចូលរួមក្នុងការចរចាពាណិជ្ជកម្ម ជាមួយប្រទេសចិន បានថ្លែងថា កំណើនសេដ្ឋកិច្ចសកល មានភាពផុយស្រួយ ហើយការធ្លាក់ចុះនេះ ធ្វើឱ្យប៉ះពាល់ដល់វឌ្ឍនភាព ក្នុងការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រនៅក្នុងពិភពលោក ។ លោកបានប្រាប់ក្រុមអ្នកយកព័ត៌មានថា៖ “ទស្សនវិស័យសេដ្ឋកិច្ចពិភពលោក ក្នុងរយៈពេលវែង អាចប្រឈមនឹងបញ្ហាជាច្រើន ។

ការព្យាករណ៍ថ្មីរបស់ធនាគារពិភពលោកនេះ មានភាពស្រពិចស្រពិល ជាងទស្សនវិស័យចុងក្រោយរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ ដែលបានចេញផ្សាយនៅក្នុងខែមេសា ប៉ុន្តែក៏បានព្យាករណ៍ពីការធ្លាក់ចុះ និងបានព្រមានពីហានិភ័យដែលបង្កឡើង ដោយជម្លោះពាណិជ្ជកម្មដែរ។ លោក Ayhan Kose សេដ្ឋវិទូធនាគារពិភពលោក បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា៖ «ចំណុចសំខាន់ គឺថាសេដ្ឋកិច្ចពិភពលោក កំពុងឈានដល់ចំណុចប្រសព្វមួយ យើងត្រូវរកវិធីដើម្បីធ្វើឱ្យមានស្ថិរភាពកំណើន ហើយខ្ញុំគិតថា ការកើនឡើងបន្ថែមទៀត នៃភាពតានតឹងផ្នែកពាណិជ្ជកម្ម គឺជាហានិភ័យទីមួយ ដែលអាចមានទម្ងន់លើទស្សនវិស័យ» ។

ទំហំពាណិជ្ជកម្មពិភពលោក ក៏ត្រូវបានគេរំពឹងទុកថា នឹងធ្លាក់ចុះយ៉ាងគំហុកមកនៅត្រឹម 2,6 ភាគរយនៅឆ្នាំ២០១៩នេះ ដែលជាល្បឿនយឺតបំផុត ចាប់តាំងពីវិបត្តិហិរញ្ញវត្ថុពិភពលោក និងមានភាគរយទាបជាងការប៉ាន់ប្រមាណកាលពីខែមករា ។ (CNA ថ្ងៃទី៥ ខែមិថុនា)

Loading...