ម្ចាស់ពានណូបែលសេដ្ឋកិច្ចអាមេរិក៖ «លោក ដូណាល់ ត្រាំ កំពុងធ្វើឲ្យអាមេរិកក្លាយជាប្រទេស ដែលគ្មានភាពទទួលខុសត្រូវលើឆាកអន្តរជាតិ»

0
72

(វ៉ាស៊ីនតោន)៖ ម្ចាស់ពានរង្វាន់ណូបែលផ្នែកសេដ្ឋកិច្ច និងជាសេដ្ឋវិទូអាមេរិក លោក ផូល ក្រាកមែន (Paul Krugman) បាននិយាយថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កំពុងធ្វើឲ្យសហរដ្ឋអាមេរិក ក្លាយជាប្រទេសគ្មានការទទួលខុសត្រូវនៅលើឆាកអន្តរជាតិ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី០៥ ខែមិថុនា ឆ្នាំ២០១៩។

បើតាមលោក Krugman រដ្ឋាភិបាលអាមេរិកសព្វថ្ងៃក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ កំពុងប្រព្រឹត្តខ្លួនដោយគ្មានភាពទទួលខុសត្រូវឡើយ តាមរយៈការដំឡើង ក៏ដូចជាយកពន្ធលើទំនិញបរទេស។ លោក Krugman បានបន្តថា វាក៏ជាការរំលោភបំពានជាក់ស្តែង លើកិច្ចព្រមព្រៀងអន្តរជាតិរបស់អាមេរិកផងដែរ ហើយទង្វើនេះនឹងធ្វើឲ្យស្តង់ដារស់នៅ របស់ប្រជាជនអាមេរិកភាគច្រើនចុះអន់ថយ ព្រមទាំងបំផ្លាញការងារជាច្រើន ក្នុងវិស័យផលិតកម្មរបស់អាមេរិក និងប៉ះពាល់ជាខ្លាំងដល់កសិកអាមេរិកផ្ទាល់។

លោក Krugman បានលើកឡើងទៀតថា ប្រវត្តិសាស្រ្តកន្លងមកក៏បានស្តែងឲ្យឃើញដែរថា ការដំឡើងក៏ដូចជាយកពន្ធដើម្បីដាក់ពិន័យដៃគូ ពាណិជ្ជកម្មរបស់អាមេរិក នឹងជះផលអាក្រក់តបស្នងមកវិញ។ តួយ៉ាងដូចកាលទសវត្សរ៍ឆ្នាំ១៩២០ ដែលបានធ្វើឲ្យកសិកអាមេរិករងគ្រោះ ដោយសារតែទំនិញកសិផលរបស់ពួកគេមានតម្លៃទាបខ្លាំង ហើយតម្លៃសម្រាប់សម្ភារៈកសិកម្មវិញឡើងខ្ពស់កប់ពពក។

លោក Paul Krugman បានសង្កត់ធ្ងន់ទៀតថា បញ្ហានេះមិនមែនត្រឹមតែប៉ះពាល់ សេដ្ឋកិច្ចអាមេរិកប៉ុណ្ណោះទេ តែក៏ធ្វើឲ្យខូចគោលជំហររបស់អាមេរិក នៅលើឆាកអន្តរជាតិផងដែរ។ សេដ្ឋវិទូអាមេរិករូបនេះបានបញ្ជាក់ដូច្នេះថា «គោលនយោបាយពន្ធមានចំណងប្រទាក់ក្រឡាគ្នា មិនអាចកាត់ផ្តាច់បាន ជាមួយតួនាទីរបស់អាមេរិកក្នុងនាមជាកំពូលមហាអំណាច។ ចំណុចសំខាន់របស់តួនាទីនោះ គឺក្តីរំពឹងថា សហរដ្ឋអាមេរិកនឹងអាចទុកចិត្តបាន ហើយមានការទទួលខុសត្រូវខ្ពស់ ប៉ុន្តែឥឡូវរដ្ឋាភិបាលអាមេរិកសព្វថ្ងៃ កំពុងគ្រវែងតួនាទីនេះចោល»៕

Facebook Comments