ធនាគារ ABA លក់មូលបត្របំណុល ក្នុងទំហំទឹកប្រាក់ ២៥ លានដុល្លារអាមេរិក

184
Loading...

អន្តរជាតិ៖ កាលពីថ្ងៃទី ៣១ ឧសភា ឆ្នាំ២០១៩ ធនាគារ ABA ដែលជាសមាជិកសម្ពន្ធធនាគារជាតិ កាណាដា បានប្រកាសចាប់ផ្ដើមដំណើរការរៀបចំ ការបោះផ្សាយមូលបត្របំណុល ឬហៅថា សញ្ញាបណ្ណសាជីវកម្ម (Corporate Bond) របស់ខ្លួននៅលើផ្សារមូលបត្រកម្ពុជា (CSX)។ តាមសេចក្ដី​ប្រកាសព័ត៌មាន ធនាគារ​ ABA គ្រោងនឹង​បោះផ្សាយ​មូលបត្រ​បំណុល ក្នុងទំហំទឹកប្រាក់ សរុបចំនួន ១០០ ពាន់លាន​រៀល ឬស្មើនឹងប្រមាណ ២៥ លាន​ដុល្លារ​អាមេរិក ដែលមានរយៈពេល ៣ឆ្នាំ ជាមួយអត្រាការប្រាក់ពី ៧ ទៅ ៧,៧៥ ភាគរយ ក្នុងមួយឆ្នាំ។ ការ​បោះផ្សាយលក់​មូលបត្របំណុលរបស់ធនាគារនេះ នឹង​ត្រូវ​យកទៅ​ប្រើសម្រាប់​ការចំណាយ​លើប្រតិបត្តិការ ក៏ដូចជា ការបង្កើន​ចំនួន​ប្រាក់កម្ចី សម្រាប់អាជីវកម្ម ដែលនឹងគាំទ្រ ដល់​អាជីវកម្ម ខ្នាតតូចបំផុត សហគ្រាស​ធុនតូច និងមធ្យម ដែលរួមមាន​សហគ្រិនស្ត្រី​នៅកម្ពុជា​ផងដែរ។

គួរបញ្ជាក់ថា កន្លងមកថ្មីៗនេះ មាន​ស្ថាប័នហិរញ្ញវត្ថុ​ចំនួន​២ ហើយ ដែលបាន​បោះផ្សាយ​លក់​មូលបត្រ​បំណុល​របស់ខ្លួន ជាសាធារណៈ គឺគ្រឹះស្ថានមីក្រូ​ហិរញ្ញវត្ថុ ហត្ថាកសិករ និង​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC ។ ក្នុងនោះ គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ បានប្រកាស​បោះ​ផ្សាយលក់​មូលបត្រ​បំណុល​រហូតដល់ ១២០ ពាន់លានរៀល​ ឬស្មើនឹងប្រមាណ ៣០ លានដុល្លារអាមេរិក​ខណៈគ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ LOLC វិញ បានបោះផ្សាយ​លក់​មូលបត្របំណុល​នេះ ក្នុងទំហំប្រាក់​សរុប ៨០ ពាន់​លានរៀល ស្មើនឹង ២០ លានដុល្លារអាមេរិក។

គិត​មក​ដល់​ត្រឹម​ថ្ងៃ​ទី​៣១ ឧសភា​ ២០១៩​ ទ្រព្យសកម្ម​របស់​ធនាគារ​ ABA​ មាន​ចំនួន​ ៣,៣៦​ ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ដែល​ធ្វើ​ឲ្យ​ខ្លួន​ក្លាយជា​ធនាគារ​ធំ​ទី​បី​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

Loading...