ក្រុមហ៊ុនជប៉ុន គ្រោងចាកចេញពីចិន ដោយសារការដំឡើងពន្ធរបស់អាមេរិក

120
Loading...

អន្តរជាតិ៖ ក្រុមហ៊ុនធំៗមួយចំនួនរបស់ជប៉ុន មានគម្រោងផ្លាស់ប្តូរទីតាំងផលិតកម្មរបស់ខ្លួនពីប្រទេសចិន ទៅកាន់ប្រទេសផ្សេង ដើម្បីកាត់បន្ថយការចំណាយពន្ធ នៅពេលនាំចូលទៅកាន់សហរដ្ឋអាមេរិក ។

កាលពីថ្ងៃទី១០ ខែឧសភា លោក ដូណាល់ ត្រាំ បានប្រកាសដំឡើងពន្ធ ទំនិញនាំចូលពីចិនរហូតដល់ ២៥ ភាគរយ ។ ការដំឡើងពន្ធដំណាក់កាលទី ៤ របស់សហរដ្ឋអាមេរិកនេះ ធ្វើឲ្យប៉ះពាល់ដល់ទំនិញដែលផលិត នៅក្នុងប្រទេសចិនជាច្រើន ក្នុងនោះក៏មានផលិតផលរបស់ក្រុមហ៊ុនជប៉ុនផងដែរ ។ នៅពេលការដំឡើងពន្ធ ចូលជាធរមាន ទំនិញរបស់ជប៉ុន ផលិតនៅប្រទេសចិននឹងឡើងថ្លៃ ក្នុងទីផ្សារអាមេរិក ដែលនាំឲ្យការលក់មានការធ្លាក់ចុះ ។ ដោយសារតែមូលហេតុនេះហើយ ទើបក្រុមហ៊ុនជប៉ុនមួយចំនួន សម្រេចចិត្តចាកចេញពីប្រទេសចិន ។

តាមការចុះផ្សាយរបស់សារព័ត៌មាន Straits Times ក្រុមហ៊ុនជប៉ុនភាគច្រើន បានផ្លាស់ប្តូរទីតាំងទៅកាន់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយចំនួនដូចជា ថៃ វៀតណាម និងម៉ាឡេស៊ី ជាដើម ។ ការដំឡើងពន្ធរបស់សហរដ្ឋអាមេរិកដំណាក់កាលទី៤នេះ ប៉ះពាល់ដល់ទំនិញប្រើប្រាស់ជាច្រើនប្រភេទ ដែលផលិតដោយក្រុមហ៊ុនជប៉ុន ដូចជា ទូរស័ព្ទ កុំព្យូទ័រ នាឡិកាដៃ និងសម្លៀកបំពាក់ជាដើម ។

ប្រភពដដែលឲ្យដឹងថា ក្រុមហ៊ុនផលិតសម្ភារអេឡិចត្រូនិក Casio Computer កំពុងតែធ្វើការផ្ទេរទីតាំងផលិតនាឡិកាដៃ និងឧបករណ៍តន្រ្តីទៅកាន់ប្រទេសថៃ និងជប៉ុនវិញ ។ ក្រុមហ៊ុននេះ បញ្ជាក់ថា ការដំឡើងពន្ធរបស់អាមេរិក អាចធ្វើឲ្យពួកគេខាតបង់ប្រហែល ៩ លានដុល្លារ ។ ចំណែកឯក្រុមហ៊ុន Ricoh ដែលផលិតម៉ាស៊ីនបោះពុម្ពលក់ឲ្យសហរដ្ឋអាមេរិក កំពុងតែរៀបចំរើទីតាំងរបស់ខ្លួន ទៅកាន់ប្រទេសថៃដែរ ។

ប្រភពពី Straits Times ដដែលឲ្យដឹងបន្តថា ក្រុមហ៊ុនសម្លៀកបំពាក់ដ៏ធំរបស់ជប៉ុនគឺ Uniqlo ក៏បានពិភាក្សាពីការផ្លាស់ប្តូរទីតាំងរោងចក្រ ទៅកាន់ប្រទេសបង់ក្លាដេស និងវៀតណាមផងដែរ ។ ជាមួយគ្នានេះ ក្រុមហ៊ុន Panasonic បានដូរទីតាំងរោងចក្រមួយចំនួនរបស់ខ្លួនមកកាន់ប្រទេសថៃ និងម៉ាឡេស៊ីរួចស្រេចទៅហើយ ។

ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនមួយចំនួនរបស់ជប៉ុន ដូចជា Nintendo Switch ជាដើម នៅតែស្ទាក់ស្ទើរ ក្នុងការចាកចេញពីប្រទេសចិន ដោយសារតែពួកគេព្រួយបារម្ភពីថ្លៃចំណាយក្នុងការសាងសង់នៅលើទីតាំងថ្មី ៕ (AFP ថ្ងៃទី៤ ខែមិថុនា)

Loading...