ចិនអះអាងថា ការបង្រ្កាបបាតុកម្មនៅទីលាន ធៀនអានមេន គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ

148
Loading...

អន្តរជាតិ៖ ថ្ងៃទី៤ ខែមិថុនានេះ គឺជាខួប៣០ឆ្នាំនៃការបង្រ្កាបយ៉ាងហិង្សា ទៅលើបាតុកម្មនៅទីលាន ធៀនអានមេន នៅឆ្នាំ១៩៨៩។ នៅក្នុងវេទិកាសន្តិសុខអាស៊ីប៉ាស៊ីហ្វិក ដែលកំពុងប្រព្រឹត្តធ្វើនៅប្រទេសសិង្ហបុរី លោករដ្ឋមន្ត្រីការពារជាតិចិន បានថ្លែងអះអាងថា ការបង្រ្កាបបាតុកម្មនៅទីលាន ធៀនអានមេន នៅឆ្នាំ១៩៨៩ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់រដ្ឋាភិបាលចិន កាលជំនាន់នោះ ។

នៅចំពោះមុខរដ្ឋមន្ត្រីក្រសួងការពារជាតិ និងមេទ័ពធំៗជាច្រើនប្រទេស លោកមេបញ្ជាការ Wei Fenghe រដ្ឋមន្ត្រីការពារជាតិចិន បានថ្លែងថា៖ “បាតុកម្មនៅទីលាន ធៀនអានមេន នៅឆ្នាំ១៩៨៩ គឺជាសកម្មភាពវឹកវរនយោបាយ ហើយរដ្ឋាភិបាលត្រូវតែធ្វើអ្វីម្យ៉ាង ដើម្បីបិទបញ្ចប់ស្ថានភាពវឹកវរនេះ ។ ដូច្នេះ ការបង្រ្កាបបាតុកម្មនេះ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុត” ។

លោករដ្ឋមន្ត្រីចិនរូបនេះបន្តថា៖ “ ខ្ញុំឆ្ងល់ណាស់ ហេតុអ្វីបានជាប្រទេសផ្សេងៗ មើលមកចិនក្នុងផ្លូវអាក្រក់ ហើយរិះគន់ចិនធ្ងន់ៗ ទាក់ទិននឹងការបង្រ្កាបបាតុកម្មនេះ” ។ លោកបន្ថែមថា៖ “៣០ឆ្នាំមកនេះ ចិនបានវិវឌ្ឍន៍ផ្លាស់ប្តូរ មានសន្តិភាព និងស្ថិរភាពពេញលេញ ក៏ដោយសារតែការសម្រេចចិត្តរបស់រដ្ឋាភិបាលចិន ក្នុងការបង្រ្កាប និងបិទបញ្ចប់សកម្មភាពបាតុកម្មអាណាធិបតេយ្យ” ។

សូមរំលឹកថា នៅក្នុងខែឧសភា ឆ្នាំ១៩៨៩ បាតុកម្មតវ៉ារបស់សិស្ស និស្សិត និងកម្មករចិន នៅទីក្រុងប៉េកាំង បានរីកកាន់តែធំ ដើម្បីទាមទារឲ្យមានការផ្លាស់ប្តូរ មកគោរពលទ្ធិប្រជាធិបតេយ្យ និងលប់បំបាត់អំពើពុករលួយ នៅក្នុងជួរបក្សកុម្មុយនិស្តចិន ។

នៅយប់ថ្ងៃទី៣ ឈានចូលថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៨៩ បក្សកុម្មនីស្តចិន បានសម្រេចបញ្ជូនកម្លាំងទាហាន មានរថក្រោះជាច្រើនគ្រឿង មកបំបែកហ្វូងបាតុករ នៅទីលានធៀនអានមេន ។ យោងតាមឯកសារជាច្រើន បានឲ្យដឹងថា ក្នុងរយៈពេលតែមួយយប់នៃការបង្រ្កាបនេះ មានបាតុករស្លាប់យ៉ាងហោច ១ម៉ឺននាក់ ៕ (ស៊ីនហួរ ថ្ងៃទី៤ ខែមិថុនា)

Loading...