អាមេរិក លក់យន្តហោះ ដ្រូន 34 គ្រឿង ទៅឲ្យសម្ព័ន្ធមិត្ត នៅក្នុងតំបន់សមុទ្រចិនខាងត្បូង

91

អន្តរជាតិ៖ រដ្ឋបាលលោក ត្រាំ បានធ្វើដំណើរទៅមុខ ជាមួយនឹងការលក់យន្តហោះគ្មានមនុស្សបើក ជាប្រភេទយន្តហោះឈ្លបយកការណ៍ទៅឱ្យសម្ព័ន្ធមិត្តអាមេរិក 4 នៅក្នុងតំបន់សមុទ្រចិនខាងត្បូង ខណៈដែលរដ្ឋមន្ត្រីការពារជាតិលោក Patrick Shanahan បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន “លែងមានព័ត៌មានជំនួយ” ជុំវិញឥរិយាបថរបស់ចិននៅអាស៊ីទៀតហើយ ។

មន្ទីរបញ្ចកោណបានប្រកាសកាលពីសប្តាហ៍មុនថា ខ្លួននឹងលក់យន្តហោះគ្មានមនុស្សបើក ScanEagle ចំនួន 34 គ្រឿងដែលផលិតឡើងដោយក្រុមហ៊ុន Boeing ទៅកាន់រដ្ឋាភិបាលម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហ្វីលីពីន និងវៀតណាម ដែលមានទឹកប្រាក់សរុបចំនួន 47 លានដុល្លារអាមេរិក ។ យន្តហោះគ្មានមនុស្សបើក និងឧបករណ៍គ្មានអាវុធចំនួន 12 គ្រឿងនឹងត្រូវបញ្ជូនទៅកាន់ប្រទេសម៉ាឡេស៊ីក្នុងតម្លៃប្រហែល 19 លានដុល្លារ ។ ប្រទេសឥណ្ឌូនេស៊ី ដែលជាប្រទេសធំជាងគេ នៅសមុទ្រចិនខាងត្បូងនឹងទិញយន្តហោះគ្មានមនុស្សបើកចំនួន ៨ គ្រឿង ប្រទេសហ្វីលីពីនចំនួន ៨គ្រឿង និងវៀតណាមចំនួន ៦ គ្រឿង ។

កាលពីឆ្នាំ 2018 ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានដាក់ចេញនូវកំណែទម្រង់ថ្មី នៃគោលនយោបាយនាំអាវុធរបស់អាមេរិក ក្នុងគោលបំណងពង្រីកការលក់ទៅឱ្យសម្ព័ន្ធមិត្ត ដោយនិយាយថា វានឹងជំរុញឧស្សាហកម្មការពារជាតិអាមេរិកផង និងបង្កើតការងារធ្វើនៅក្នុងប្រទេសផង ៕ (Reuters ថ្ងៃទី៤ ខែមិថុនា)