លោក Pompeo ព្រមានជាថ្មី ទៅកាន់សម្ព័ន្ធមិត្តអឺរ៉ុប កុំឲ្យប្រើបណ្តាញ 5G របស់ក្រុមហ៊ុន Huawei

0
72

អន្តរជាតិ៖ សហរដ្ឋអាមេរិកជាថ្មីម្តងទៀត បានអំពាវនាវឲ្យសម្ព័ន្ធមិត្តអឺរ៉ុប មានការប្រុងប្រយ័ត្នអំពីអ្វីដែលអាមេរិកថ្លែងថា ជាហានិភ័យផ្នែកសន្តិសុខ បង្កឡើងដោយក្រុមហ៊ុនទូរស័ព្ទរបស់ចិន Huawei ខណៈដែលប្រទេសនានា កំពុងបង្កើតបណ្តាញ 5G របស់ខ្លួន ។

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo បានថ្លែងកាលពីថ្ងៃចន្ទ បន្ទាប់ពីជំនួបជាមួយរដ្ឋមន្ត្រីការបរទេសប្រទេសហូឡង់លោក Stef Blok នៅក្នុងទីក្រុងឡាអេថា៖ «យើងមានភាពច្បាស់លាស់ ។ អ្វីដែលយើងស្នើគឺ ប្រាប់ទៅសម្ព័ន្ធមិត្ត ដៃគូ និងមិត្តរបស់យើងទាំងអស់ កុំឲ្យធ្វើអ្វីដែលអាចបង្កឲ្យមានគ្រោះថ្នាក់ ទៅលើសន្តិសុខរួម ឬដាក់កំហិតទៅលើសមត្ថភាពរបស់យើង ក្នុងការចែករំលែកព័ត៌មានរសើប‍» ។

សេចក្តីថ្លែងការណ៍របស់មន្ត្រីការទូតកំពូលអាមេរិករូបនេះធ្វើឡើង ខណៈដែលទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ហូឡង់ បានរាយការណ៍អំពីការស៊ើបអង្កេតទៅលើកម្មវិធីបង្កប់មួយ ដែលអាចអនុញ្ញាតឲ្យក្រុមហ៊ុន Huawei ចូលយកទិន្នន័យរបស់អ្នកប្រើប្រាស់ដោយគ្មានការអនុញ្ញាត ៕ (CNA ថ្ងៃទី៤ ខែមិថុនា)

Facebook Comments