លោក ម៉ូឌី ​ផ្តើម​​អាណត្តិថ្មី ជាមួយ​នឹង​ការ​បាត់បង់ ​ប្រព័ន្ធអនុគ្រោះពន្ធពី​អាមេរិក

120
Loading...

អន្តរជាតិ​៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានសម្រេចកាលពីថ្ងៃសុក្រ ទី៣១ ខែឧសភា ដកប្រទេស​ឥណ្ឌា ចេញពីប្រព័ន្ធអនុគ្រោះពន្ធ របស់អាមេរិក​ចាប់ពីថ្ងៃទី៥ ខែមិថុនាតទៅ ។ នេះគឺជាដំណឹង​អាក្រក់​មួយ សម្រាប់ឥណ្ឌា និងជាពិសេស សម្រាប់លោក ណារិន្ទ្រ ម៉ូឌី នាយករដ្ឋមន្ត្រី​​ថ្មីរបស់ឥណ្ឌា ដែលទើបតែឈ្នះឆ្នោតក្នុងអាណត្តិទី​២ ព្រោះថា កំណើន​សេដ្ឋកិច្ចឥណ្ឌា នៅត្រីមាសចុងក្រោយនៃឆ្នាំ២០១៨-២០១៩ កន្លងទៅ​ ត្រូវបានអ្នកជំនាញ សន្និដ្ឋានថា បានធ្លាក់ចុះខ្លាំង​ គួរឲ្យព្រួយបារម្ភ ។

សេតវិមានបានបញ្ជាក់ឲ្យដឹងថា ចាប់ពីថ្ងៃទី​៥ ខែមិថុនា​នេះទៅ ឥណ្ឌានឹងលែងមានឈ្មោះក្នុងចំណោមប្រទេស ដែលទទួលបានការអនុគ្រោះពន្ធអាមេរិកទៀតហើយ ។ ប្រព័ន្ធអនុគ្រោះពន្ធនេះ មានឈ្មោះថា GSP (Generalized System of Preferences) ដែលមាន​ប្រមាណ​ ​១០០ប្រទេស ។ ទំនិញមួយភាគធំ នៃប្រទេសទាំងនេះ អាចនាំ​ចូលទៅលក់នៅអាមេរិក ដោយមិនចាំបាច់បង់ពន្ធ ។

នៅក្នុងលិខិតប្រកាសរបស់សេតវិមាន លោក ដូណាល់ ត្រាំ បានលើកឡើងថា ឥណ្ឌា​មិនបានរៀបចំធានាឲ្យផលិតផល​អាមេរិក អាចជ្រៀតចូលក្នុងទីផ្សារឥណ្ឌា ឲ្យបានស្មើភាព និងសមរម្យនោះទេ ។ ដូច្នេះ អាមេរិក សូមដកឥណ្ឌាចេញពីប្រព័ន្ធអនុគ្រោះពន្ធ ចាប់ពីថ្ងៃទី ​៥​ ខែមិថុនា ។ បើយោងតាមតួលេខផ្លូវការរបស់ក្រសួងពាណិជ្ជកម្មអាមេរិក ជញ្ជីងពាណិជ្ជកម្មរវាងឥណ្ឌា និងអាមេរិក គឺផ្អៀងខ្លាំងទៅខាងឥណ្ឌា ​ដែលគិត​ជាទឹកប្រាក់​ប្រមាណ ​២៦.៧០០ លានដុល្លារអាមេរិក ។ សម្រាប់ឥណ្ឌា នេះគឺជាដំណឹងអាក្រក់ខ្លាំងណាស់ ព្រោះថា សហរដ្ឋអាមេរិក គឺជាទីផ្សារធំជាងគេ​បង្អស់នៃការនាំចេញរបស់ឥណ្ឌា ។

ក្នុងមួយឆ្នាំ ឥណ្ឌានាំចេញទៅអាមេរិក មានទំហំទឹកប្រាក់ជាមធ្យម ៤ ម៉ឺនលានដុល្លារ ។ តាមពិតទៅ លោក ដូណាល់ ត្រាំ ធ្លាប់បានលើកឡើងកាលពីខែមីនាកន្លងទៅថា គាត់ចង់ដកឥណ្ឌា និងតួកគី ចេញពីប្រព័ន្ធអនុគ្រោះពន្ធ ដើម្បីកុំឲ្យអាមេរិក បាត់ចំណូលពន្ធច្រើនពេក ។ ឥឡូវពេលនេះ លោក ដូណាល់ ត្រាំ ធ្វើមែនទែនជាមួយឥណ្ឌា នៅតែជាមួយតួកគីទេ ដែលមិនទាន់ដឹងថា ដកចាប់ពីថ្ងៃណាទៅ ។ (AFP ថ្ងៃទី៣ ខែមិថុនា)

Loading...