លោក ដូណាល់ ត្រាំ ​ប្រាប់​អង់គ្លេសឲ្យ​ដើរចេញ​ពី​​អឺរ៉ុប ដោយ​​គ្មាន​កិច្ចព្រមព្រៀង

105
Loading...

អន្តរជាតិ៖ មិនទាន់​ដាក់ជើងជាន់លើទឹកដី​អង់គ្លេសផង ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ផ្តល់​គំនិត​​ទៅ​ថ្នាក់ដឹកនាំ​អង់គ្លេសភ្លាម ។

នៅក្នុង​បទសម្ភាសន៍ ជាមួយកាសែត​អង់គ្លេស​ Sunday Times ចុះផ្សាយកាលពី​ថ្ងៃ​អាទិត្យ លោកប្រធានាធិបតី ​ដូណាល់ ត្រាំ បាន​ផ្តល់យោបល់​ឲ្យ​អង់គ្លេស ដើរចេញ​ពី​សហភាព​អឺរ៉ុប ទាំង​គ្មាន​កិច្ចព្រមព្រៀង ។ សម្រាប់​ប្រធានាធិបតី​អាមេរិក អនាគត​នាយករដ្ឋមន្រ្តី​ថ្មី ដែល​នឹង​ចូលដឹកនាំ​រដ្ឋាភិបាល​អង់គ្លេស បន្ត​ពីលោកស្រី ធៀរីហ្សា មេ ត្រូវ​តែ​ហ៊ាន​ដើរ​ចេញ​ពីតុចរចា បើសិនអង់គ្លេសមិន​បាន​ទទួល​ប្រយោជន៍ តាមការចង់បានពី​សហភាព​អឺរ៉ុប ។

លោក ត្រាំ បាននិយាយថា បើសិន​​រូបលោកជា​មេដឹកនាំ​អង់គ្លេសវិញ លោក​នឹង​មិន​ព្រម​ខាតបង់​ប្រាក់ ៥០​ ពាន់​លាន​ដុល្លារ ទៅ​ឲ្យ​សហភាព​អឺរ៉ុប​នោះទេ ។ លោក ដូណាល់ ​ត្រាំ ​ចង់​សំដៅដល់កញ្ចប់​ប្រាក់ប្រមាណ ៤៥ ​ពាន់​លាន​អឺរ៉ូ ដែល​អង់គ្លេសក្នុង​នាមជា​សមាជិក​សហភាពអឺរ៉ុប បាន​ចុះ​កិច្ចសន្យាបង់​វិភាគទានសម្រាប់​រយៈពេល ៦ ឆ្នាំ រហូត​ដល់ឆ្នាំ២០២០ ។ វិធីសាស្រ្ត ងើបដើរ​ចេញ​ពីតុចរចានេះ ធ្លាប់​ត្រូវបាន​លោក ដូណាល់ ត្រាំ ធ្វើ​កន្លងមក នៅ​ក្នុង​ជំនួបកំពូល​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង នៅ​ប្រទេស​វៀតណាម ។

នៅ​ក្នុង​កាសែត​អង់គ្លេស​មួយទៀតឈ្មោះ The Sun មេដឹកនាំ​អាមេរិក បាន​រិះគន់​សាជាថ្មីដល់ លោកស្រីនាយករដ្ឋមន្រ្តី ធៀរីហ្សា មេ ដែល​ទន់ខ្សោយ នៅ​ចំពោះ​មុខការទាមទារ​ពី​សហភាពអឺរ៉ុប ។ លោក ​ដូណាល់ ​ត្រាំ បាន​សំដែងការ​គាំទ្រលោក Boris Johnson អតីត​រដ្ឋមន្រ្តី​ការបរទេសអង់គ្លេស ដែល​កំពុង​ឈរឈ្មោះសម្រាប់​តំណែង​អនាគត​នាយករដ្ឋមន្រ្តី បន្ត​ពីលោកស្រី មេ ។ លោក Boris Johnson ជា​បេក្ខជន​ម្នាក់​ដែល​គាំទ្រ​គំនិត ដើរចេញ​របស់​អង់គ្លេស បើទោះបី​ជា​គ្មាន​កិច្ចព្រមព្រៀងក៏ដោយ ។ ដោយសារ​តែ​ចង់​បាន​កិច្ចព្រមព្រៀង នៅក្រោយ​ការដើរចេញ​ពី​សហភាព​អឺរ៉ុប បានធ្វើឲ្យ​រដ្ឋាភិបាល​អង់គ្លេស​របស់​លោកស្រី មេ សុខចិត្ត​លើក​ថ្ងៃដើរចេញពី​សហភាព​អឺរ៉ុប ដែល​តាមកាលកំណត់​ត្រូវ​ធ្វើ នៅ​ថ្ងៃទី២៩​ ខែមីនា​ដើមឆ្នាំនេះ ។ ទំនាក់ទំនង​ពាណិជ្ជកម្ម​អង់គ្លេស អាមេរិក ជា​ប្រធានបទ​សំខាន់នៅក្នុងជំនួបពិភាក្សា​រវាង​លោកស្រីនាយករដ្ឋមន្រ្តី ​មេ និង​លោក ដូណាល់ ត្រាំ នៅទីក្រុង​ឡុងដ៍ ។

កាលពី​ថ្ងៃ​អាទិត្យ លោក ដូណាល់ ត្រាំ បាន​បញ្ជាក់ថា លោកត្រៀមខ្លួន​រួចហើយ​ ដើម្បី​ចរចាកិច្ចព្រមព្រៀង ស្តីពីពាណិជ្ជកម្ម​សេរីរវាង​ប្រទេស​ទាំងពីរ ។ អាមេរិក ​គឺជាដៃគូពាណិជ្ជកម្ម​ដ៏មាន​សក្តានុពល​របស់អង់គ្លេស​ច្រើនជាង ​ជាមួយសហភាពអឺរ៉ុប​ទៅទៀត ។

តាម​ឯកអគ្គរដ្ឋទូត​អាមេរិក ប្រចាំ​នៅទីក្រុង​ឡុងដ៍ អាមេរិក​ទន្ទឹង​រង់ចាំ​ឲ្យ​អង់គ្លេស ​បើកទ្វារ​នាំចូល​ផលិតផល​កសិកម្ម​អាមេរិក ដែល​ពេលនេះ​កំពុង​ប្រឈម​នឹង​វិបត្តិ ដោយសារ​សង្រ្គាម​ពាណិជ្ជកម្ម​ជាមួយចិន ៕ (Reuters ថ្ងៃទី៣ ខែមិថុនា)

Loading...