ជំនួបកំពូល ​ស្តីពី​សន្តិសុខ​អាស៊ី ​គ្របដណ្តប់​ជម្លោះ​ចិន និងអាមេរិក

0
70

អន្តរជាតិ៖ ជំនួបកំពូល​លើក​ទី១៨ ស្តីពី​សន្តិសុខ​អាស៊ី ប៉ាស៊ីហ្វិក បាន​ចាប់ផ្តើម​បើកទ្វារ នៅ​ប្រទេស​សិង្ហបុរីកាលពី​ថ្ងៃ​សុក្រ រហូត​ដល់​ថ្ងៃអាទិត្យ ទី២ ​ខែមិថុនា ។ ជំនួបកំពូល​ដែល​រៀបចំ​ឡើង​ដោយ​វិទ្យាស្ថាន សម្រាប់​ការសិក្សា​ផ្នែក​យុទ្ធសាស្រ្ត (IISS) ជា​វេទិកាពិភាក្សា​របស់​រដ្ឋមន្រ្តី​ការពារ​ជាតិ មកពីប្រទេស​ចំនួន ២៨ ដែល​ក្នុង​នោះ​មាន ប្រទេស​សមាជិក​អាស៊ានទាំង ​១០ ​និង​អាមេរិក ជាដើម ។ ជាលើកទី១ ប្រទេស​ចិន​បាន​បញ្ជូន​រដ្ឋមន្រ្តី​ការពារជាតិ ​ទៅ​ចូលរួម​ផ្ទាល់ នៅក្នុង​ជំនួបកំពូល ដែល​​គ្របដណ្តប់​ដោយ​ជម្លោះ​រវាង​មហាអំណាច​ចិន និងអាមេរិក ។

ជំនួបកំពូល​ស្តីពី​សន្តិសុខ​នៅ​ប្រទេស​សិង្ហបុរី ត្រូវ​បានវិទ្យាស្ថាន​អន្តរជាតិ​សម្រាប់​ការសិក្សា​ផ្នែក​យុទ្ធសាស្ត្រ ដែលមាន​ទីស្នាក់ការ​នៅ​ប្រទេស​អង់គ្លេស រៀបចំឡើងចាប់តាំង​ពី​ឆ្នាំ២០០២ ដើម្បី​និយាយ​ពី​ស្ថិរភាព និង​ដំណើរការ​ពាណិជ្ជកម្ម នៅក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិក ។ ប៉ុន្តែ សន្និសីទ​ឆ្នាំនេះ ដែល​ទើបមាន​ការចូលរួម​ជាលើកទី​១ ពី​រដ្ឋមន្រ្តី​ការពារ​ជាតិ​ចិន បាន​ផ្តោតជាសំខាន់​ទៅលើ​សំណុំរឿង​​ពីរ គឺ​បញ្ហា​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង ​និងជម្លោះពាណិជ្ជកម្ម​ចេញមុខរវាង​ចិន និង​អាមេរិក ។ អ្នកចូលរួម​មួយ​ចំនួន​បារម្ភថា ជម្លោះ​ពាណិជ្ជកម្ម​ចិន និងអាមេរិក​​អាច​លាតសន្ធឹងគ្របដណ្តប់​ទៅលើ​វិស័យ​សន្តិសុខ និងការពារ​ជាតិ ។

កាលពីថ្ងៃ​សុក្រ​ នៅ​ក្រៅ​ក្របខណ្ឌជំនួបកំពូលនៅ​សិង្ហបុរី រដ្ឋមន្រ្តី​ការពារ​ជាតិអាមេរិក លោក Patrick Shanahan បាន​ជួប​ពិភាក្សា ២០នាទី ជាមួយ​ប្រមុខ​ការពារ​ជាតិចិន លោក Wei Fenghe ។ អ្នកនាំពាក្យ​​ក្រសួង​ការពារ​ជាតិ​អាមេរិក ​បាន​លើកឡើង​ពី​ជំនួប​វិជ្ជមាន និង​ស្ថាបនា ព្រោះថា ភាគី​ទាំងពីរ​បាន​ពិភាក្សា​ពី​មធ្យោបាយ ដើម្បីកាត់បន្ថយ​ការយល់ច្រលំពីគ្នាទៅវិញទៅមក ។

នៅ​មុន​ជំនួប​ជាមួយ​រដ្ឋមន្រ្តី​ការពារ​ជាតិ​ចិន​ ប្រមុខការពារ​ជាតិអាមេរិក លោក Shanahan បាន​និយាយ​ប្រាប់​អ្នកកាសែត​ថា លោក​នឹង​លើកនិយាយ​ពី​ឥរិយាបទ​មិនល្អ​របស់ចិន ជាពិសេស រឿង​ដែល​ចិន​គ្រោង​នឹង​សាងសង់​កន្លែងចុះចត​យន្តហោះ ​និងការ​តាំង​គ្រាប់មីស៊ីល នៅលើ​កោះសប្បនិម្មិត ក្នុង​សមុទ្រ​ចិន​ខាងត្បូង ។ ការបញ្ជូន​ប្រមុខ​យោធាចិន ​ឲ្យ​ចូលរួម​ផ្ទាល់ នៅ​ក្នុង​សន្និសីទនៅ​សិង្ហបុរីលើកនេះ ទីក្រុង​ប៉េកាំងចង់​បញ្ជាក់​ផងដែរ ពី​ជំហរ​របស់​ចិន ទៅកាន់​សន្និសីទ ដែលតាំងពីដើម​រហូតមក គ្របដណ្តប់​ដោយ​ឥទ្ធិពល​របស់​អាមេរិក ។

​ថ្លែងទៅកាន់​សន្និសីទ​នៅ​សិង្ហបុរី កាលពីថ្ងៃ​អាទិត្យ​ រដ្ឋមន្រ្តី​ការពារ​ជាតិ​ចិន​នឹង​បញ្ជាក់​ថា គ្មានទេ ការគំរាមកំហែង​របស់​ចិន នៅក្នុង​តំបន់ ។ ចិន​នឹង​កែតម្រូវ​គំនិត យល់​ច្រលំ​ទាំងអស់​ទៅលើ​ចិន ។ សម្រាប់​ទីក្រុងប៉េកាំង នយោបាយ​កងទ័ព​ជាតិចិន ធ្វើឡើង​ក្នុង​គោលដៅ ការពារ​តែប៉ុណ្ណោះ ។ “ចិន​មិន​ចង់​បាន​ទឹកដី​របស់​ប្រទេស​ដទៃនោះទេ ប៉ុន្តែចិនក៏​មិន​ព្រម​ចុះចាញ់ ឲ្យ​បាត់បង់​ទឹកដី​របស់ខ្លួន សូម្បី​មួយ​ចំអាមដែរ” ។ (CNA ថ្ងៃទី៣ ខែមិថុនា)

Facebook Comments