ចិន បានហៅការដំឡើងពន្ធគយរបស់អាមេរិកថា ជាអំពើភេរវកម្មសេដ្ឋកិច្ច

89

អន្តរជាតិ៖ រដ្ឋាភិបាលចិន បានចោទប្រកាន់សហរដ្ឋអាមេរិកថា បានប្រឡូកនៅក្នុង «អំពើភេរវកម្មសេដ្ឋកិច្ចយ៉ាងច្បាស់ក្រឡែត» នៅក្នុងសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ។

អនុរដ្ឋមន្ត្រីការបរទេសចិនលោក Zhang Hanhui បានលើកឡើងពីការចោទប្រកាន់នេះកាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងទីក្រុងប៉េកាំង ប្រទេសចិន ក្នុងអំឡុងពេលធ្វើសន្និសីទកាសែតអំពីដំណើរទស្សនកិច្ចផ្លូវការរបស់ប្រធានាធិបតីចិនលោក ស៊ី ជីនពីន ទៅកាន់ប្រទេសរុស្ស៊ីនៅសប្ដាហ៍ក្រោយ ។ លោក Zhang Hanhui បានបញ្ជាក់ថា ទោះបីជាប្រទេសចិន មិនចង់ឲ្យមានសង្គ្រាមពាណិជ្ជកម្មកើតឡើងក៏ដោយ ក៏ប្រទេសចិនមិនខ្លាចអំពីរឿងនេះដែរ ។

លោកបានហៅទង្វើរបស់រដ្ឋបាលលោក ត្រាំ ថាជា «ការសម្លុតគំរាមផ្នែកសេដ្ឋកិច្ច» ។ រដ្ឋាភិបាលក្រុងប៉េកាំង និងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន មានសង្គ្រាមពាណិជ្ជកម្មជាមួយគ្នាតាំងពីខែកក្កដា ឆ្នាំមុនមកម៉្លេះ ដោយនៅពេលនោះ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ដំបូងបានដំឡើងពន្ធគយលើទំនិញរាប់រយមុខរបស់ចិន ដែលមានទឹកប្រាក់រាប់ពាន់លានដុល្លារ ជាហេតុបណ្ដាលឲ្យមានការសងសឹក ដំឡើងពន្ធគយគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ ។

មេដឹកនាំនៃប្រទេសទាំងពីរបានឯកភាពគ្នា ឈប់ធ្វើឲ្យសង្គ្រាមពាណិជ្ជកម្មនេះ រីករាលដាលទៅមុខទៀតកាលពីខែធ្នូ ឆ្នាំមុន នៅពេលដែលពួកគេចរចា ដើម្បីសម្រេចឲ្យបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏យូរអង្វែងមួយ ។ ប៉ុន្តែកាលពីពេលថ្មីៗនេះ លោក ត្រាំ បានដំឡើងពន្ធគយលើទំនិញចិន ដែលមានទឹកប្រាក់ ២០០ ពាន់លានដុល្លារ បន្ទាប់ពីបានចោទប្រកាន់រដ្ឋាភិបាលចិនថា បានបំភ្លេចពាក្យសន្យានៅក្នុងការកែប្រែឥរិយាបថ នៃការធ្វើពាណិជ្ជកម្មរបស់ខ្លួន ។

ជាការសងសឹកតបតទៅវិញ រដ្ឋាភិបាលចិន បានប្រកាសអំពីការដំឡើងពន្ធគយថ្មី លើទំនិញរបស់សហរដ្ឋអាមេរិកក្នុងទឹកប្រាក់ ៦០ ពាន់លានដុល្លារ ដែលនឹងចូលជាធរមាននៅថ្ងៃទី១ ខែមិថុនាខាងមុខនេះ ៕ (ស៊ីនហួរ ថ្ងៃទី៣១ ខែឧសភា)