ទីប្រឹក្សាសន្តិសុខជាតិអាមេរិក ចោទអ៊ីរ៉ង់ថា ជាអ្នកវាយប្រហារលើកប៉ាល់ដឹកប្រេង

82

អន្តរជាតិ៖ កាលពីមុន ប្រទេសអ៊ីរ៉ង់បានបដិសេធថា ខ្លួនមិនមែនជាអ្នកប្រព្រឹត្តការវាយប្រហារនេះទេ ហើយកាលពីថ្ងៃពុធ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Abbas Mousavi បានបញ្ជាក់ថា ការចោទប្រកាន់របស់លោក Bolton គឺជារឿងដ៏គួរឲ្យចង់សើច។

ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក John Bolton បាននិយាយនៅថ្ងៃពុធថា ប្រទេសអ៊ីរ៉ង់គឺ «ស្ទើរតែច្បាស់ក្រឡែត» ជាអ្នកទទួលខុសត្រូវ ចំពោះការវាយប្រហារកាលពីដើមខែនេះ លើកប៉ាល់ដឹកប្រេងនៅក្នុងសមុទ្រ នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម ។ ថ្លែងទៅកាន់អ្នកកាសែត នៅក្នុងអំឡុងពេលធ្វើទស្សនកិច្ចទៅកាន់រដ្ឋធានី Abu Dhabi ប្រទេសអេមីរ៉េតអារ៉ាប់រួម លោក Bolton មិនបានផ្ដល់ភស្តុតាងណាមួយ ដើម្បីគាំទ្រដល់ការចោទប្រកាន់របស់លោកនោះទេ ប៉ុន្តែលោកបានបញ្ជាក់ថា កប៉ាល់ដឹកប្រេងទាំងនោះ ត្រូវបានបំផ្លាញដោយគ្រាប់ផ្ទុះ ដែលគេបង្កប់នៅក្នុងទឹក ។

ភាពតានតឹងរវាងប្រទេសអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកបានរីករាលដាលឡើង នៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ចាប់តាំងពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសអំពីការសម្រេចរបស់លោក នៅក្នុងការព្យាយាមកាត់ផ្ដាច់ទាំងស្រុង នូវការនាំចេញប្រេងរបស់ប្រទេសអ៊ីរ៉ង់ ដើម្បីដាក់សម្ពាធដល់រដ្ឋាភិបាលអ៊ីរ៉ង់ ឲ្យប្ដូរឥរិយាបថរបស់ខ្លួននៅតំបន់មជ្ឈិមបូព៌ា និងប្រកាសអំពីវិធានការរបស់លោក នៅក្នុងការបង្កើនវត្តមានយោធាអាមេរិក នៅតំបន់ឈូងសមុទ្រពែក្ស ដើម្បីឆ្លើយតបទៅនឹងអ្វីដែលលោកបាននិយាយថា ជាការគំរាមកំហែងរបស់អ៊ីរ៉ង់ ។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif បានចោទប្រកាន់លោក Bolton និងមន្ត្រីផ្សេងទៀតថា ជាអ្នកសង្គ្រាមនិយម និងបាននិយាយថា រដ្ឋបាលរបស់លោក ត្រាំ ដែលបានដាក់ទណ្ឌកម្មឡើងវិញប្រឆាំងនឹងអ៊ីរ៉ង់ គឺកំពុងប្រព្រឹត្ត «អំពើភេរវកម្មសេដ្ឋកិច្ច»៕ (Reuters ថ្ងៃទី៣០ ខែឧសភា)