លោក ស៊ី និយាយថា ចិនមិនស្វែងរក “ឥទ្ធិពល” នៅប៉ាស៊ីហ្វិកទេ

85

បរទេស៖ លោក ស៊ី ជីនពីង ប្រធានាធិបតីចិន បានប្រាប់នាយករដ្ឋមន្ត្រីនៃប្រទេសកោះ Vanuatu ថា ប្រទេសលោកខាងលិចកំពុងមានការព្រួយបារម្ភ អំពីតួនាទីកើនឡើងរបស់ប្រទេសចិននៅក្នុងតំបន់នោះ ។ ប្រទេសចិន បានផ្តល់ជំនួយដល់ប្រទេសកំពុងអភិវឌ្ឍន៍ នៅតំបន់ប៉ាស៊ីហ្វិក ហើយប្រជាជនជាច្រើនមើលឃើញថា ការផ្តល់ប្រាក់កម្ចីរបស់ប្រទេសចិន គឺជាមធ្យោបាយដ៏ល្អបំផុត ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចរបស់ពួកគេ ។

ក្រុមអ្នករិះគន់និយាយថា ប្រាក់កម្ចីរបស់ចិន អាចនាំប្រទេសទាំងឡាយចូលទៅក្នុងអន្ទាក់បំណុល ប៉ុន្តែរដ្ឋាភិបាលទីក្រុងប៉េកាំងបដិសេធ ។ សហរដ្ឋអាមេរិក និងអូស្រ្តាលី បានសម្លឹងមើលដោយមានការព្រួយបារម្ភ ជាពិសេស តួនាទីរីកលូតលាស់របស់ប្រទេសចិន នៅតំបន់ប៉ាស៊ីហ្វិក ។

នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Scott Morrison នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសកោះ សូឡូម៉ុង នៅសប្តាហ៍ក្រោយ ។ ក្រសួងការបរទេសចិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីល្ងាចថ្ងៃអង្គារ ទី28 ខែឧសភាថា លោកប្រមុខ ស៊ី បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីប្រទេសកោះ Vanuatu គឺលោក Charlot Salwai នៅទីក្រុងប៉េកាំង ហើយបាននិយាយថា ប្រទេសចិនគាំទ្រគោលការណ៍ នៃភាពស្មោះត្រង់លទ្ធផលពិត និងជំនឿទុកចិត្ត ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយបណ្តាប្រទេសកោះនៅប៉ាស៊ីហ្វិក ។ ក្រសួងពុំមានចំណាប់អារម្មណ៍ផ្ទាល់ខ្លួន នៅក្នុងប្រទេសដីកោះ និងមិនស្វែងរកអ្វីដែលហៅថា “ឥទ្ធិពល”ទេ។ លោកបាននិយាយថា ប្រទេសចិន តែងតែជាមិត្តល្អ និងជាដៃគូដ៏គួរឱ្យទុកចិត្ត ។

លោក ស៊ី បានមានប្រសាសន៍ថា៖ “បណ្តាប្រទេស មិនថាធំ ឬតូច រឹងមាំ ឬខ្សោយ អ្នកមាន ឬអ្នកក្រ គឺជាសមាជិកស្មើគ្នានៃសហគមន៍អន្ដរជាតិ ។ លោក ស៊ី បាននិយាយថា ទីក្រុងប៉េកាំង មានឆន្ទៈបង្កើនកិច្ចសហប្រតិបត្តិការ បច្ចេកវិទ្យាកសិកម្ម ជាមួយប្រទេសកោះ Vanuatu ហើយនឹងបន្តលើកទឹកចិត្ត ឱ្យក្រុមហ៊ុនចិនវិនិយោគនៅទីនោះ ។

ប្រទេសកោះ Vanuatu និងប្រទេសចិន បានបដិសេធសេចក្តីរាយការណ៍កាលពីឆ្នាំមុន ដែលថាទីក្រុងប៉េកាំង ចង់បង្កើតវត្តមានយោធាអចិន្ត្រៃនៅទីនោះ ។ តំបន់ប៉ាស៊ីហ្វិក ក៏ជាតំបន់ប្រកួតប្រជែងរវាងចិន និងកោះតៃវ៉ាន់ ដែលរក្សាចំណងទាក់ទងការទូតជាផ្លូវការ ជាមួយបណ្តាប្រទេសកោះជាច្រើន។ ប្រទេសចិនបានចាត់ទុកកោះតៃវ៉ាន់ គ្រាន់តែជាខេត្តរបស់ចិន ដែលមិនមានសិទ្ធិក្នុងការធ្វើទំនាក់ទំនងការទូតនោះទេ​ ។

មន្ត្រីអាមេរិកកំពូលម្នាក់បាននិយាយថា បណ្តាប្រទេសកោះប៉ាស៊ីហ្វិក ដែលមានចំណងទាក់ទងការទូត ជាមួយកោះតៃវ៉ាន់គួរតែរក្សាទំនាក់ទំនងនេះ នៅចំពោះមុខការប៉ុនប៉ងរបស់ចិន ដើម្បីកាត់បន្ថយទំនាក់ទំនងក្រៅប្រទេស របស់កោះតៃវ៉ាន់ ។ (ស៊ីនហួរ ថ្ងៃទី២៩ ខែឧសភា)