ប្រដាល់គុនខ្មែរនឹងបើកវគ្គពង្រឹងក្រមសីលធម៌ដល់មន្ត្រីរបស់ខ្លួននៅខេត្តបាត់ដំបង និងភ្នំពេញ

0
78

ភ្នំពេញ៖ សហព័ន្ធកីឡាប្រដាល់គុនខ្មែរបានប្រកាសជាផ្លូវការបើកវគ្គបណ្តុះបណ្តោលបច្ចេកទេស និងក្រម សីលធម៌ដល់មន្ត្រីបច្ចេកទេស គណៈកម្មការ អាជ្ញាកណ្តាល ចៅក្រម និងមន្ត្រីជំនាញទាំងអស់របស់ខ្លួននៅខេត្តបាត់ដំបង និងរាជធានីភ្នំពេញ ។

ការបើកវគ្គលើកនេះគឺមិនកំណត់ពីចំនួនអ្នកចូលរួមឡើយតែមន្ត្រីបច្ចេកទេសដែលកំពុងបម្រើការងារនៅ
សង្វៀនស្រុកឯកភ្នំខេត្តបាត់ដំបង និង សង្វៀនតាមស្ថានីយ៍ទូរទស្សន៍នានានៅរាជធានីភ្នំពេញត្រូវតែចូលរួមវគ្គនេះដាច់ខាត ។សម្រាប់អ្នកដែលមិនបានចូលរួមអាចនឹងប្រឈមបាត់បង់ការងារជាមន្ត្រីបច្ចេកទេសរបស់ខ្លួនដែលកំពុងបំពេញសព្វថ្ងៃនេះ ។

សូមបញ្ជាក់ថាមួយរយៈនេះសហព័ន្ធប្រដាល់គុនខ្មែរត្រូវរងនូវពាក្យរិះគន់ច្រើនពីទស្សនិកជនពីការបំបេញការងារមិនប្រក្រតីពិសេសលើការផ្ដល់ពិន្ទុ និងការបំពេញការងារជាអាជ្ញាកណ្ដាល ។

សម្រាប់អ្នកដែលបម្រើការងារនៅសង្វៀនស្រុកឯកភ្នំខេត្តបាត់ដំបងត្រូវរៀនរយៈពេល២ថ្ងៃគឺថ្ងៃទី១ និងទី២មិថុនា ។ចំពោះអ្នកបម្រើការងារនៅសង្វៀននានានៅរាជធានីភ្នំពេញរៀនរយៈពេល២ថ្ងៃដែរគឺថ្ងៃទី៥និងទី៦មិថុនា ។

លោកឧត្តមសេនីយ៍រាជ សុផែនដែលជាមន្ត្រីទទួលបន្ទុកក្រុមប្រឹក្សាវិន័យរបស់សហព័ន្ធប្រដាល់គុនខ្មែរបានព្រមានថាអ្នកដែលគេចវេសមិនចូលរួមក្នុងវគ្គនេះអាចប្រឈមមុខនឹងការដកចេញពីការងារនៅពេលដែលបន្តធ្វើខុសក្នុងរឿងដដែលៗនោះ ។

នៅពេលបញ្ចប់វគ្គនេះសហព័ន្ធមានចេញវិញ្ញាបនប័ត្របញ្ជាក់ការសិក្សាជូនហើយសូមបញ្ជាក់ថាបើមន្ត្រីណាដែលមិនបានមកសិក្សាទេសហព័ន្ធមិនទទួលខុសត្រូវក្នុងការបម្រើការងារជាមន្រ្តីរបស់សហព័ន្ធឡើយ ។

Facebook Comments