បន្ទាប់ពីសង្រ្គាមពាណិជ្ជកម្ម លោក ត្រាំ ប្រកាសសង្រ្គាមបច្ចេកវិទ្យា ជាចំហប្រឆាំងចិន

714

កាលពី​ថ្ងៃ​ពុធ ទី១៥ ខែឧសភា ប្រធានាធិបតី​អាមេរិក​លោក ​ដូណាល់ ត្រាំ​ បាន​ចុះ​ហត្ថលេខា​លើ​ក្រឹត្យ​មួយ ​ដោយ​ហាម ​ក្រុមហ៊ុន​ទូរគមនាគមន៍​អាមេរិក​មិន​ឲ្យ​ប្រើ និង​ទិញ​គ្រឿងឧបករណ៍​បច្ចេកវិទ្យា ​ពី​ក្រុមហ៊ុន​បរទេស ។

ទោះ​បី​ជា​លោក​ ត្រាំ ​មិន​បាន​និយាយ​ចំ​ឈ្មោះ ​ក្រុមហ៊ុន​បរទេស​ណា​មួយ​ក៏​ដោយ ​ក៏​គេ​ដឹង​ថា ក្រុមហ៊ុន Huawei របស់​ចិន ​ជា​ផ្ទាំងស៊ីប​ធំ​ជាង​គេ​របស់​រដ្ឋបាល​អាមេរិក ។ ក្រៅ​ពី​ប្រតិកម្ម​របស់​ក្រុមហ៊ុន Huawei ដែល​ចាត់​ទុក​វិធានការ​របស់​អាមេរិក ​ជា​ទង្វើ​បំពាន​លើ​សិទ្ធិ​របស់ Huawei រដ្ឋាភិបាល​ចិន​ បាន​ទាមទារ​ឲ្យ​អាមេរិក​ដក​ចេញវិធានការ​មួយ​នេះ​ ​ដើម្បី​បញ្ចៀស​កុំ​ឲ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ ធ្លាក់​ដុនដាប​ថែម​ទៀត ពិសេស​ទំនាក់ទំនង​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម ។

សង្រ្គាមប៉ាកកា ​រវាង​រដ្ឋបាល​អាមេរិក និង​ក្រុមហ៊ុន Huawei របស់​ចិន ​មិនមែន​ជា​រឿង​ថ្មី​ទេ ។ ក្រឹត្យ​របស់​លោក ​ដូណាល់ ត្រាំ ​បាន​ហាម​ក្រុមហ៊ុន​ទូរគមនាគមន៍​អាមេរិក ​មិន​ឲ្យ​ទិញ និង​ប្រើប្រាស់​ឧបករណ៍​បច្ចេកវិទ្យា ​របស់​ក្រុមហ៊ុន​ទូរគមនាគមន៍​បរទេស ។

ទោះ​បី​ជា​លោក​ ត្រាំ ​មិន​បាន​និយាយ​ចំ​ឈ្មោះ ​ក្រុមហ៊ុន​ទូរគមនាគមន៍​បរទេស​ណា​មួយ​ក៏ដោយ ក៏​ក្រុមហ៊ុន Huawei បាន​ក្លាយ​ជា​ផ្ទាំងស៊ីប​ធំ​ជាង​គេ​នៅ​ក្នុង​ក្រឹត្យ​នោះ ។ ថ្លែង​នៅ​ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​ក្រឹត្យ​នោះ លោក ​ត្រាំ​ បាន​លើកឡើង​ពី​ភាពអាសន្នរបស់ជាតិ​ ដើម្បី​ឆ្លើយ​តប​នឹង​ទង្វើ​អាក្រក់​ កើត​ចេញ​ពី​ឧបករណ៍​បច្ចេកវិទ្យា ​របស់​ក្រុមហ៊ុន​ទូរគមនាគមន៍​បរទេស ។

លោក ​ត្រាំ ​បាន​និយាយ​ត្រង់ៗ​ដោយ​មិន​លាក់លៀម​ថា មាន​ក្រុម​ប្រទេសដែលជា​ដៃគូ​អាមេរិក​ខ្លះ ​បាន​ប្រើ​ឧបករណ៍​បច្ចេកវិទ្យា​របស់​ខ្លួន​ ដើម្បី​ធ្វើ​ចារកិច្ច​លើ​ពលរដ្ឋ​អាមេរិក លួច​យកការណ៍​សម្ងាត់​ផ្នែក​សេដ្ឋកិច្ច និង​ឧស្សាហកម្ម​របស់​អាមេរិក ។ ប្រមុខ​ការទូត​អាមេរិក​លោក ​ម៉ែ ប៉ុមប៉េអូ ​ធ្លាប់​បាន​ចោទ​ក្រុមហ៊ុន Huawei ពី​បទ​ធ្វើ​ជា​អ្នក​ស៊ើបការណ៍​សម្ងាត់​ឲ្យ​រដ្ឋាភិបាល​ចិន ។ ក្រសួង​ការពារជាតិ​អាមេរិក ​ក៏​បានចេញ​សេចក្តីថ្លែងការណ៍​ព្រមាន​ចិន ​ក្នុង​ន័យ​ដូច​គ្នា​នេះ​ជា​ច្រើន​ដង កាលពី​ថ្ងៃ​ពុធ ទី១៥ ខែឧសភា ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក ​ថែម​ទាំង​បាន​ដាក់​ក្រុមហ៊ុន Huawei និង​សាខា​របស់ Huawei ចំនួន ៧០ ចូល​ក្នុង​បញ្ជី​ខ្មៅជាក្រុមហ៊ុន​ជាប់​សង្ស័យ ។

ជាមួយ​នឹង​វិធានការ​មួយ​នេះ ក្រុមហ៊ុន Huawei ត្រូវ​សុំ​ការ​អនុញ្ញាត​ពិសេស​មួយ​ ពី​រដ្ឋអំណាច មុន​នឹង​អាច​ធ្វើ​ជំនួញ​លើ​ទឹកដី​អាមរិក​បាន ។ គួរ​រម្លឹក​ថា បញ្ហា​ដ៍​ចម្រូងចម្រាស​ជាង​គេ​ រវាង​រដ្ឋបាល​អាមេរិក​ជាមួយ​ក្រុមហ៊ុន Huawei គឺ​ទាក់ទង​នឹង​ប្រព័ន្ធ​ទូរស័ព្ទ​ជំនាន់ទី៥ ដែល​គេ​ហៅថា ៥G ។ (CNA ថ្ងៃទី១៧ ខែឧសភា)