ប្រទេសចិន បានចោទប្រកាន់ជនជាតិ កាណាដា ២នាក់ ពីបទលួចការសម្ងាត់

0
82

ប្រទេស​ចិនបាននិយាយ​ថា ពលរដ្ឋ​កាណាដា ​២​នាក់ ដែល​បានជាប់ឃុំឃាំងចាប់តាំង​ពី​ចុង​ឆ្នាំ​មុន​ ត្រូវបាន​ចោទប្រកាន់​ជា​ផ្លូវការ ពី​បទ​លួច​ការ​សម្ងាត់រដ្ឋ ដែល​គេ​រំពឹង​ថា​នឹងនាំ​ឱ្យមានភាព​តានតឹង​ខ្លាំងឡើងៗ ​រវាង​ប្រទេស​ទាំងពីរនេះ ។ លោក Lu Kang អ្នកនាំ​ពាក្យ​​ក្រសួង​ការបរទេស​ចិន ​បានប្រកាសអំពី​ការចាប់ខ្លួនលោក Michael Kovrig និង​លោក Michael Spavor កាល​ពី​ថ្ងៃព្រហស្បតិ៍ ​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ ​នៅ​ទីក្រុងប៉េកាំង ។ ​

លោក Lu បាននិយាយ​ថា ​ការចាប់ខ្លួនជនជាតិ កាណាដា​ ​២​នាក់នេះ ​បានធ្វើឡើង​តាមច្បាប់នៃ​ប្រទេស​ចិន ។ លោក Lu បានថ្លែង​ថា ​ប្រទេស​ចិន​ សង្ឃឹម​ថា​រដ្ឋាភិបាលក្រុង Ottawa «នឹង​មិន​ធ្វើសេចក្តី​ថ្លែងការណ៍ គ្មាន​ការ​ទទួល​ខុស​ត្រូវ» អំពី​ប្រព័ន្ធតុលាការ​នៃ​ប្រទេស​ចិនឡើយ ។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ ចេញផ្សាយ​តែប៉ុន្មាន​ម៉ោង ​ក្រោយ​ពីការ​ប្រកាស​របស់​រដ្ឋាភិបាលក្រុង​ប៉េកាំង ក្រសួង​ការបរទេស ​នៃ​ប្រទេសកាណាដា ​បាននិយាយ​ថា​ រដ្ឋាភិបាលក្រុង Ottawa «ថ្កោលទោស​យ៉ាង​ខ្លាំង» ដល់​ «ការ​ចាប់ខ្លួន​បុរស ២នាក់នេះ​តាមតែ​អំពើចិត្ត ​ហើយ​ទាម​ទារ​ឱ្យ​មានការដោះលែង​ពួក​គេជាបន្ទាន់» ។ លោក​ Kovrig និង​លោក​ Spavor បានជាប់ឃុះឃាំង​ដាច់ដោយ​ឡែក​ពីគ្នា ​កាលពី​ថ្ងៃ​ទី១០ ខែ​ធ្នូ ​ឆ្នាំ​២០១៨ ​ដោយ​ត្រូវ​សង្ស័យ​ថា​បាន «ធ្វើ​សកម្មភាព​ដែល​នាំឱ្យ​មាន​គ្រោះថ្នាក់ ​ដល់​សន្តិសុខ​ជាតិ​របស់​ប្រទេស​ចិន» ។

ចំណាត់​ការ​មានឡើង​តែ​ប៉ុន្មានថ្ងៃ ​នៅក្រោយ​អ្នកស្រី Meng Wenzhou ប្រធានផ្នែក​ហិរញ្ញវត្ថុនៃ​ក្រុមហ៊ុន​បច្ចេកវិទ្យាចិន Huawei បាន​ត្រូវចាប់ខ្លួន​នៅ​ឯចំណត​យន្តហោះ​ក្រុង​ Vancouver តាម​ដីកា​របស់សហរដ្ឋអាមេរិក ពី​បទ​ចោទ​ប្រកាន់​ថា​ បាន​រំលោភ​លើការ​ដាក់ទណ្ឌកម្ម ​របស់​សហរដ្ឋអាមេរិកលើ​ប្រទេសអ៊ីរ៉ង់ ។

អ្នកស្រី Meng ដែល​ជា​កូនស្រី​របស់លោក​ Ren Zhengfei អ្នកបង្កើត​ក្រុមហ៊ុន​ Huawei ឋិត​នៅ​ក្នុងការឃុំឃាំង​ក្នុង​ផ្ទះ ដោយ​រង់ចាំ​ការ​បញ្ជូន​ខ្លួន ​ទៅកាន់ប្រទេសអាមេរិក ។ ប្រទេសកាណាដា ​បានប្រកែកមិនព្រមដោះលែងអ្នកស្រី Meng តាម​ការទាមទារ​របស់ប្រទេស​ចិននោះទេ ។ (ស៊ីនហួរ ថ្ងៃទី១៧ ខែឧសភា)

Facebook Comments