សម្តេចក្រឡាហោម ស ខេង៖ កងកម្លាំងនគរបាលជាតិបានទប់ស្កាត់ និងបន្សាបឥទ្ធិពលនូវឧបាយកលសកម្មភាពបដិវត្តពណ៌ ទប់ស្កាត់ និងបញ្ចៀសបាននូវអំពើភេរវកម្ម បង្ក្រាបទាន់ពេលវេលាបទឧក្រិដ្ឋឆ្លងដែន

0
546

នៅព្រឹកថ្ងៃទី១៦ ខែ ឧសភា ឆ្នាំ២០១៩ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋ មន្ត្រីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧៤ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា (១៦ ឧសភា ១៩៤៥ – ១៦ ឧសភា ២០១៩ នៅទីស្តីការក្រសួងមហាផ្ទៃ។ ថ្លែងក្នុងឱកាសនោះសម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា នៅឆ្នាំ២០១៨កន្លងទៅ កងកម្លាំងនគរបាលជាតិគ្រប់ផ្នែកគ្រប់ថ្នាក់គ្រប់ជំនាញ បានខិតខំប្រឹងប្រែងយកចិត្តទុកដាក់បំពេញតួនាទីស្នូលរបស់ខ្លួនប្រកបដោយការតស៊ូព្យាយាមអត់ធ្មត់ និងមានស្មារតីទទួលខុសត្រូវខ្ពស់ ដោយការពារ បាននូវអធិបតេយ្យជាតិបូរណភាពទឹកដី ប្រឆាំងដាច់ខាតរាល់ការប៉ុនប៉ងរបស់ពួកអមិត្ត និងពួកឧទ្ទាមខុសច្បាប់ដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់។

សម្តេចក្រឡាហោមបានថ្លែងបន្តថា អនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងគោលការណ៍ដឹកនាំរបស់ក្រសួងមហាផ្ទៃ កងកម្លាំងនគរបាលជាតិ បានបង្កើតនូវស្នាដៃធំៗជាច្រើនជួយសង្គមជាតិដូចជា បានទប់ស្កាត់ និងបន្សាបឥទ្ធិពលនូវឧបាយកលសកម្មភាពបដិវត្តពណ៌ ទប់ស្កាត់ និងបញ្ចៀសបាននូវអំពើភេរវកម្ម បង្ក្រាបទាន់ពេលវេលាបទឧក្រិដ្ឋឆ្លងដែន ព្រមទាំងបានការពារប្រកបដោយសុវត្ថិភាពទាំងស្រុងនូវគោលដៅនយោបាយ ការទូត សេដ្ឋកិច្ចវប្បធម៌ ក៏ដូចជាគណៈប្រតិភូ និងឥស្សរជនជាន់ខ្ពស់រួមទាំងបណ្ដាព្រឹត្តិការណ៍ជាតិ និងអន្តរជាតិសំខាន់ៗ រាប់ពាន់លើកដែលបានរៀបចំ និងប្រព្រឹត្តទៅនៅព្រះរាជាណាចក្រកម្ពុជា។ 

សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ទៀតថា ផ្អែកតាមការពិនិត្យវាយតម្លៃអំពីស្ថានការណ៍នានាក្នុងសាកលលោកនាឆ្នាំ២០១៨កន្លងទៅអាចព្យាករបានថា ឆ្នាំ២០១៩នេះ សភាពការណ៍សាកលលោកនៅតែបន្តវិវឌ្ឍទៅប្រកបដោយភាពស្មុគស្មាញជាច្រើនទៀត ជាពិសេសព្រឹត្តិការណ៍ពាក់ព័ន្ធទៅនឹងវិស័យសន្តិសុខ ដែលបញ្ហាទាំងនោះ អាចបង្កឲ្យមានផលប៉ះពាល់ដល់បរិយាកាសសន្តិសុខនៅក្នុងតំបន់ ក៏ដូចជានៅកម្ពុជាផងដែរ។ ក្នុងខណៈពេលដូចគ្នានេះ សកម្មភាពវាយប្រហារ ដោយអំពើភេរវកម្មសកម្មភាពឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ពិសេសការជួញដូរគ្រឿងញៀនបទល្មើសបច្ចេកវិទ្យាអំពើជួញដូរមនុស្សជាពិសេសស្ត្រី និងកុមារ នៅតែបន្តរីករាលដាលបង្កនូវបញ្ហាប្រឈម និងក្តីព្រួយបារម្ភនៅក្នុងសង្គមជាតិបន្ថែមទៀត។/

Facebook Comments
Loading...