បារាំង​បើក​យុទ្ធនាការ ​ប្រឆាំង​ការផ្សាយ​បន្ត​ផ្ទាល់ ​វីដេអូ​​ហិង្សា ​តាមអ៊ីនធឺណិត

121

អន្តរជាតិ៖ ពីរ​ខែគត់ ​ក្រោយ​ហេតុការណ៍សោកនាដកម្ម ​ស្លាប់​​សាសនិក​អ៊ីស្លាមអស់ ​៥១​នាក់ នៅក្នុង​វិហារ​ Christchurch ប្រទេសនូវែលហ្សេឡង់ មកប៉ារីស​ បាន​ផ្តួច​ផ្តើមបើក​យុទ្ធនាការ ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​បង្ហោះ​សារ ​ហិង្សា​ស្អប់​ខ្ពើម​គ្នា​លើ​ប្រព័ន្ធ​អ៊ីនធឺណិត ​​។

នៅ​ថ្ងៃទី១៥ ខែ​ឧសភា ប្រមុខ​រដ្ឋ​-រដ្ឋាភិបាល​ ជា​ច្រើន​ប្រទេស ព្រមទាំង​​មេ​ដឹកនាំ​ក្រុមហ៊ុន​អ៊ីនធឺណិតគ្រាក់ៗ បាន​មកជួប​ជុំ​គ្នា​ នៅ​ក្នុង​វិមាន​អេលីហ្សេ ក្រោម​អធិបតីភាព​របស់​លោក​​ប្រធានាធិបតីបារាំង ​និង​លោកស្រីនាយករដ្ឋមន្ត្រី​នូវែលហ្សេឡង់ ​ ដើម្បី​រក​ដំណោះស្រាយ​រួម ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម និង​អំពើហិង្សា​​ជ្រុលនិយម​ស្អប់ខ្ពើម​គ្នា​ តាម​​អ៊ីនធឺណិត ។ ជាមួយ​គ្នា​នោះ​ដែរ ហ្វេសប៊ុកក៏​បាន​ចេញ​វិធានការ​ជាក់ស្តែង ទាក់ទង​នឹង​​​ការ​ប្រើប្រាស់ ​ប្រព័ន្ធ​​ផ្សាយ​បន្តផ្ទាល់​ Facebook Live ដែល​មាន​លក្ខណៈ​ហិង្សា និង​ជ្រុលនិយម ​។

ជំនួប​​នេះ ត្រូវ​បាន​រៀប​ចំ​ឡើង ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​អំពាវនាវ​របស់​លោកស្រី​នាយករដ្ឋមន្រ្តី ​នូវែលហ្សេឡង់ ។ នូវែលហ្សេឡង់​កាលពី​ថ្ងៃ​១៥ ខែមីនា បានទទួលរងភេរវកម្ម​បាញ់​ប្រហារ​នៅព្រះ​វិហារ​ ដោយ​មាន​ការ​ផ្សាយ​បន្ត​ផ្ទាល់​ តាម​ប្រព័ន្ធ​សង្គម​ហ្វេសប៊ុក ។

រូបភាព​នៃសោកនាដកម្មនោះ ត្រូវ​បាន​គេ​ស៊ែរ​បន្ត​ទៅ​ក្នុងប្រព័ន្ធ​សង្គម​ផ្សេងៗ​ទៀត ដូច​ជា Youtube Twitter និង​មាន​អ្នក​ចូល​មើល​ដល់​ទៅ​ជាង​ ១លាន​នាក់ ​ក្នុង​រយៈ​ពេល​២៤​ម៉ោង ក្រោយ​ភេរវកម្ម ​។ ការ​ផ្សព្វផ្សាយ​ខ្លឹមសារ​ និង​រូបភាព​វីដេអូបែប​ភេរវនិយម លើ​ប្រព័ន្ធ​អ៊ីនធឺណិត ត្រូវ​តែបិទ​បញ្ចប់ហេតុ​ការណ៍បែប​នេះ មិន​ត្រូវ​កើត​មាន​ជា​លើក​ទីពីរ​ទេ ។ ហេតុដូច្នេះ​ហើយ​ បានជា​​បារាំង​ឈរ​នាំមុខ គាំទ្រប្រទេស​នូវែលហ្សេឡង់ ដោយ​គ្រោង​នឹង​ចេញ​សេចក្តី​អំពាវនាវ « Appel Christchurch » កម្រាស់​បួន​ទំព័រ​ បញ្ជាក់​អំពី​កិច្ចសន្យាចាត់វិធានការជាក់​ស្តែង​​​ ៧​ចំណុច នៅ​ពេល​បិទ​បញ្ចប់​ជំនួប​ប្រជុំ​នេះ ។

ចំណាត់ការ​ទាំងនេះ​ មិន​អាច​សម្រេច​ទៅ​បាន ​ដោយ​គ្មានការ​សហការ​ជាមួយ​ក្រុមហ៊ុន​យក្ស​អ៊ីនធឺណិតនោះ​ទេ ។ ដូចនេះ​ហើយ​ បាន​ជា​នៅ​ក្នុង​ជំនួប​នេះ ក្រៅ​អំពី​វត្តមាន​​របស់​​ប្រមុខ​រដ្ឋ​-រដ្ឋាភិបាល​មក​ពី​ប្រមាណ ២០​ប្រទេស ក៏មានថៅកែក្រុមហ៊ុន​យក្ស​ផ្នែក​អ៊ីនធឺណិតដូច​ជា​ Google Twitter Facebook Amazone Microsoft ​ត្រូវ​បាន​អញ្ជើញ​ឱ្យ​មក​ចូល​រួម​ដែរ ។ (Reuters ថ្ងៃទី១៦ ខែឧសភា)