គណៈកម្មការ​ពិសេស ​អ.ស.ប ​ជំរុញ​​ឲ្យ​កាត់ផ្ដាច់​ទំនាក់ទំនង​ហិរញ្ញវត្ថុ ​ជាមួយ​យោធា​មីយ៉ាន់ម៉ា

119

បរទេស៖ គណៈកម្មការ​ពិសេស ​ស្វែង​រក​ការ​ពិត​របស់​អង្គការ​សហប្រជាជាតិ ​បាន​ជំរុញ​ឲ្យបណ្ដា​ប្រទេស​នានា​ កាត់​ផ្ដាច់​ទំនាក់ទំនង ​ជាមួយ​របប​យោធា​មីយ៉ាន់ម៉ា ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ច​ប្រឹងប្រែង​របស់​ខ្លួន ​ដើម្បី​ឲ្យ​យោធា​មីយ៉ាន់ម៉ា ​មាន​ការ​ទទួល​ខុស​ត្រូវ ​រឿង​រំលោភ​សិទ្ធិ​មនុស្ស ​ដែល​ធ្វើ​ចំពោះជន​ជាតិ រ៉ូហ៊ីងយ៉ា កាន់​សាសនា​ឥស្លាម ។

គណៈកម្មការ​ពិសេស​នេះ ពី​មុន​បាន​ចោទ​ប្រកាន់​យោធា​មីយ៉ាន់ម៉ា​ថា ​បាន​ប្រព្រឹត្តិ​អំពើ​ឃោរឃៅ​ជា​ច្រើន «ក្នុង​គោល​បំណង​ប្រល័យ​ពូជសាសន៍‍» នៅ​ក្នុង​អំឡុង​ពេល​បង្ក្រាប​លើជន​ជាតិ​ រ៉ូហ៊ីងយ៉ា កាល​ពី​ខែ​សីហា ឆ្នាំ២០១៧ ។

ជនជាតិ ​រ៉ូហ៊ីងយ៉ា ជាង ៧សែន​នាក់ នៅ​រដ្ឋរ៉ាក់ឃីន ភាគ​ពាយ័ព្យ​ប្រទេស ​បាន​គេច​ឆ្លង​ព្រំដែន​ទៅ​កាន់​ប្រទេស​បង់ក្លាដែស ដើម្បី​គេច​ពី​ការ​បង្ក្រាប​នេះ ដែល​​ជា​ការ​ឆ្លើយតប​ទៅ​នឹង​ការ​វាយ​ប្រហារ ​លើ​ប៉ុស្តិ៍​សន្តិសុខ​មីយ៉ាន់ម៉ា ដែល​ធ្វើ​ឡើង​ដោយ​ពួក​បះបោរ រ៉ូហ៊ីងយ៉ា ។

អំពើ​ឃោរឃៅ​ ដែល​យោធា​មីយ៉ាន់ម៉ា ​ធ្វើ​លើជន​ជាតិ រ៉ូហ៊ីងយ៉ា ដែល​បង្ហាញ​ឡើង​តាម​ការ​សម្ភាសន៍​ ជាមួយ​នឹង​ជន​ភៀស​ខ្លួន រ៉ូហ៊ីងយ៉ា រាប់​រយ​នាក់ មាន​ដូចជា​ការ​រំលោភ​ផ្លូវភេទជា​ក្រុម ការ​សម្លាប់​ក្រៅ​ប្រព័ន្ធ​តុលាការ និង​ការ​ដុត​ភូមិ​ទាំង​មូល​ជា​ដើម ។

លោក Christopher Sidoti ដែល​ជា​មេធាវី​ការពារ​សិទ្ធិ​មនុស្ស​ ជនជាតិ​អូស្ត្រាលី និង​ជា​សមាជិក​ម្នាក់​នៃ​គណៈកម្មការ​នេះ បាន​បញ្ជាក់​ថា ៖ «ដោយសារតែ​មាន​ភាព​ឃោរឃៅ​ធ្ងន់ធ្ងរ ​កាល​ពី​អតីតកាល និង​មាន​ការ​រំលោភ​ច្បាប់ជា​បន្ត យើង​ត្រូវ​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់ លើ​ទំនាក់ទំនង​នយោបាយ សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​របស់​យោធា​មីយ៉ាន់ម៉ា ដើម្បី​កំណត់​ថា​ តើ​នរណា និង​អ្វី​ដែល​យើង​គួរ​សំដៅ​លើ‍» ។

គណៈកម្មការ​អង្គការ​សហប្រជាជាតិ​នេះ​ បាន​អំពាវនាវ​ឲ្យ​មាន​ការ​កាត់ទោស​ ឧត្ដមសេនីយ៍​យោធា​កំពូលៗ​របស់​មីយ៉ាន់ម៉ា ដែល​ក្នុង​នោះ​មាន​ទាំង​អគ្គ​មេបញ្ជាការ​យោធា ​លោក​ឧត្ដមសេនីយ៍ Min Aung Hlaing ផង​ដែរ ពី​បទ​ប្រល័យ​ពូជសាសន៍ បទឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ និង​ឧក្រិដ្ឋកម្ម​សង្គ្រាម ។ (ស៊ីនហួរ ថ្ងៃទី១៦ ខែឧសភា)