លោក ត្រាំ ៖ កិច្ចព្រមព្រៀងពាណិជ្ជកម្ម នៅតែអាចធ្វើទៅបាន

0
96

អន្តរជាតិ៖ មន្ត្រីអាមេរិក និងចិន បានវិលត្រលប់មករកតុចរចាវិញ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី9 ខែឧសភា ចំពេលដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសពីក្តីសង្ឃឹម នៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម ។ គណៈប្រតិភូចិន ដែលរួមមាន លោកឧបនាយករដ្ឋមន្ត្រី Liu He ត្រូវបានស្វាគមន៍ ដោយតំណាងពាណិជ្ជកម្មអាមេរិកលោក Robert Lighthizer និងលេខាធិការក្រសួងរតនាគារលោក Steven Mnuchin ។

លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មានថា លោកទទួលបានលិខិតមួយច្បាប់ពីសមភាគីចិនលោក ស៊ី ជីនពីង ហើយលោកទំនងជានឹងនិយាយទៅកាន់គាត់ តាមទូរស័ព្ទនៅពេលក្រោយ ។ លោក ត្រាំ បាននិយាយ អំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មនៅសេតវិមានថា៖ “វាអាចធ្វើទៅបាន” ។ “ខ្ញុំបានទទួលលិខិតដ៏ស្រស់ស្អាតខ្លាំងណាស់ ពីលោកប្រធានាធិបតី ស៊ី” ។ ប៉ុន្តែលោក ត្រាំ បានព្រមានថា លោកសប្បាយចិត្តនឹងការប្រើប្រាស់ពន្ធ ក្នុងការដោះស្រាយភាពខុសគ្នារបស់អាមេរិក ជាមួយប្រទេសចិន ។ លោក ត្រាំ បានបន្តថា ខ្ញុំគិតថា ពន្ធសម្រាប់ប្រទេសរបស់យើងមានឥទ្ធិពលខ្លាំងណាស់» ។

ការកើនឡើងនៃកំដៅ និងសុទិដ្ឋិនិយមនៅក្នុងកិច្ចពិភាក្សាពាណិជ្ជកម្ម បានលេចឡើងក្នុងសប្តាហ៍នេះ នៅពេលក្រុមមន្រ្តីអាមេរិកបានចោទប្រកាន់ចិនថា បានដកថយពីការប្តេជ្ញាចិត្ត ដែលបានព្រមព្រៀងកាលពីពេលមុន ។ ក្រសួងពាណិជ្ជកម្មចិនបានព្រមានថា ក្រុងប៉េកាំងនឹងមិនដាក់កម្រិតលើសម្ពាធណាមួយទេ ហើយគំរាមសងសឹកប្រសិនបើពន្ធគយរបស់សហរដ្ឋអាមេរិកកើនឡើងរហូតដល់ 25% តាមការគ្រោងទុកនៅថ្ងៃសុក្រនេះមែន ។ លោកបានបន្ថែមថា “ភាគីចិនបានរក្សាការសន្យារបស់ខ្លួនហើយ រឿងនេះមិនដែលមានការផ្លាស់ប្តូរនោះទេ” ។ លោកបានបន្ថែមដោយមិនបញ្ជាក់ពីវិធានការនានា ដែលរដ្ឋាភិបាលក្រុងប៉េកាំងប្រកាន់យក ប៉ុន្តែបានព្រមានថា ចិនបានត្រៀមរួចរាល់សម្រាប់គ្រប់ស្ថានភាពទាំងអស់ ។

ចាប់តាំងពីឆ្នាំមុន ភាគីទាំងពីរ បានផ្លាស់ប្តូរពន្ធលើតម្លៃជាង 360 ពាន់លានដុល្លារ ក្នុងពាណិជ្ជកម្មទ្វេរភាគី ដោយកាត់បន្ថយការនាំចេញកសិផលរបស់សហរដ្ឋអាមេរិក ទៅកាន់ប្រទេសចិន និងថ្លឹងថ្លែងទៅលើវិស័យផលិតកម្មរបស់ប្រទេសទាំងពីរ ។

មូលនិធិរូបិយវត្ថុអន្តរជាតិ ក៏បានព្រមានម្តងទៀតកាលពីថ្ងៃព្រហស្បតិ៍ថា ការប្រយុទ្ធគ្នារវាងប្រទេសដែលមានសេដ្ឋកិច្ចកំពូលៗ នៅលើពិភពលោក គឺជា “ការគំរាមកំហែង” ដល់កំណើនសកលលោក ។ (AFP ថ្ងៃទី១០ ខែឧសភា)

Facebook Comments