អាមេរិក រឹបអូសនាវាកូរ៉េខាងជើង ដោយចោទប្រកាន់ ពីបទបំពានទណ្ឌកម្ម

131

អន្តរជាតិ៖ ក្រសួងយុត្តិធម៌អាមេរិក បានប្រកាសនៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះថា សហរដ្ឋអាមេរិក ទើបបានធ្វើការរឹបអូស យកនាវាដឹកទំនិញ កូរ៉េខាងជើងមួយគ្រឿង សម្រាប់ជាលើកដំបូង ដោយចោទប្រកាន់ ពីបទដឹកជញ្ជូនធ្យូងថ្មខុសច្បាប់ បំពានទៅនឹងទណ្ឌកម្មអាមេរិក និងអង្គការសហប្រជាជាតិ។

មន្ត្រីក្រសួងយុត្តិធម៌អាមេរិក បាននិយាយថា នាវាដែលមានឈ្មោះ Wise Honest ត្រូវបានឃាត់ទុកជាលើកទីមួយ ដោយប្រទេសឥណ្ឌូនេស៊ី កាលពីខែសីហាឆ្នាំ២០១៨ ហើយស្ថិតក្រោម សកម្មភាពរឹបអូសយកនេះ នៅក្នុងពេលបច្ចុប្បន្ននេះ នាវានោះកំពុងតែស្ថិតនៅក្នុងដៃអាមេរិក និងកំពុងតែបញ្ជូនចូល ទៅដែនទឹកអាមេរិក ឆ្ពោះទៅកាន់កោះ Samoa អាមេរិក។

គួរបញ្ជាក់ថា ការប្រកាសបែបនេះ គឺត្រូវបានធ្វើឡើង បន្ទាប់ពីប្រទេសកូរ៉េខាងជើង បាញ់តេស្តនូវអ្វីដែលទំនងជាមីស៊ីល ផ្លោងចម្ងាយខ្លីពីរគ្រាប់ កាលពីថ្ងៃព្រហស្បតិ៍ ហើយវាជាការបាញ់តេស្ត ប្រភេទនេះជាលើកពីរ ក្នុងរយៈពេលតិចជាងមួយសប្ដាហ៍ និងទំនងជាការតវ៉ាជាក់ស្តែង របស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក្រោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បដិសេធសំណើ សុំបន្ធូរបន្ថយទណ្ឌកម្ម នៅក្នុងជំនួបកំពូលមួយ កាលពីខែកុម្ភៈ៕