លោក ម៉ាឌូរ៉ូ ជំរុញឲ្យយោធា សាមគ្គី ឯកភាពគ្នាក្រោយរដ្ឋប្រហារបរាជ័យ

558
Loading...

បរទេស៖ ប្រធានាធិបតី វ៉េណេហ្ស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ បានដឹកនាំការដើរដង្ហែក្បួនដើម្បីភាពស្មោះត្រង់ ផ្នែកយោធា កាលពីថ្ងៃព្រហស្បតិ៍ ដោយអំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធជាតិ (FANB) នៅតែរក្សាសាមគ្គីភាពជាមួយគ្នា ។ លោក ម៉ាឌូរ៉ូ បាននិយាយថា៖ “យើងកំពុងបង្កើតប្រវត្តិសាស្ត្រថ្មីៗ ហើយ FANB ត្រូវតែបង្ហាញការរួបរួមគ្នាកាន់តែខ្លាំង កាន់តែមានវិន័យ ក្រោមការដឹកនាំរបស់រដ្ឋធម្មនុញ្ញ” ។ ថ្លែងនៅក្នុងសាលាយោធាជាតិ វ៉េណេហ្ស៊ុយអេឡា តាមទូរទស្សន៍លោក ម៉ាឌូរ៉ូ បានកោតសរសើរនូវតម្លៃនៃភក្ដីភាព «ក្នុងការប្រយុទ្ធប្រឆាំងនឹងចក្រពត្តិនិយម ប្រឆាំងនឹងពួកក្បត់ជាតិ »។

កាលពីថ្ងៃអង្គារ មេដឹកនាំប្រឆាំងលោក ជូអ៊ែន ហ្កៃដូ ដែលបានប្រកាសខ្លួនឯងថា ជាប្រធានាធិបតីបណ្តោះអាសន្ន របស់វ៉េណេហ្ស៊ុយអេឡានោះ បានអំពាវនាវឱ្យពលរដ្ឋ និងទាហានវ៉េណេហ្ស៊ុយអេឡា ចូលរួមបាតុកម្មតាមផ្លូវ ដើម្បីផ្ដួលរំលំលោក ម៉ាឌូរ៉ូ ។ នៅក្នុងព្រឹត្តិការណ៍ដោយឡែកមួយទៀត តុលាការកំពូលបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ចៅក្រមនៃប្រទេសវ៉េណេហ្ស៊ុយអេឡា បានបញ្ជាឱ្យចាប់ខ្លួន មេដឹកនាំគណបក្សប្រឆាំងលោក Leopoldo Lopez បន្ទាប់ពីគាត់បានចូលរួមនៅក្នុងការប៉ុនប៉ងធ្វើរដ្ឋប្រហារមួយ និងបានរំលោភលើសាលដីកា នៃការឃុំខ្លួនក្នុងផ្ទះរបស់គាត់កាលពីថ្ងៃអង្គារ ។ តុលាការបានបញ្ជាអោយលោក Lopez បន្ត “ជាប់ពន្ធនាគាររយៈពេល 13 ឆ្នាំ” ។ លោក Lopez ត្រូវបានផ្តន្ទាទោសពីបទ ទទួលខុសត្រូវក្នុងការតវ៉ាដោយហិង្សា នៅក្នុងប្រទេសកាលពីឆ្នាំ2014 ដែលបានធ្វើឱ្យមនុស្សជាង 40 នាក់ស្លាប់ ។

កាលពីព្រឹកថ្ងៃអង្គារលោក Lopez បានបង្ហាញខ្លួននៅមូលដ្ឋានយោធាមួយ នៅភាគខាងកើតទីក្រុងការ៉ាកា ជាមួយមេដឹកនាំបក្សប្រឆាំងលោក ជូអ៊ែន ហ្កៃដូ ដែលបានអំពាវនាវដល់សាធារណជន និងយោធារបស់វ៉េណេហ្ស៊ុយអេឡា ឱ្យធ្វើដំណើរតាមផ្លូវ និងជួយទម្លាក់លោក នីកូឡាស ម៉ាឌូរ៉ូ និងរដ្ឋាភិបាលរបស់លោក ៕ (ស៊ីនហួរ ថ្ងៃទី៣ ខែឧសភា)

Loading...