លោក ស៊ីនហ្សូ អាបេ ចង់ជួប គីម ជុងអ៊ុន ដោយគ្មានលក្ខខណ្ឌ

831
Loading...

បរទេស៖ លោក ស៊ីនហ្សូ អាបេ នាយករដ្ឋមន្ត្រីជប៉ុន បានប្រកាសនៅក្នុងបទសម្ភាសន៍មួយថា លោកមានបំណងជួបជាមួយមេដឹកនាំ កូរ៉េខាងជើងលោក គីម ជុងអ៊ុន ដោយគ្មានដាក់លក្ខខណ្ឌអ្វីទាំងអស់ ។ បំណងចង់ជួបនេះ ត្រូវបានលោកនាយករដ្ឋមន្ត្រីជប៉ុន លើកឡើងថា គឺដើម្បីផ្សះផ្សារ កសាងទំនុងចិត្ត និងដោះស្រាយវិវាទដែលមានកន្លងមក រវាងជប៉ុន និងកូរ៉េខាងជើង ។

នៅក្នុងបទសម្ភាសន៍មួយ ជាមួយសារព័ត៌មាន Sankei Shimbun លោក ស៊ីនហ្សូ អាបេ បានមានប្រសាសន៍ថា លោកចង់ជួប ជាមួយលោក គីម ជុងអ៊ុន ដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់ និងដោយត្រង់ទៅត្រង់មក ក្នុងស្មារតីមួយបើកទូលាយ ។ លោក ស៊ីនហ្សូ អាបេ បន្តថា វាជារឿងចាំបាច់ណាស់ សម្រាប់គោលនយោបាយការបរទេសជប៉ុន ដែលត្រូវតែចេះបត់បែន ឲ្យសមស្របទៅតាមកាលៈទេសៈជាក់ស្តែង ។ លោកបន្ថែមទៀតថា យើងមិនអាចជម្រះមន្ទិលសង្ស័យ ដែលកើតចេញពីការមិនទុកចិត្តគ្នាបានទេ ប្រសិនបើថ្នាក់ដឹកនាំជប៉ុន មិនជួបនិយាយគ្នាដោយត្រង់ ជាមួយថ្នាក់ដឹកនាំកូរ៉េខាងជើងទេនោះ ។

ជាចុងក្រោយ លោកនាយករដ្ឋមន្ត្រីជប៉ុន លើកឡើងថា លោកសង្ឃឹមថា លោក គីម ជុងអ៊ុន គឺជាមេដឹកនាំម្នាក់ ដែលហ៊ានធ្វើការសម្រេចចិត្ត ហ៊ានជ្រើសរើសផ្លូវដើរ ទៅតាមកាលៈទេសៈជាក់ស្តែង ហើយជាផ្លូវដើរដែលនាំមកនូវផលវិជ្ជមាន ដល់ប្រទេសជាតិខ្លួន។ សូមបញ្ជាក់ថា ជាងកន្លះសតវត្សមកនេះ ជប៉ុន គឺជាមហាអំណាចអាស៊ី ដែលហ៊ានចេញមុខប្រឆាំងដាច់ខាត ទៅនឹងរបបផ្តាច់ការត្រកូលគីម ។ កូរ៉េខាងជើង មិនញញើតក្នុងការបាញ់គ្រាប់មីស៊ីលរំលងពីលើជប៉ុន ដើម្បីជាការគំរាមសំឡុតប្រទេសមហាអំណាច ដែលមានបំណងចង់ផ្តួលរំលំរបបកុម្មុយនីស្តិមួយនេះ ។ ក៏ប៉ុន្តែប្រមាណមួយឆ្នាំចុងក្រោយនេះ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ហាក់បានបន្ទន់ឥរិយាបថ ដោយបានសុខចិត្តជួបជាមួយលោក ដូណាល់ ត្រាំ ដល់ទៅ២ដង ។

លោក គីម ជុងអ៊ុន បានជួបជាមួយមេដឹកនាំផ្សេងៗទៀតនៅក្នុងតំបន់ជាក់ស្តែង ដូចជា ជួបជាមួយលោក មូន ចេអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូង លោកស៊ី ជីនពីង ប្រធានាធិបតីចិន និងថ្មីៗនេះ ជាមួយលោក ពូទីន ប្រធានាធិបតីរុស្ស៊ី ។ ដោយឡែក ជាមួយជប៉ុន ដែល គីម ជុងអ៊ុន មិនទាន់បានជួប ។ គួររំលឹកដែរថា ក្រៅពីជម្លោះប្រវត្តិសាស្ត្រ ជប៉ុន និងកូរ៉េខាងជើង មានវិវាទនឹងគ្នា ទាក់ទិននឹងការចាប់បង្ខាំងជនជាតិជប៉ុនជាច្រើននាក់ ធ្វើឡើងដោយក្រុមចារកម្មកូរ៉េខាងជើង ។ នៅឆ្នាំ២០០២ ទីក្រុងព្យុងយ៉ាង បានទទួលស្គាល់ថា បានចាប់បង្ខាំងជនជាតិជប៉ុន ១៣នាក់ ដើម្បីទុកឲ្យបង្រៀនភាសាជប៉ុន និងវប្បធម៌ជប៉ុន ទៅឲ្យសមាជិកចារកម្មសម្ងាត់កូរ៉េខាងជើង ។ បើផ្អែកលើប្រភពផ្លូវការរបស់ជប៉ុន មានករណីចាប់បង្ខាំង ចំនួន១៧ករណី ព្រមទាំងករណីបាត់ខ្លួនជនជាតិជប៉ុនជាច្រើននាក់ទៀត ដែលគេសង្ស័យថា គឺជាស្នាដៃរបស់ក្រុមចារកម្មកូរ៉េខាងជើង៕ (ក្យូដូ ថ្ងៃទី២ ខែឧសភា)

Loading...