UN ព្រមានអំពីស្ថានការណ៍ មនុស្សធម៌កាន់តែអាក្រក់ នៅលីប៊ី

865

Loading...
មន្ត្រីជាន់ខ្ពស់ អង្គការសហប្រជាជាតិ បានព្រមានថា ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា ដើម្បីគ្រប់គ្រងទីក្រុងទ្រីប៉ូលី ប្រទេសលីប៊ី ដែលបានបណ្តាលឲ្យមនុស្សរាប់ម៉ឺននាក់ រត់ភៀសខ្លួន បានគំរាមកំហែងធ្វើឲ្យស្ថានភាពមនុស្សធម៌ កាន់តែអាក្រក់ខ្លាំងឡើងថែមទៀត ។

អ្នកសម្របសម្រួលមនុស្សធម៌ អង្គការសហប្រជាជាតិ ប្រចាំនៅលីប៊ី គឺលោកស្រី Maria do Valle Ribeiro បានប្រាប់ AFP ថា ៖ «ដរាបណាស្ថានការណ៍បែបនេះ នៅតែបន្តនោះ យើងអាចមើលឃើញថា វានៅតែបន្តកាន់តែអាក្រក់ខ្លាំង»។

កងកម្លាំងជាតិលីប៊ី (LNA) គ្រប់គ្រងដោយបុរសខ្លាំងលោក Khalifa Haftar បានបើកការវាយប្រហារទ្រង់ទ្រាយធំមួយប្រឆាំងក្រុងទ្រីប៉ូលី ជាទីតាំងរបស់រដ្ឋាភិបាលបង្រួបបង្រួមជាតិ (GNA) ទទួលស្គាល់ដោយអន្តរជាតិកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩ ។

លោកស្រី do Valle Ribeiro បានថ្លែងថា ៖ «នៅពេលដែលយើងមើលឃើញ មានការប្រើប្រាស់យន្តហោះចម្បាំង ដើម្បីវាយប្រហារ ទៅលើតំបន់មនុស្សរស់នៅច្រើននោះ វាពិតជាពិបាកបង្ហាញពីសុទិដ្ឋិនិយមណាស់» ។ លោកស្រី បានថ្លែងក្រោយពីមានការវាយប្រហារដោយកងកម្លាំង LNA ទៅលើទីក្រុងទ្រីប៉ូលី កាលពីថ្ងៃសៅរ៍កន្លងមក បានបណ្តាលឲ្យមនុស្ស ៤នាក់ស្លាប់ និង២០នាក់ផ្សេងទៀតរងរបួស ។ លោកស្រីបានថ្លែងថា ៖ «យើងបន្តអំពាវនាវ ឲ្យមានការគោរពដល់ក្រុមជនស៊ីវិល យើងបន្តអំពាវនាវ ឲ្យមានការផ្អាកជំនួយមនុស្សធម៌ ហើយពួកយើងទាំងអស់បន្តមានក្តីសង្ឃឹមថា ស្ថានការណ៍អាចវិលត្រឡប់ទៅរកការដោះស្រាយវិបត្តិ ដោយសន្តិភាពឲ្យបានច្រើនជាងមុន» ។

យោងតាមចំនួនសរុប ដែលបានបង្ហាញកាលពីថ្ងៃពុធ ដោយអង្គការសុខភាពពិភពលោកបានឲ្យដឹងថា ការប្រយុទ្ធគ្នានោះ ធ្វើឲ្យមនុស្សយ៉ាងតិច ២៧៨នាក់បានស្លាប់ និងជាង ១ ៣០០ នាក់ទៀតបានរងរបួស ។

លោកស្រី do Valle Ribeiro បានថ្លែងថា ការប្រយុទ្ធគ្នាបានបង្ខំឲ្យមនុស្ស ៤១ ពាន់នាក់ រត់ភៀសខ្លួនចេញពីតំបន់វាយប្រហារ នៅជុំវិញទីក្រុងទ្រីប៉ូលី ចំណែកឯមនុស្សជាច្រើនទៀត បានជាប់គាំង ហើយកំពុងត្រូវការជំនួយមនុស្សធម៌ ។ មន្ត្រីអង្គការសហប្រជាជាតិបានថ្លែងថា រឿងដែលគួរឲ្យឈឺចាប់បំផុតនោះ គឺជនចំណាកស្រុកប្រហែល ៣ ៥០០នាក់ និងក្រុមជនភៀសខ្លួន បានជាប់នៅក្នុងមណ្ឌលមួយចំនួន នៅក្បែរតំបន់ប្រយុទ្ធគ្នា ដែលកំពុងស្ថិតនៅក្នុងស្ថានភាពដ៏ «គ្រោះថ្នាក់» នៅឡើយ ។

លោកស្រីបានថ្លែងថា មនុស្ស ៨០០នាក់ ត្រូវបានគេជម្លៀសចេញ ក្រោយពី UN និងក្រុមសិទ្ធិមនុស្សបានថ្លែងថា ក្រុមខ្មាន់កាំភ្លើងបានវាយប្រហារ នៅមណ្ឌលជនភៀសខ្លួនមួយ នៅទីក្រុងទ្រីប៉ូលីភាគខាងត្បូង កាលពីសប្តាហ៍មុន។ (AFP ថ្ងៃទី១ ខែឧសភា)

Loading...