ថ្ងៃ ១ ឧសភា ទីក្រុងប៉ារីស ប្រឈមនឹងបញ្ហាសន្តិសុខកាន់តែធ្ងន់ធ្ងរ

0
399

ទីក្រុងប៉ារីស ប្រឈមនឹងបញ្ហាសន្តិសុខខ្ពស់ ។ ដូចតាមទម្លាប់ ថ្ងៃ១ឧសភា ជាទិវាឈប់សម្រាកបុណ្យរម្លឹក ពលកម្មអន្តរជាតិ ប៉ុន្តែពលរដ្ឋបារាំងរាប់ពាន់នាក់ បានធ្វើបាតុកម្មថ្ងៃ១ឧសភា ហើយដែលជាទូទៅ គឺមានលាយឡំដោយអំពើហិង្សា ដុតបំផ្លាញហាងទំនិញផ្សេងៗ ។

ថ្ងៃ១ឧសភានេះ គឺកាន់តែធ្ងន់ធ្ងរទៅទៀត ពីព្រោះបាតុករ អាចកាន់តែច្រើនឡើង ដោយត្រូវលាយឡំជាមួយនឹងបាតុកម្មអាវលឿង និងក្រុមជ្រុលនិយមផ្សេងៗទៀត ។ ត្រឹមម៉ោង១១ និង១៤នាទីព្រឹក នៅស្រុកបារាំង ប៉ូលិសចាប់ខ្លួនមនុស្ស ៨៨នាក់ ។

ប៉ូលិស និងទាហានចំនួនជាង ៧ពាន់ ៤រយនាក់ បានត្រូវដាក់ពង្រាយនៅរដ្ឋធានីប៉ារីស ដើម្បីរក្សាសុវត្ថិភាព ប្រឈមនឹងបាតុករ ដែលភាគច្រើនទំនងជាក្រុមជ្រុលនិយម និងអ្នកនិយមហិង្សាផង ។ តាមការប៉ាន់ស្មានរបស់ក្រសួងមហាផ្ទៃ ទំនងជាមានបាតុករជាង ១១ម៉ឺន ៥ពាន់នាក់ ធ្វើបាតុកម្មនៅទូទាំងប្រទេសបារាំង ។ ហើយនៅរដ្ឋធានីប៉ារីស ប្រហែលមានជាង ២ម៉ឺន ៥ពាន់ ទៅ ៣ម៉ឺន ៥ពាន់នាក់ ។

បើតាមចំនួននេះ គឺជាចំនួនច្រើនមែនទែន បើធៀបនឹងឆ្នាំមុន ។ ផ្អែកលើទិដ្ឋន័យថ្ងៃទី១ឧសភា កាលពីឆ្នាំ២០១៨ គឺមានបាតុករប្រមាណ ១ពាន់ ២រយនាក់ប៉ុណ្ណោះ ដែលចូលរួមធ្វើបាតុកម្មនៅប៉ារីស ។

កាលនោះ ពួកគេខ្លះបានដុតបំផ្លាញ និងវាយបំបែកហាងទំនិញជាច្រើន ហើយឡានម៉ូតូជាច្រើនគ្រឿង ក៏ត្រូវដុតឆេះខ្ទេចខ្ទីផងដែរ។ ដើម្បីពង្រឹងសុវត្ថិភាព ប៉ូលិសបារាំងបានកោះហៅជនសង្ស័យ បានមួយចំនួនជាបណ្តើរៗ ហើយក៏បានចាប់ផ្តើមចុះចល័តឆែកឆេរតាំងពីព្រឹកថ្ងៃអង្គារមកម្ល៉េះ ។ រដ្ឋមន្ត្រីមហាផ្ទៃបានបញ្ជាក់ថា ក្នុងការចុះល្បាតឆែកឆេររបស់ប៉ូលិស សមត្ថកិច្ចរកឃើញកាបូបមួយចំនួន មានបង្កប់ដោយដំបងដែក កាំបិត និងស្រោមដៃក្រាស់ៗជាដើម ។

CGT ជាក្រុមសហជីពមួយ បានរៀបចំបាតុកម្ម បានអំពាវវពាវឲ្យមានការប្រមូលផ្តុំនៅប៉ារីស ដើម្បីរួមគ្នាប្តូរគោលនយោបាយសង្គម ។ បាតុកម្មក៏មាននៅខេត្តផ្សេងៗទៀត ដូចជាទូលូស៍ ណង់ ហើយនៅខេត្តម៉ាក់សីយ៍ ភាគខាងត្បួងបារាំង ក៏ជាចំណុចបាតុកម្មក្តៅគគុកដែរ ដែលដឹកនាំដោយអ្នកនយោបាយប្រឆាំងជ្រុលនិយមលោក Jean -Luc Mélenchon ៕ (AFP ថ្ងៃទី១ ខែឧសភា)

Facebook Comments