រដ្ឋាភិបាល ​វ៉េណេហ្ស៊ុយអេឡា​ ចោទក្រុម​ប្រឆាំង​ថា កំពុង​រៀបចំ​ធ្វើ​រដ្ឋប្រហារ​

0
401

បរទេស៖ កាលពីថ្ងៃអង្គារ ទី៣០ ខែមេសា ស្ថានការណ៍នៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានចាប់ផ្តើមកើនកំដៅទ្វេរដង ដោយសារមានវីដេអូបង្ហាញពីមេបក្សប្រឆាំងគឺលោក ហ្កាយដូ ថតនៅបន្ទាយទាហាននៅទីក្រុងការ៉ាកាស ។ នៅក្នុងវីដេអូនោះ លោក ហ្កាយដូ ប្រកាសថា កងទ័ពវ៉េណេហ្ស៊ុយអេឡា បានងាកមកគាំទ្ររូបលោក ដើម្បីរួមកម្លាំងគ្នាបណ្តេញលោកប្រធានាធិបតី នីកូឡា ម៉ាឌូរ៉ូ ចេញពីតំណែង ។

លោក ម៉ាឌូរ៉ូ បានចាត់ទុកការប្រកាសរបស់លោក ហ្កាយដូ ថាជាចេតនាចង់ធ្វើរដ្ឋប្រហារ និងថារដ្ឋាភិបាលរបស់លោកនឹងមិនអត់អោនឲ្យជាដាច់ខាត ចំពោះការប៉ុនប៉ងធ្វើរដ្ឋប្រហារណាមួយ ។ ក្រោយពេលលោក ហ្កាយដូ និយាយថា ក្រុមកងទ័ពបែរមកចូលរួមជាមួយរូបលោក ដើម្បីរួមដៃគ្នាទម្លាក់លោក ម៉ាឌូរ៉ូ ចេញពីតំណែងមក ក្រុមអ្នកគាំទ្ររូបលោកជាច្រើនរយនាក់ បានចេញមកប្រមូលផ្តុំគ្នា ដោយក្នុងដៃមានកាន់ទង់ជាតិវ៉េណេហ្ស៊ុយអេឡា នៅលើដងផ្លូវក្បែរមូលដ្ឋានទ័ពក្នុងទីក្រុងការ៉ាកាស ។

ចំណែករដ្ឋាភិបាល វ៉េណេហ្ស៊ុយអេឡា វិញនិយាយថា ខ្លួនកំពុងតែបោសសំអាត នូវការប៉ុនប៉ងធ្វើរដ្ឋប្រហារ ដោយក្រុមមួយក្តាប់តូច ។ ទាក់ទងរឿងនេះដែរលោក Jorge Rodriguez រដ្ឋមន្រ្តីក្រសួងគមនាគមន៍ វ៉េណេហ្ស៊ុយអេឡា បានសរសេរនៅលើបណ្តាញសង្គមធ្វីតធ័រ ដោយបានអំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ចំពោះស្ថានការណ៍នាពេលបច្ចុប្បន្ន និងថាកងកម្លាំងប្រដាប់អាវុធបានរក្សាសន្តិភាព និងទប់ស្កាត់យ៉ាងជោគជ័យ មិនឲ្យគម្រោងធ្វើរដ្ឋប្រហារណាមួយកើតឡើងបាននៅក្នុងប្រទេសឡើយ ។ នៅថ្ងៃអង្គារ ទី៣០ ខែមេសា ការប៉ះទង្គិចគ្នាមួយ បានកើតមានឡើងផងដែរ រវាងក្រុមអ្នកគាំទ្រលោក ហ្កាយដូ និងអាជ្ញាធរវ៉េណហ្ស៊ុយអេឡារបស់លោក ម៉ាឌូរ៉ូ ។ អាជ្ញាធរបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ទៅលើអ្នកគាំទ្របក្សប្រឆាំង ខណៈដែលពួកគេព្យាយាមតបតវិញ ដោយការគប់ដុំថ្ម ។

គួររំលឹកថា ខណៈនោះ សហរដ្ឋអាមេរិកបានបង្ហាញជំហរគាំទ្រយ៉ាងពេញទំហឹង ចំពោះលោក ហ្កាយដូ ។ ជាក់ស្តែង ប្រមុខការបរទេសអាមេរិក លោក Mike Pompeo បាននិយាយថា សហរដ្ឋអាមេរិកគាំទ្រ ចំពោះនិន្នាការទាំងឡាយណា ដែលអាចនាំនូវសេរីភាព និងលទ្ធិប្រជាធិបតេយ្យពិតប្រាកដមួយ ជូនដល់ប្រជាជនវ៉េណេហ្ស៊ុយអេឡា ។ មួយវិញទៀត លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ធ្លាប់បាននិយាយជាច្រើនដងដែរថា ជម្រើសគ្រប់វិធីទាំងអស់ អាចនឹងត្រូវអនុវត្តន៍ បូករួមទាំងកម្លាំងយោធាផងដែរ ទាក់ទងនឹងវិបត្តិនៅវ៉េណេហ្ស៊ុយអេឡា ។ ចំណែកឯប្រទេសកូឡុំប៊ី ដែលជាប្រទេសក្បែរខាងរបស់វ៉េណេហ្ស៊ុយអេឡាវិញ បានអំពាវនាវផងដែរ ឲ្យមានកិច្ចប្រជុំជាបន្ទាន់មួយ រវាងបណ្តាប្រទេសសមាជិកក្រុម Lima ដែលមានសមាជិកភាគច្រើន ជាក្រុមប្រទេសអាមេរិកឡាទីន បូករួមទាំងប្រទេសកាណាដាផង ឲ្យប្រញាប់ជួបពិភាក្សាគ្នា អំពីបញ្ហាដែលកំពុងកើតឡើងនៅវ៉េណេហ្ស៊ុយអេឡា៕ (Reuters ថ្ងៃទី១ ខែឧសភា)

Facebook Comments