អធិរាជថ្មីរបស់ជប៉ុន ឡើងគ្រងរាជ្យ ចាប់បើកសករាជថ្មី ជាផ្លូវការ

821
Loading...

បរទេស៖ ព្រះចៅអធិរាជថ្មី ណារ៉ុហ៊ីតូ ឡើង​សោយរាជ្យ​សម្បត្តិ​​ជាផ្លូវការ ​បន្ត​ពី​ព្រះ​បិតា​ដែលបាន​ដាក់​រាជ្យ ​។ ថ្ងៃទី​១ ខែឧសភា  ពិធីរាជាភិសេកដ៏​ធំ​សម្បើម បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​រាជធានី​តូក្យូ ដែល​ទទួល​ស្វាគមន៍​ដោយ​ប្រជានុរាស្ត្រ​ និង​អ្នក​មុខ អ្នក​ការ​គ្រប់​ជាន់​ថ្នាក់។

ក្នុង​ព្រះ​ជន្មាយុ ៥៩ព្រះវស្សា ព្រះចៅអធិរាជថ្មី សច្ចា​ថា ​ទ្រង់​នឹងគង់​​នៅ​ក្បែរ​ប្រជានុរាស្ត្រ​ជប៉ុន ហើយ​បន្ត​គោរព​តាម​គន្លង​ដ៏​គួរ​ឲ្យ​គោរព​នៃ​ព្រះ​បិតា​របស់​ទ្រង់ ។ ចាប់​ពី​ម៉ោង​សូន្យ រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ពុធ ​ទី​១ ខែឧសភា គឺ​ជាកាល​កំណត់​, ប្រតិទិន​នៃ​រាជាណាចក្រ​ជប៉ុន បាន​​បើកទំព័រ​សករាជថ្មី ។ សករាជថ្មី​ដែល​រាជរដ្ឋាភិបាល​ជប៉ុន​ឲ្យ​ឈ្មោះថា «រ៉ៃវ៉ា» បាន​សេចក្តីថា សករាជ​នៃ​ភាព​រីករាយសុខដុមរមនា ។ តាំងពី​ព្រឹក​ព្រហាម​ម្ល៉េះ ​ពលរដ្ឋ​ជប៉ុន រូតរះ​ងើប​ពី​ព្រលឹម រង់ចាំ​មើលពន្លឺព្រះ​អាទិត្យ​នៃ​សករាជថ្មី​។ អ្នកខ្លះបានកំណត់​​យក​ថ្ងៃ​ទី១ ខែឧសភា ជា​ថ្ងៃ​សម្រាប់​រៀប​អាពាហ៍​ពិពាហ៍​ទៀត​ផង ។​

នៅរាជធានីតូក្យូ ព្រះ​ចៅអធិរាជថ្មី ណារ៉ុហ៊ីតូ បាន​យាង​ដោយ​រថយន្ត​ពណ៌ខ្មៅ ក្នុង​សម្លៀកបំពាក់​​ប្រពៃណី​ជប៉ុន​ ត្រូវ​បាន​ទទួល​ស្វាគម​ន៍ ​ដោយ​ប្រជា​នុរាស្ត្រ និង​មន្ត្រី​រាជការ​គ្រប់​លំដាប់​​ថ្នាក់ ​យ៉ាង​ច្រើន​កុះករតាម​ដង​ផ្លូវ​ ។ តាម​ដង​វិថី នារីជប៉ុន​ បាន​រង់ចាំ​ចែក​ស្រា​ សាកេ ​ជប៉ុន រាប់​ពាន់​ពែង​ដើម្បី​អបអរ​ថ្ងៃ​សោយរាជ្យ​ របស់​ព្រះចៅ​អធិរាជ​ថ្មី ។

នៅក្នុង​រាជពិធី​ផ្លូវការ ​ដ៏​មាន​ក្បួនខ្នាតរបស់​ជប៉ុន​ ទ្រង់​ ណារ៉ូហ៊ីតូ បាន​ធ្វើ​សេចក្តី​សច្ចាប្រណិធានថា​នឹង​គោរព​តាម​រាជធម្មនុញ្ញ​ជប៉ុន បំពេញ​ករណីយកិច្ច​ជា​និមិត្ត​រូប​នៃ​រាជាណាចក្រ និង​និមិត្ត​រូប​នៃ​ការ​រួបរួម​សាមគ្តី​នៃ​ពលរដ្ឋ​ជប៉ុន ហើយ​ព្រះអង្គ​នឹង​យកព្រះទ័យ​ទុកដាក់ចំពោះ​ប្រជារាស្ត្រ​ និង​គង់​នៅ​ក្បែរ​ប្រជានុរាស្ត្រ​គ្រប់​កាលៈទេសៈ​ជានិច្ច​និរន្តរ៍​ ។ ក្រៅពី​ធ្វើ​សម្បថ​ ​ព្រះចៅ​អធិរាជ​ថ្មីក៏​បាន​រម្លឹក​ពី​គុណូបការៈរបស់​ព្រះ​បិតា អាគីហ៊ីតូ ដែលពុំ​មាន​ព្រះ​វត្តនាម​នៅក្នុង​ពិធី​នោះទេ ។

ចំពោះ​ទ្រង់ ណារ៉ូហ៊ីតូ, បិតា​របស់​ទ្រង់​​ជា​អធិរាជ​ដ៏​មាន​ប្រជាប្រិយភាព និងគួរ​ឲ្យ​ទទួល​បាន​ការ​គោរពពី​ពលរដ្ឋ​ជប៉ុន ដែល​ទ្រង់​បាន​រួមរស់​​សុខទុក្ខ​ ដោយ​ទឹកព្រះទ័យ​​មេត្តា ករុណាធម៌ អស់រយៈ​ពេល​ ៣០វស្សា​មក​នេះ​​។ ពិធី​ឡើង​សោយរាជ្យ​សម្បត្តិ​នៅ​ថ្ងៃទី​១ ខែឧសភា មិន​ត្រឹមតែ​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ ដ៏សម្បើមអស្ចារ្យ​របស់​ជប៉ុនប៉ុណ្ណោះទេ តែ​ពលរដ្ឋ​ជប៉ុន ​ក៏​​បា​នឈប់​សម្រាកពីការងារ​​រយៈ​ពេល​១០ថ្ងៃ​ផង​ដែរ ​៕​​ (ក្យូដូ ថ្ងៃទី១ ខែឧសភា)

Loading...