ក្រសួងការពារជាតិ អំពាវនាវកុំឲ្យភ្ញាក់ផ្អើល និងអះអាងថា ផែនការកំណែទម្រង់កងទ័ពធ្វើឡើងនាពេលអនាគតខាងមុខ

549
Loading...

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ឈុំ សុជាត អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ ដែលបានបញ្ជាក់ប្រាប់បណ្តាញព័ត៌មានក្នុងស្រុកនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩នេះ បានបដិសេធនូវព័ត៌មាន និងពាក្យចចាមអារ៉ាមមួយចំនួនដែលថា ខ្លួនមានគម្រោងទម្លាក់សក្តិនាយទាហាន ក្នុងផែនការកំណែទម្រង់កងទ័ព។ ជាមួយគ្នានេះក្រសួងគ្រប់គ្រងកងទ័ពមួយនេះ បានអំពាវនាវដល់នាយទាហានទាំងអស់ កុំឱ្យមានការភ្ញាក់ផ្អើល ព្រោះផែនការកំណែទម្រង់កងទ័ពនឹងធ្វើឡើងនៅពេលអនាគតខាងមុខ។ 

ការបដិសេធព័ត៌មានចចាមអារ៉ាមអំពីការទម្លាក់សក្តិនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំមួយ ដែលដឹកនាំដោយ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ ដើម្បីបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងលើកទិសដៅបន្តសម្រាប់ខែឧសភា ឆ្នាំ២០១៩ របស់ក្រសួងការពារជាតិ។

នាយឧត្តមសនីយ៍ ឈុំ សុជាត បានបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំនោះ នាយឧត្តមសេនីយ៍ នាង ផាត តំណាងសម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ និង បដិសេធ ចំពោះពាក្យចចាមអារាមដែលថា ក្រសួងការពារជាតិមានគម្រោងទម្លាក់សក្តិ ដែលព័ត៌មាននេះមិនមែនជាការពិតទេ សុំឱ្យនាយទាហានទាំងអស់កុំមានការភ្ញាក់ផ្អើល តាមការបកស្រាយខុសគោលបំណងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងផែនការកែទម្រង់កងយោពលខេមភូមិន្ទ។

«នាយឧត្តមសេនីយ៍ នាង ផាត បានបន្តថា ការកែទម្រង់ឋានន្តសក្តិ ក្នុងកងយោធពលខេមភូមិន្ទ មានផែនការយុទ្ធសាស្រ្តយូរអង្វែងជាជំហានៗ ដើម្បីកសាងកងទ័ពមួយដែលមានគុណភាព និងប្រសិទ្ធភាព ដឹកនាំបញ្ជាឱ្យសមស្រប តាមការវិវឌ្ឍន៍ នៃសភាពការណ៍ជាតិ និងអន្តជាតិ។ មិនមែនកាត់ ឬទម្លាក់សក្តិ ដូចការបកស្រាយភាន់ច្រឡំនោះទេ»។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យ។

គួររំលឹកថា នាថ្មីៗនេះ ព័ត៌មានអំពីការកែទម្រង់ស៊ីជម្រៅទៅលើកងទ័ព ប្រកាសអះអាងដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ តាមការអះអាងរបស់សម្តេចតេជោ គឺនៅថ្ងៃអនាគត សម្រាប់វិស័យកងទ័ព នឹងមានតែនាយទាហានដែលមានឋានន្តរសក្តិផ្កាយ៤ (នាយឧត្តមសេនីយ៍) តែ២រូបប៉ុណ្ណោះ នោះគឺ រដ្ឋមន្រ្តីក្រសួងការពារជាតិ និងអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ៕

Loading...