មន្ត្រីបច្ចេកទេសហែលទឹកចំនួន៥៦រូបចូលរៀនត្រៀមធ្វើម្ចាស់ផ្ទះ

0
108

ភ្នំពេញ៖ វគ្គបណ្ដុះបណ្ដាលមន្ត្រីគណៈកម្មការបច្ចេកទេសកីលាហែលទឹកថ្នាក់ជាតិត្រូវបានបើកឡើងហើយនៅព្រឹកថ្ងៃទី១ឧសភាដែលវគ្គសិក្សានេះឧបត្ថម្ភទាំងស្រុងដោយក្រសួងអប់រំយុវជន និង កីឡា ។

វគ្គនេះមានសិក្ខាកាមចំនួន៥៦រូបមកពីសហព័ន្ធខ្មែរកីឡាហែលទឹក មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា នាយកដ្ឋានអប់រំកាយ និង កីឡាក្រសួងមហាផ្ទៃមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ។

វគ្គនេះបង្រៀនដោយលោក Ang Peng Wee មកពីប្រទេសសឹង្ហបូរីដែលជាមន្ត្រីបច្ចេកទេសរៀបចំការប្រកួតរបស់សហព័ន្ធកីឡាហែលទឹក អាស៊ីអាគ្នេយ៍ ។ លោកនឹងចំណាយពេលបង្រៀននៅកម្ពុជារយៈពេល៤ថ្ងៃពីថ្ងៃទី ១ដល់៤ឧសភា ។

បើតាមការអះអាងពីលោកហែម គិរីអគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកនោះថាវគ្គនេះនឹងសិក្សាលំអិតទៅលើទ្រឹស្ដី វិធីសាស្រ្តរៀបចំការប្រកួត ច្បាប់នៃការប្រកួតរយៈពេល៣ថ្ងៃ គឺមានតែមួយថ្ងៃប៉ុណ្ណោះដែលធ្វើការអនុវត្តន៍ពីនីតិវិធីនានាទាក់ទងទៅនឹងការប្រកួត ។

លោក Ang Peng Weeបញ្ជាក់ថាតាមរយៈវគ្គនេះសហព៧ន្ធខ្មែរកីឡាហែលទឹកនឹងរកឃើញនូវសិក្ខាកាមដែលមានសមត្ថភាពខុសៗគ្នាតែវាមិនជាបញ្ហាឡើយ ។ការងាររៀបចំការប្រកួតមានច្រើនខ្លះពូកែខាងអាជ្ញាកណ្ដាលខ្លះជាចៅក្រម ខ្លះជាអ្នកត្រួតពិនិត្យពីពេលវេលា(នាឡិកា) ខ្លះត្រួតពិនិត្យមើលផ្លូវត្រូវហែលត្រឡប់ក្រោយវិញគឺអ្នកណាចាប់បានលើជំនាញណាឲ្យគេកាន់ជំនាញនោះ ។

កម្ពុជានឹង ធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាហែលទឹក ជ្រើសរើសជើងឯកយុវជនអាស៊ីអាគ្នេយ៍ លើកទី៤៣ ឆ្នាំ២០១៩ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានជាតិ មរតកតេជោ ។នៅក្នុងព្រឹត្តិការណ៍នេះមានវិញ្ញាសាច្រើននឹងរៀបចំជា៣ប្រភេទអាយុគឺអាយុក្រោម១៣ឆ្នាំកុមារា-កុមារី អាយុក្រោម១៥ឆ្នាំកុមារា-កុមារី និងអាយុក្រោម១៨ឆ្នាំកុមារា-កុមារី ។

លោកហែម គីរីបានសំណូមពរឲ្យសិក្ខាកាមទាំងអស់មកសិក្សាឲ្យបានយ៉ាងហោចណាស់៧០ភាគរយនៃពេលវេលាសិក្សារយៈពេល៤ថ្ងៃនេះ ។ លោកព្រមានថាមិនគួរសុំច្បាប់ដោយសាររឿងរវល់នោះទេព្រោះនេះជាពេលសិក្សាដ៏កម្រមួយ ។

Facebook Comments