រដ្ឋបាលខេត្តត្បូងឃ្មុំ បានប្រារព្ធពិធីបិទការងារអធិការកិច្ច កិច្ចការរដ្ឋបាល និងនគរបាល ក្រោយបញ្ចប់ការត្រួតពិនិត្យស្រាវជ្រាវឯកសារពាក់ព័ន្ធ!

0
876

ខេត្តត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩នេះ នៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ បានប្រារព្ធពិធីបិទការងារអធិការកិច្ច កិច្ចការរដ្ឋបាល និងនគរបាលនៅខេត្តត្បូងឃ្មុំ ក្រោងអធិបតីភាព ឯកឧត្តម អង មង្គល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក្នុងនោះ មានការអញ្ជើញចូលរួមពី ឯកឧត្តម ប្រតិភូក្រសួងមហាផ្ទៃ ឯកឧត្តម ក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលស្រុក/ក្រុង មេឃុំ មេភូមិ និងអ្នកពាក់ព័ន្ធយ៉ាងច្រើនកុះករ។
ក្រោយពីបានស្តាប់នូវរបាយការណ៍ ក៏ដូចជាលទ្ធផល ការងារអធិការកិច្ចនៅរដ្ឋបាលខេត្តត្បូងឃ្មុំរួចមក ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោរភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានថ្លែងអំណរគុណចំពោះក្រសួងមហាផ្ទៃ ពិសេសក្រុមការងារចុះធ្វើអធិការកិច្ច នៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ដែលបានគិតគួរយកចិត្តទុកដាក់ក្នុង ការកំណត់គោលដៅធ្វើការសម្ភាសន៍ប្រមូលព័ត៌មាន និងត្រួតពិនិត្យស្រាវជ្រាវឯកសារពាក់ព័ន្ធ ដើម្បីបានជាមូលដ្ឋានគ្រឹះ សម្រាប់ផ្ទៀងផ្ទាត់លទ្ធផលការងារជាក់ស្តែង និងជម្រុញប្រសិទ្ធភាពការងារ បង្កើនការទទួលខុសត្រូវរបស់មន្ត្រីរាជការស៊ីវិល និងនគរបាល នៅរដ្ឋបាលខេត្តត្បូងឃ្មុំ និងរដ្ឋបាលក្រោមឱវាទ ឲ្យកាន់តែល្អប្រសើរសំដៅធានាដល់ដំណើរការកំណែទម្រង់រដ្ឋ ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម អង មង្គល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានលើកសរសើរដល់ នគរបាល និងរដ្ឋបាលខេត្តត្បូងឃ្មុំ ក្នុងការខិតខំប្រឹងប្រែងបំពេញភារកិច្ចការងារដែលថ្នាក់ដឹកនាំ ក្រសួងបានប្រគល់ជូនទទួលបាននូវចំណុចវិជ្ជមានជាច្រើន។ ទន្ទឹមនោះក្រុមការងារ ក៏បានរកឃើញនូវចំណុចអវិជ្ជមានមួយចំនួន ដែលទាមទារឲ្យរដ្ឋបាល ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ អង្គភាពនគរបាល និងអង្គភាពពន្ធនាគារ ដែលជាគោលដៅ អធិការកិច្ចចាំបាច់ត្រូវធ្វើការកែសម្រួលលើចំណុចទាំងនោះ ដែលបានដាក់ជូននៅក្នុងសេចក្តីជូនដំណឹង របស់ក្រសួងមហាផ្ទៃ និងជាឱកាសក្នុងការកែលម្អ និងពង្រឹងប្រព័ន្ធនៃការបំពេញការងារ ក៏ដូចជាការលើកកម្ពស់ប្រសិទ្ធភាព នៃការអនុវត្តតួនាទី ភារកិច្ចឲ្យកាន់តែមានភាពល្អប្រសើរ ក្នុងនាមជាមន្ត្រីរាជការ និងជាអ្នកបម្រើសេវាសាធារណៈ ដើម្បីពង្រឹង និងបង្កើនសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការផ្ទៃក្នុងល្អរវាងមន្ត្រីរាជការ អង្គភាពជុំវិញខេត្ត និងជាពិសេសជំនឿជឿជាក់ពីមជ្ឈដ្ឋានប្រជាពលរដ្ឋទូទៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ហើយត្រូវពង្រឹងសមត្ថភាព និងបង្កើនចំណេះដឹងរបស់មន្ត្រី ដើម្បីធានាបាននូវប្រព័ន្ធអភិបាលកិច្ចល្អមួយ សំដៅកែលម្អឥរិយាបទនៃការបំពេញការងារ ក្នុងនាមជាអ្នកផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព សុច្ចរិតភាព គណនេយ្យភាព និងភាពឆ្លើយតប ។

ក្នុងនោះដែរ ឯកឧត្តម អង មង្គល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ក៏បានប្រគល់នូវ សេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ ជូន ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ឯកឧត្តមបណ្ឌិត អភិបាលនៃគណៈអភិបាលខេត្ត លោកស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត និងម្នាក់មួយច្បាប់ដើម្បីជាទន់សម្រាប់អនុវត្ត និងគ្រប់គ្រងក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀតផងដែរ ៕

Facebook Comments