
បរទេស៖ កាលពីថ្ងៃសៅរ៍ ទី២៧ ខែមេសា គឺជាខួបគម្រប់ ១ឆ្នាំនៃជំនួបកំពូលលើកទី១ រវាងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន និងប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេអ៊ីន កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ ក្នុងស្រុកជាប់ព្រំដែនឈ្មោះ Panmunjom។ ពិធីរម្លឹកខួបមួយនេះ ត្រូវបានកូរ៉េខាងត្បូងរៀបចំកាលពីថ្ងៃសៅរ៍ ទី២៧ ខែមេសា ក្នុងស្រុក Panmunjom ដោយមានមនុស្សចូលរួមប្រមាណ ៥០០នាក់ តែគ្មានវត្តមានលោក មូន ចេអ៊ីន ទេ ។ ចំណែកកូរ៉េខាងជើង មិនត្រឹមតែបដិសេធមិនចូលរួមទេ ថែមទាំងព្រមានពីគ្រោះថ្នាក់ នៃកំណើនសង្រ្គាមទៀតផង ។ ការព្រមាននេះ បានធ្វើឡើងដោយគណៈកម្មាធិការ ដើម្បីការបង្រួបបង្រួមប្រទេសដោយសន្តិវិធី ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ ដែលផ្សព្វផ្សាយដោយទីភ្នាក់ងារសារព័ត៌មានផ្លូវការកូរ៉េខាងជើងឈ្មោះ KCNA ក្រុងព្យងយ៉ាងបានអំពាវនាវទៅក្រុងសេអ៊ូល ឲ្យធ្វើការសកម្មថែមទៀត ដើម្បីបង្កើនទំនាក់ទំនង ។
សេចក្តីប្រកាសព័ត៌មានដដែល បានចោទកូរ៉េខាងត្បូងពីបទ កំពុងបង្កើតឲ្យមានស្ថានការណ៍គ្រោះថ្នាក់ ដែលអាចនឹងទាញស្ថានការណ៍ល្អសព្វថ្ងៃ ឲ្យវិលទៅរកស្ថានការណ៍នៅក្នុងអតីតកាលវិញ ។ នៅក្នុងន័យនេះ ក្រុងព្យុងយ៉ាងបានទម្លាក់ការទទួលខុសត្រូវលើអាមេរិក ដែលបានដាក់សម្ពាធលើកូរ៉េខាងត្បូង ឲ្យដាក់គំនាបលើកូរ៉េខាងជើង ។ គឺនៅក្នុងបរិបទតានតឹងខ្លាំងនារយៈពេលចុងក្រោយនេះ ដែលក្រុង ព្យុងយ៉ាង មិនបានឆ្លើយនឹងការអញ្ជើញរបស់ក្រុង សេអ៊ូល ឲ្យចូលរួមនៅក្នុងពិធីរម្លឹកខួប ១ឆ្នាំនៃជំនួបកំពូលលើកទី១ រវាងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន និងប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចេអ៊ីននៅស្រុកជាប់ព្រំដែនឈ្មោះ Panmunjom កាលពីថ្ងៃសៅរ៍ ទី២៧ ខែមេសា ។ គួររម្លឹកថា គឺនៅតំបន់គ្មានកងទ័ពខ័ណ្ឌចែកកូរ៉េទាំងពីរដែលលោក គីម ជុងអ៊ុន និងលោក មូន ចេអ៊ីន បានជួបគ្នាលើកដំបូងកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨។ មានមនុស្សប្រមាណ ៥០០នាក់ក្នុងនោះមានអ្នកការទូត និងថ្នាក់ដឹកនាំក្នុងជួររដ្ឋាភិបាលកូរ៉េខាងត្បូង បានចូលរួមនៅក្នុងពិធីនោះកាលពីថ្ងៃសៅរ៍ ទី២៧ ខែមេសា ។ លោក មូន ចេអ៊ីន មិនបានទៅចូលរួមផ្ទាល់ទេ តែបានថ្លែងសារតាមវីដេអូមួយដោយបានចាត់ទុកលទ្ធផលសម្រេចបានកន្លងមកថា ជាផ្លូវថ្មីមួយ ដែលកូរ៉េទាំងពីរត្រូវបន្តដើររួមគ្នា ។
គួររម្លឹកថា នៅក្រោយជំនួបលើកទី១ រវាងលោក គីម និងលោក មូន ទំនាក់ទំនងរវាងបងប្អូនបង្កើត នៃគូសត្រូវទាំងពីរមានភាពធូរស្បើយច្រើន ។ ភាពធូរស្បើយក៏មានដែរ រវាងកូរ៉េខាងជើង និងអាមេរិក បន្ទាប់ពីមានជំនួបលើកទី១ ជាប្រវត្តិសាស្រ្តរវាងលោក គីម ជុនអ៊ុន និងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក្នុងខែមិថុនា ឆ្នាំ២០១៨ នៅសិង្ហបុរី ។ តែគេត្រូវទទួលស្គាល់ថា ជម្រៅនៃបញ្ហាដែលទាក់ទងនឹងរឿងនុយក្លេអ៊ែរ ឬគ្រាប់មីស៊ីលកូរ៉េខាងជើង នៅមិនទាន់បានដោះស្រាយនៅឡើយទេ ។ តាំងពីបរាជ័យនៃជំនួបលើកទី២ រវាងលោក គីម និងលោក ត្រាំ ក្នុងខែកុម្ភៈ នៅវៀតណាម នីតិវិធីការទូតហាក់កំពុងជាប់គាំង ហើយកំពុងជំនួសដោយសង្រ្គាមពាក្យសម្តីវិញ ។ ថ្លែងនៅក្នុងសភាប្រជាជននាពេលថ្មីៗនេះ លោក គីម ជុងអ៊ុន មិនញញើតនឹងវាយប្រហារលើកូរ៉េខាងត្បូង ដោយបញ្ជាក់ថា កូរ៉េខាងត្បូងមិនគួរតាំងខ្លួន ជាអ្នកសម្របសម្រួលជាអន្តរការី និងជាអ្នកអន្តរាគមន៍រវាងអាមេរិក និងកូរ៉េខាងជើងឡើយ ៕ (KCNA ថ្ងៃទី29 ខែមេសា)