មីស៊ីល​រុស្ស៊ី ​នៅវ៉េណេហ្ស៊ុយអេឡា ​បង្កភាព​តានតឹង​សម្រាប់​ស.រ.អា.​បន្ថែម​ទៀត

0
109

បរទេស៖ ក្រុម​អ្នក​វិភាគ​វិស័យ​ការពារ​ជាតិ ​នៅអាមេរិក រុស្ស៊ី និងអាមេរិកឡាទីនបានឱ្យដឹង​ថា​ ទាហាន​រុស្ស៊ី​ដែល​បញ្ជូន​តាម​យន្ត​ហោះ​ចូល​ប្រទេស ​វ៉េណេហ្ស៊ុយអេឡា​ ប៉ុន្មាន​សប្តាហ៍​មុន​នេះ ​ទំនង​ជាទៅដើម្បីធ្វើ​ឲ្យ​ប្រាកដ​ថា ​មីស៊ីល​ S-300 ​របស់​ប្រទេស​នេះ​ នៅតែ​អាច​ទប់​ទល់​សកម្មភាព​យោធា​អាមេរិក​ ប្រឆាំង​នឹង​រដ្ឋាភិបាល​សង្គមនិយម របស់​ប្រធានាធិបតី​លោក នីកូឡាស់ ម៉ាឌូរ៉ូ ។

អ្នក​វិភាគ​ថា ​ទាហាន​រុស្ស៊ី ​ដែល​បាន​មក​ដល់ ​វ៉េណេហ្ស៊ុយអេឡា​ កាលពី​ចុង​ខែ​មីនា រួមមាន​អ្នក​ឯកទេស​ការពារ​ដែន​អាកាស​ ដោយ​មាន​ជំនាញ​ចាំបាច់​ដើម្បី​បញ្ជាក់​ថា ​មីស៊ីល​ដែល​មាន​ចំណាស់​មួយ​ទសវត្សរ៍​នេះ នៅតែ​អាច​បាញ់​បាន​ ទោះ​បី​ជា​ហេដ្ឋា​រចនាសម្ព័ន្ធរបស់​វ៉េណេហ្ស៊ុយអេឡា​ទន់​ខ្សោយ​ និង​ដាច់ភ្លើង​ញឹកញាប់​ក៏​ដោយ ។​

រដ្ឋាភិបាល ​វ៉េណេហ្ស៊ុយអេឡា​ បាន​បង្ហាញ​មីស៊ីល ​S-300​ ក្នុង​ក្បួន​យោធា​ ហើយ​មន្ត្រី​ក្រសួង​ការពារជាតិ​អាមេរិក​ និង​អតីត​បុគ្គលិក​យោធា ​វ៉េណេហ្ស៊ុយអេឡា ​បាន​បញ្ជាក់​អំពី​វត្តមាន​មីស៊ីល​ទាំង​នេះ ។​ ប៉ុន្តែ​មាន​ព័ត៌មាន​លម្អិត​តិចតួច​ណាស់ អំពី​ស្ថានភាព​ដំណើរការ​ ឬ​ការ​ដាក់​ពង្រាយ​មីស៊ីល​ទាំងនេះ។

​អ្នក​ឯកទេស​ផ្នែក​ការពារ​ជាតិ​នៅ​ក្នុង​តំបន់ ​និង​យោង​តាម​រូបភាពពី​ផ្កាយរណបដែល​ទទួល​បាន ​ដោយ​ក្រុម​ហ៊ុន ​អ៊ីស្រាអែល​ឈ្មោះ​ Image Sat បានឲ្យដឹងថា ​យ៉ាង​ហោច​ណាស់​មីស៊ីល​ S-300​ ចំនួន ​៤គ្រឿង​ត្រូវបាន​បំពាក់​អាគុយ​នៅ​តំបន់​ផ្សេងៗ​នៃ​ប្រទេស​វ៉េណហ្ស៊ុយអេឡា​ ក្នុងពេល​ប៉ុន្មាន​ខែ​ថ្មីៗនេះ ​ដើម្បី​ការពារ​មូលដ្ឋាន​យោធា​សំខាន់ៗ​ និង​មជ្ឈមណ្ឌល​រដ្ឋាភិបាល៕ (AFP ថ្ងៃទី៣០ ខែមេសា)

Facebook Comments