ប្រធានាធិបតី ​ឥណ្ឌូនេស៊ី​ សម្រេច​ប្ដូរ​ទីតាំង​រដ្ឋធានី​

236
Loading...

បរទេស៖ ប្រធានាធិបតី​ឥណ្ឌូនេស៊ី​លោក Joko Widodo បាន​សម្រេច​ប្ដូរ​ទីតាំង​រដ្ឋធានី ​ប្រទេស​ឥណ្ឌូនេស៊ី​ចេញ​ពី​កោះ​ជ្វា ដែល​ជា​កោះ​សម្បូរ​មនុស្ស​រស់នៅ​ច្រើន​កុះករ ប៉ុន្តែ​មិន​ទាន់​សម្រេច​អំពី​ទីតាំង​ថ្មី ​ដែល​ត្រូវ​ប្ដូរ​រដ្ឋធានី​​នៅ​ឡើយ​ទេ ។

ការ​សម្រេច​របស់​លោក Widodo ​បាន​ធ្វើ​ឡើង​ក្នុង​រយៈពេល​មិន​ដល់​ពីរ​សប្ដាហ៍​ផង បន្ទាប់ពី​ក្រុមហ៊ុន​ស្ទង់​មតិ​ឯកជន​មួយ​ចំនួន​ បាន​បញ្ជាក់​ថា លោក Widodo បាន​ឈ្នះ​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​កាល​ពី​ថ្ងៃ​ទី១៧ ខែ​មេសា​កន្លង​ទៅ​នេះ ទោះបីជា​លទ្ធផល​បោះ​ឆ្នោតជា​ផ្លូវការ​នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ទី២២ ខែ​ឧសភា​ខាង​មុខ​នេះ​ក៏​ដោយ ។

រដ្ឋមន្ត្រី​ក្រសួង​ផែនការ​លោក Bambang Brodjonegoro បាន​បញ្ជាក់​នៅ​ក្នុង​សន្និសីទ​កាសែត ​បន្ទាប់ពី​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​បាន​បញ្ចប់​ទៅ​ថា៖ «លោក​ប្រធានាធិបតី ​បាន​សម្រេច​ប្ដូរ​ទីតាំង​រដ្ឋធានី​ចេញ​ពី​កោះ​ជ្វា គឺ​ជា​ការ​សម្រេច​ដ៏​សំខាន់​មួយ» ។ លោក Brodjonegoro បាន​បន្ថែម​ថា រដ្ឋាភិបាល​មិន​ទាន់​សម្រេច​ជ្រើសរើស​ទីតាំង​ថ្មី​នៅ​ឡើយ​ទេ ប៉ុន្តែ​កំពុង​សម្លឹង​មើល​លើ​ទីតាំង​នៅ​ភាគ​ខាង​កើត​ប្រទេស ។

នៅ​ពេល​បើក​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី លោក​ប្រធានាធិបតី Widodo បាន​សង្កត់ធ្ងន់​អំពី ​តម្រូវការ​នៃ​ការ​ពិចារណា​ថ្មី​អំពី​អនាគត ។ លោក​និយាយ​ដូច្នេះ​ថា៖ «យើង​ចង់​គិត​តាម​បែប​ទស្សនវិស័យ​វែង​ឆ្ងាយ ​សម្រាប់​ការ​វិវឌ្ឍ​ទៅ​មុខ​របស់​ប្រទេស​ឥណ្ឌូនេស៊ី ហើយ​ការ​ប្ដូរ​ទីតាំង​រដ្ឋធានី​តម្រូវ​ឲ្យ​មាន​ការ​រៀបចំ​ឲ្យ​បាន​ហ្មត់ចត់ និង​គ្រប់​ជ្រុងជ្រោយ» ។

រដ្ឋធានី ​ហ្សាកាតា ​បច្ចុប្បន្ន​របស់​ប្រទេស​ឥណ្ឌូនេស៊ី ​មាន​ប្រជាជន​ជាង ១០លាន​នាក់​រស់នៅ ប៉ុន្តែ​ប្រជាជន​ប្រហែល ៣០លាន​នាក់ ដែល​រស់នៅ​ជុំវិញ​ទីក្រុង​ ហ្សាកាតា ​នេះ ​បាន​បន្ថែម​បន្ទុក​ដល់​ភាព​កក​ស្ទះ​ ដ៏​ណែនណាន់​តាន់តាប់​រួច​ស្រេច​ទៅ​ហើយ​របស់​ទីក្រុង​នេះ ៕ (RT ថ្ងៃទី៣០ ខែមេសា)

Loading...