IMF ​ថា ទណ្ឌកម្ម​របស់​ស.រ.អា.​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​អ៊ីរ៉ង់​ធ្លាក់​ចុះ និង​អតិផរណា​កើន​ឡើង

803
Loading...

បរទេស៖ អង្គការ​រូបិយវត្ថុ​អន្តរជាតិ IMF បាន​ព្យាករណ៍​ថា សេដ្ឋកិច្ច​របស់​ប្រទេស​អ៊ីរ៉ង់​នឹង​ធ្លាក់​ចុះ ៦ភាគរយនៅ​ឆ្នាំ​នេះ ដោយសារតែ​ប្រឈម​ជាមួយ​នឹង​ការ​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក ។

នៅ​ក្នុង​របាយការណ៍​មួយ​ ដែល​បាន​ចេញ​ផ្សាយ​កាលពីថ្ងៃ​ចន្ទ​ អង្គការ IMF បាន​បញ្ជាក់​ថា ការ​ព្យាករណ៍​របស់​ខ្លួន​សម្រាប់​ប្រទេស​អ៊ីរ៉ង់ ដែល​ក្នុង​នោះ​ភាព​ដែល​អាច​កើត​មាន​នូវ​អតិផរណា​ជាង ៤០ភាគរយ​ផង​ដែរ គឺ​បាន​កើត​ឡើង​មុន​ពេល​សហរដ្ឋ​អាមេរិក ​សម្រេច​បញ្ចប់​ការ​លើកលែង​ទណ្ឌកម្ម ​លើ​បណ្ដា​ប្រទេស​មួយ​ចំនួន ​ដែល​ទិញ​ប្រេង​ពី​ប្រទេស​អ៊ីរ៉ង់ ។ រដ្ឋបាល​របស់​ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ គ្រោង​នឹង​បញ្ចប់​ជា​ផ្លូវការ​នូវ​ការ​លើកលែង​ទណ្ឌកម្ម​នេះ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ខាង​មុខនេះ សហរដ្ឋ​អាមេរិក​បាន​លើកលែង​ទណ្ឌកម្ម ​ដល់​ប្រទេស​សំខាន់ៗ​ដែល​ទិញ​ប្រេង​ពី​អ៊ីរ៉ង់ ដូចជា​ប្រទេស​ចិន ឥណ្ឌា ជប៉ុន តួកគី និង​កូរ៉េ​ខាង​ត្បូង​ជា​ដើម ដោយ​អនុញ្ញាត​ឲ្យ​ប្រទេស​ទាំង​នោះ​ បន្ត​ទិញ​ប្រេង​ពី​អ៊ីរ៉ង់ ទោះបីជា​មាន​ការ​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​អ៊ីរ៉ង់ ​ដែល​បាន​ចូល​ជា​ធរមាន​កាល​ពី​ឆ្នាំ​មុន​ក៏​ដោយ ។

សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា ខ្លួន​ចង់​ឲ្យ​អ៊ីរ៉ង់​បាត់បង់​ចំណូល​ប្រចាំ​ឆ្នាំ​ ដែល​បាន​មក​ពី​ប្រេង​ចំនួន ៥០ពាន់​លាន​ដុល្លារ ដើម្បី​ដាក់​សម្ពាធ​លើ​អ៊ីរ៉ង់ ​ឲ្យ​បញ្ចប់​កម្មវិធី​នុយក្លេអ៊ែរ និង​មីស៊ីល​របស់​ខ្លួន ។

សេតវិមាន​បាន​បញ្ជាក់​ថា ខ្លួន​កំពុង​សហការ​ជាមួយ​​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត និង​អេមីរ៉ាត​អារ៉ាប់​រួម ដែល​ជា​ប្រទេស​នាំ​ចេញ​ប្រេង​កំពូលៗ​នៅ​លើ​ពិភពលោក ដើម្បី​ធានា​ថា​ មាន​ការ​ផ្គត់ផ្គង់​ប្រេង​ឲ្យបាន​គ្រប់គ្រាន់​នៅ​លើ​ពិភពលោក ។

រដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់​លោក Mohammad Javad Zarif បាន​បញ្ជាក់​នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ ​ដែល​បាន​ចាក់​ផ្សាយ​នៅ​លើ​កម្មវិធី​ទូរទស្សន៍ Fox News Sunday ថា សហរដ្ឋ​អាមេរិក​កំពុង​ព្យាយាម «បំផ្លាញ​ប្រទេស​អ៊ីរ៉ង់» និង​ទម្លាក់​រដ្ឋាភិបាល​អ៊ីរ៉ង់ ដោយ​ការ​ព្យាយាម​រារាំង​ការ​ធ្វើ​ពាណិជ្ជកម្ម​ប្រេង​​របស់​អ៊ីរ៉ង់ នៅលើទីផ្សារពិភពលោក៕ (Fox News ថ្ងៃទី៣០ ខែមេសា)

Loading...