រថយន្ត Prius មួយគ្រឿង បើកបុករថយន្តស្ទូចពីក្រោយ បណ្តាលឲ្យ​រថយន្តខ្ទេចផ្នែកខាងមុខយ៉ាងដំណំ

0
533

ភ្នំពេញៈ  បុរសម្នាក់ បានរងរបួសដៃស្តាំម្ខាងធ្ងន់​ បន្ទាប់ពីបើករថយន្ត TOYOTA PRIUS មួយគ្រឿង ទៅបុកពីក្រោយរថយន្តស្ទូចមួយគ្រឿងចតស្ងៀមតាមផ្លូវពេញទំហឹង បណ្តាលឲ្យរថយន្តឆេះជាអណ្តើងភ្លើង ត្រូវបានប្រជាពលរដ្ឋនៅក្បែរកន្លែង កើតហេតុជួយយកដីខ្សាច់បាចអោយរលត់ទៅវិញ។

គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩៖៤០នាទីយប់ថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០១៩ ស្ថិតតាមបណ្តោយផ្លូវបេតុងថ្មីមួយកន្លែង មុខផ្សារខេសី ខាងជើងវត្តតាំងកសាង(ប្រមាណជាង២០០ម៉ែត្រ) ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ក្រុងភ្នំពេញ។

មុនកើតហេតុគេឃើញបុរសម្នាក់បើកស្ទូចម៉ាកហ៊ី​យ៉ានដាយ មួយគ្រឿង ក្បាលពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ 3B-4745 ធ្វើដំណើរទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ បានឈប់រថយន្តតាមអែបចិញ្ចើ​មផ្លូវ ដោយមិនបានដាក់អ្វីជាសញ្ញាសម្គាល់  ឬភ្លើងសុំផ្លូវនោះទេ មួយសន្ទុះក្រោយមក ស្រាប់តែមានរថយន្ត TOYOTA PRIUS មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2V-1505 បើកបរដោយបុរសម្នាក់ មកពីក្រោយ ស្របទិសដៅគ្នា បាន​បុកពីក្រោយពេញទំហឹង បណ្តាលឲ្យ​រថយន្តខ្ទេចផ្នែកខាងមុខយ៉ាងដំណំ ចំណែកម្ចាស់រថយន្តបានរងរបួសធ្ងន់ ត្រូវបានប្រជាពលរដ្ឋបានទាក់ទងទៅរថយន្តសង្គ្រោះបន្ទាន់គ្លីនិកឯកជន រស្មី មកដឹកយកទៅសង្គ្រោះភ្លាមៗ។

ដោយ​ឡែក​រថយន្តបានហុយផ្សែងឆេះចេញជាអណ្តាតភ្លើង តែត្រូវបានប្រពលរដ្ឋនាំគ្នាយកដីខ្សាច់មកបាចលើ ឲ្យ​រលត់ទៅវិញភ្លាមៗដែរ។ ចំណែក​អ្នកបើកបររថយន្តស្ទូចបានឡើងបញ្ឆេះរថយន្តបើកភ្លើងជាសញ្ញា រួចទុករថយន្តចោលគេចខ្លួនបាត់ស្រមោល  ៕

Facebook Comments